រឿង​ដ៏គួរឱ្យចាប់អារម្មណ៍​ជាច្រើន​ដែល​អ្នកមិនដឹង ជុំវិញ​ការលិចកប៉ាល់ទិតានិច

  • 2020-09-08 08:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧបទ្ទវហេតុលិចកប៉ាល់ទិតានិច នៅ​មហាសមុទ្រអាត្លង់ទិច ក្នុងពេល​ធ្វើដំណើរពីអង់គ្លេស ទៅ​អាមេរិក នាខែមេសា ឆ្នាំ១៩១២ នៅតែដិតជាប់​ពី​មនុស្ស​ជាច្រើន​លើ​ពិភពលោក​រហូតមកដល់​ពេលនេះ។ ក្រោយហេតុការណ៍​នេះ គឺមានការសរសេរ​បោះពុម្ពជាសៀវភៅ ថតជារឿងកុន និង​ការស្រាវជ្រាវ​ពីកប៉ាល់នេះជាដើម ក្នុងនោះមាន​រឿង​ជាច្រើន​ដែល​លោកអ្នក​ប្រហែល​ជាមិន​ដឹងឡើយ ជុំវិញការលិចកប៉ាល់នេះ។ សូមមើលខាងក្រោម៖

-កប៉ាល់ទិតានិច បានលិចចូលសមុទ្រ បន្ទាប់ពីបាន​បុកជាមួយ​ដុំទឹកកកដ៏ធំមួយ​។ មនុស្សជាង ១៥០០នាក់ ក្នុងចំណោម​អ្នកដំណើរជាង ២២០០នាក់នៅលើកប៉ាល់ បានបាត់បង់ជីវិត។

-៧៣ឆ្នាំក្រោយមក គឺនៅខែកញ្ញា ឆ្នាំ១៩៨៥ ទើបបំណែក​នៃកប៉ាល់នេះ ត្រូវបានគេរកឃើញ។

-តន្រ្តីករ​ម្នាក់នៅលើកប៉ាល់ ឈ្មោះ Roger Bricoux ទើបតែត្រូវបានប្រកាស​ថាបានស្លាប់​ក្នុងហេតុការណ៍លិចកប៉ាល់នេះ នៅឆ្នាំ ២០០០។

-តន្រី្តករ​ទាំងអស់​លើ​កប៉ាល់ បាន​លេង​ភ្លេងជុំគ្នា រហូត​ដល់ដំណាក់កាល​ចុងក្រោយនៃការ​លិចកប៉ាល់ទាំងស្រុង។

-មន្រ្តីនាវិក​លើកប៉ាល់ ពេល​ផ្លាស់ប្តូរគ្នាប្រចាំការ អត់បាន​ប្រគល់សោសម្រាប់ចាក់យកកែវយឹត ឱ្យគ្នាឡើយ ជាហេតុ​ធ្វើឱ្យនាវិកមិនអាចមើលឃើញឆ្ងាយ និងទាន់​ពេលវេលា ដែល​បណ្តាលឱ្យកប៉ាល់ បុកផ្ទាំងទឹកកក។ គេបាន​ដឹងថា កប៉ាល់​បាន​បុកភ្លាមៗ ក្រោយ​នាវិក​បាន​ឃើញ​ដុំទឹកកកនោះត្រឹម ៣៧វិនាទីប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ​២០១០ សោនេះ ត្រូវបានដាក់បង្ហាញ​ក្នុងការដេញថ្លៃមួយ ដែលលក់បាន​ជាង ១៣ម៉ឺនដុល្លារ។

-មន្រ្តីនាវិក​ដែលបាន​ឃើញ​ដុំទឹកកកនោះ មានឈ្មោះថា Frederick Fleet។ គាត់​ជាអ្នករស់រាន​ពីការលិច​កប៉ាល់​នេះ​ ប៉ុន្តែគាត់​បែរជាស្លាប់​ដោយការធ្វើអត្តឃាត​ក្នុងឆ្នាំ ១៩៦៥ បន្ទាប់ពី​ប្រពន្ធរបស់គាត់​បានស្លាប់។

-មានមនុស្ស ៨នាក់បានស្លាប់​រួចមកហើយ ក្នុងពេល​សាងសង់កប៉ាល់នេះ។

-ក្នុងចំណោម​អ្នកស្លាប់​ដោយការលិចកប៉ាល់នេះ ក៏មាន​រូបលោក John Jacob Astor IV ដែល​ជាអ្នកមានបំផុត​ក្នុងចំណោម​អ្នកដំណើរទាំងអស់លើកប៉ាល់។ យ៉ាងណាមិញ ក្នុងពេលនោះ លោកក៏ត្រូវបានគេជឿជាក់ដែរថា ជាអ្នក​មាន​បំផុត​ក្នុងពិភពលោក​ផងដែរ ដែលមានទ្រព្យសម្បត្តិ ១៥០លានដុល្លារ (តម្លៃបច្ចុប្បន្នប្រហែល ៣,៥ពាន់លានដុល្លារ)។ ក្នុងពេល​ស្រង់​សាកសពរបស់គាត់ គេបាន​រកឃើញ​លុយ ២៤៤០ដុល្លារ​ក្នុងហោប៉ៅរបស់គាត់ (បច្ចប្បន្នតម្លៃវាស្មើ ៦ម៉ឺនដុល្លារ)។

-កាសែតធំៗមួយចំនួន រួមមានទាំង Daily Mail និង Belfast Telegraph បាន​ផ្សាយច្រលំថា ឧបទ្ទវហេតុលិចកប៉ាល់នេះ គ្មាន​អ្នកស្លាប់ឡើយ។

-ស្រ្តីជាគ្រូពេទ្យម្នាក់​ឈ្មោះ Violet Jessop ដែលនៅ​រស់រានពីការលិចកប៉ាល់ទិតានិច គឺថែមទាំងបាននៅរស់រាន​ពីការលិចកប៉ាល់មួយទៀតឈ្មោះ Britannica ឬ Titanic 2 ក្នុងឆ្នាំ១៩១៦ បន្ទាប់ពីកប៉ាល់​នេះ​បានឆ្លងកាត់​មីនបណ្តែតទឹករបស់អាល្លឺម៉ង់។ ប៉ុន្តែលើកនេះ គាត់មានគ្រោះថ្នាក់ដល់ក្បាលធ្ងន់ធ្ងរ ដែល​ជះឥទ្ធិពល​ដល់ការរស់នៅ​ពេញមួយជីវិត។

-មានពាក្យចចាមអារ៉ាមថា មានបុរសមួយចំនួន បានស្លៀកសម្លៀកបំពាក់បន្លំ​ជាស្រ្តី ដើម្បីបានជិះទូកតូច គេចចេញពីកប៉ាល់ទិតានិច ព្រោះពេលនោះកាពីទែនកប៉ាល់ បាន​បញ្ជាឱ្យតែស្រ្តី និងកុមារ មានសិទ្ធិ​អាទិភាព​ជិះទូកតូច ដែលបាន​ដាក់សាគួរ ពេលមាន​អាសន្ន។ ហើយរឿងនេះ ធ្វើឱ្យប្តីប្រពន្ធមួយគូ បានលែងលះគ្នាផងដែរ។

-រឿងប្រលោមលោកមួយមានចំណងជើងថា «Futility» ដោយក្នុងសាច់រឿង​នេះ ហាក់ដូចជាបានទស្សន៍ទាយទុកមុនពីការលិចកប៉ាល់ទីតានិច។ រឿងប្រលោមលោកនេះ ត្រូវបាន​និពន្ធដោយជនជាតិអាមេរិកម្នាក់ឈ្មោះ Morgan Robertson និងចេញផ្សាយ​ក្នុងឆ្នាំ ១៨៩៨ ពោលគឺមុន ១៤ឆ្នាំនៃការលិចកប៉ាល់នេះ។

-នាវាអាមេរិក SS Californian ត្រូវគេដឹងថា ស្ថិតនៅជិតកប៉ាល់ទិតានិចជាងគេបំផុត ពេលកំពុងលិច ប៉ុន្តែបែរជាមកជួយ​មិនទាន់។ ៣ឆ្នាំក្រោយពីការលិចកប៉ាល់ទិតានិច នាវាអាមេរិកនេះ ក៏បានលិចផងដែរ ដោយត្រូវគ្រាប់ផ្លោងរបស់ទ័ព​​អាល្លឺម៉ង់ ក្នុងឆ្នាំ​១៩១៥។

-Rhoda Mary Abott ជាស្រ្តីតែម្នាក់គត់​ដែល​នៅរស់រានមានជីវិត បន្ទាប់ពីលិចចូលសមុទ្រ​ជាមួយកប៉ាល់។ គាត់បានលិច​ចូល​ជាមួយកូនប្រុស២នាក់ ប៉ុន្តែកូនប្រុសទាំង២បានស្លាប់។ Abott ត្រូវបាន​ទាញសង្គ្រោះឡើងមកលើទូកតូច ដោយ​ក្រុមនាវិកនៃកប៉ាល់ទិតានិច។

-បំណែក​កប៉ាល់ទាំងមូល ត្រូវគេសន្និដ្ឋានថា នឹងរលាយបាត់ទាំងស្រុងត្រឹមឆ្នាំ២០៣០ ដោយ​សារវាត្រូវស៊ីដោយពពួកបាក់តេរី។

-លោក Charles Joughin ដែលជាចុងភៅមួយរូបនៅលើកប៉ាល់​ទិតានិច អាច​ទ្រាំយូរ​ក្នុងការត្រាំ​ទឹកដ៏ត្រជាក់នៃមហាសមុទ្រអាត្លង់ទិក (ប្រហែល ២ម៉ោង) ពោលគឺ​យូរ​ជាងអ្នកផ្សេងទៀត ដោយ​សារគាត់​បានផឹកស្រាវីស្គី អស់២ដប ពេល​កប៉ាល់កំពុងលិច។

-ក្នុងចំណោម ១៥០០នាក់ ដែលបានស្លាប់​ក្នុងឧបទ្ទវហេតុនេះ គឺមានតែសាកសព​ ៣០០នាក់​ប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញ។ ហើយក្នុងនោះទៀតសោត មានសាកសពក្មេង១នាក់ ដែលគេនៅតែមិនស្គាល់អត្តសញ្ញាណរហូតមកដល់ពេលនេះ។ ផ្នូរសាកសពនោះ ត្រូវបានគេដាក់ថា «Unkown Child»។

-អ្នករស់រាន​ពីការលិចកប៉ាល់ទិតានិច ឈ្មោះ Millvina Dean គឺបានស្លាប់ចុងក្រោយគេបំផុត​នៅក្នុងឆ្នាំ ២០០៩ ក្នុងអាយុ ៩៧ឆ្នាំ ដោយពេលមាន​ឧបទ្ទវហេតុនោះ គឺគាត់​មានអាយុត្រឹមតែ ២ខែប៉ុណ្ណោះ។

-មានមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះដែលមាន​ភ័ព្វសំណាង​គេចផុតពីឧបទ្ទវហេតុនេះ ពោលគឺទិញសំបុត្រហើយ តែមិនបានឡើងជិះកប៉ាល់ទិតានិច។ ក្នុងនោះមានដូចជាឈ្មោះ Milton Hershey, J.P. Morgan និង Guglielmo Marconi ជាដើម៕

ប្រភព៖ Insider ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;