រាងកាយ​ប្រែប្រួល​ដូច​របៀប​ទាំង​នេះ គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន!

  • 2020-09-11 06:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កើត​ជា​មនុស្ស​គឺ​ជៀស​មិន​ផុត​ឡើយ​ពី​ជំងឺ​ជា​ច្រើន​ប្រភេទ គឺ​គ្រាន់​តែ​ជំងឺ​ខ្លះ​យើង​អាច​ដឹង​មុន ហើយ​ទៅ​ព្យាបាល​ទាន់​ពេល​វេលា ហើយ​ជំងឺ​​ខ្លះ​គឺ​វិវឌ្ឍ​បន្តិច​ម្ដងៗ ដោយ​យើង​មិន​បាន​ចាប់​អារម្មណ៍​​នឹក​ស្មាន​ដល់។ ខាង​ក្រោម​នេះ​គឺ​បម្រែ​បម្រួល​រាងកាយ​ចំនួន​១០ ដែល​អាច​បង្ក​ជា​ផល​ប៉ះពាល់​​ចំពោះ​សុខភាព បើ​មិន​ចាត់​វិធានការ​បង្ការ​ជា​មុន​នោះ​ទេ៖

១. ការ​ស្ងួត​ប្រេះ​បបូរ​មាត់

បើ​កាល​ណា​អ្នក​មាន​ការ​ប្រេះ​​ស្បែក​​នៅ​ត្រង់​មាត់ នោះ​វា​បង្ហាញ​ពី​កង្វះ​វីតាមីន B, A និង E នៅ​ក្នុង​រាងកាយ។ ហើយ​ប្រសិន​អ្នក​ថែម​ទាំង​មាន​ភ្នែក​ស្ងួត មាត់​ស្ងួត​គ្រើម ហើយ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ នោះ​គួរ​ប្រញាប់​ទៅ​រក​​គ្រូ​ពេទ្យ ពី​ព្រោះ​វា​ជា​រោគសញ្ញា​នៃ​ជំងឺ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង ឬ​ហៅ​ថា "Sjögren syndrome"។

២. ជ្រុះ​រោម​ចិញ្ចើម

ក្នុង​លក្ខខណ្ឌ​ដែល​ជ្រុះ​រោម​ចិញ្ចើម​ម្ដង​ម្កាល​​គឺ​ជា​រឿង​ធម្មតា។ ប៉ុន្តែ​បើ​អ្នក​ជ្រុះ​រោម​ចិញ្ចើម​ច្រើន ហើយ​​មាន​​កន្លែង​ខ្លះ​ជ្រុះ​ទាល់​តែ​គ្មាន​សល់​មួយ​សរសៃ នោះ​​វា​​បង្ក​ឡើង​ដោយសារ​បញ្ហា​សុខភាព​ហើយ គួរ​ប្រញាប់​ទៅ​រក​គ្រូ​ពេទ្យ។ នេះ​អាច​បណ្ដាល​​​មក​ពី​សកម្មភាព​ផលិត​របស់​ក្រពេញ​ទីរ៉ូអ៊ីត​មិន​គ្រប់​គ្រាន់ ឬ​ក៏​ច្រើន​ជ្រុល​ពេក។

៣. បញ្ហា​ក្រចក

កាលណា​បើ​ក្រចក​ប្រែ​ប្រួល​រូបរាង​ឬ​ក៏​ពណ៌ ច្បាស់​ណាស់​វា​បង្ហាញ​ពី​​សញ្ញា​អាសន្ន​នៃ​សុខភាព​អ្នក​ហើយ។ ក្រចក​ស្ដើង ហើយ​ស្លេក អាច​​​ប្រាប់​ពី​អាការៈ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ និង​សារធាតុ​ដែក​នៅ​ក្នុង​រាងកាយ។ ប៉ុន្តែ​បើ​ក្រចក​ឡើង​លឿង វា​​​ឲ្យ​សញ្ញា​ពី​បញ្ហា​ថ្លើម ជំងឺ​រលាក​ក្រពះ ឬ​ការ​ឆ្លង​មេរោគ​ផ្សិត។ ហើយ​​ពេល​ក្រចក​ឡើង​​ស្នាម​អុជៗ ឬ​ឆ្នូត បង្ហាញ​ពី​កង្វះ​សារធាតុ​ស័ង្កសី ស្ពាន់ និង​អ៊ីយ៉ូត។ ដោយ​ឡែក​នៅ​ពេល​ក្រចក​ងាយ​​ផុយ​បាក់ នោះ​​ជា​សញ្ញា​កង្វះ​ខាត​នៃ​វីតាមីន កាល់ស្យូម ជាតិ​ដែក និង​សារធាតុ beta-carotene។

៤. បបូរ​មាត់​ស្លេក​ស្លាំង

ការ​​ប្រែប្រួល​នេះ​អាច​បណ្ដាល​មក​ពី​​កត្តា​ជំងឺ​ផ្សេងៗ​គ្នា។ បើ​នៅ​ចុង​ខាង​ក្រោម​​បបូរ​មាត់​ឡើង​ហើម ហើយ​មាន​ពង​តូចៗ វា​បង្ហាញ​ថា​អ្នក​ងាយ​រង​ផល​ប៉ះពាល់​ពី​កាំ​រស្មី​ UV (ដំណោះស្រាយ​គឺ​កុំ​សូវ​ដើរ​ហាល​ថ្ងៃ​​ច្រើន ឬ​ក៏​ត្រូវ​​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ)។ ប៉ុន្តែ​បើ​រោគ​សញ្ញា​ដដែល​នេះ​កើត​នៅ​ចំ​ផ្នែក​កណ្ដាល​នៃ​បបូរ​មាត់​វិញ វា​បង្ហាញ​ថា​អ្នក​កំពុង​ទទួល​រង​ផល​ប៉ះពាល់​នៃ​ការ​លូតលាស់​ខួរ​ក្បាល។ ដោយឡែក បើ​ហើម​ខ្លាំង ហើយ​ឡើង​ក្រហម​ពេញ​មួយ​បបូរ​មាត់ បង្ហាញ​ថា​ពី​ប្រតិកម្ម​នៃ​អាឡែស៊ី​ស្បែក ដែល​នេះ​អាច​បង្ក​ឡើង​ដោយ​គ្រឿង​សម្អាង ឬ​ប្រភេទ​ថ្នាំ​ដុស​ធ្មេញ​របស់​អ្នក។

៥. មុខ​ឡើង​ក្រហម

ត្រង់​ចំណុច​នេះ​​គឺ​មិន​រាប់​បញ្ចូល​មុខ​ក្រហម​នៅ​ពេល​ប្រែប្រួល​អាកាសធាតុ ពេល​​ម៉ាស្សា ឬ​​ផឹក​គ្រឿង​ស្រវឹង​ឡើយ។ ការ​ឡើង​ក្រហម​នៅ​មុខ​អាច​មាន​មូលហេតុ​៣​ធំៗ។ ទី១​គឺ​ស្ត្រី​ក្រោយ​អាយុ​៤០​ឆ្នាំ វា​បង្ហាញ​ពី​ការ​ថយ​ចុះ​នៃ​កម្រិត​អ័រម៉ូន​មុន​នឹង​ឈាន​ទៅ​ដល់​ការ​អស់​រដូវ។ ទី​២​គឺ​សំដៅ​លើ​អ្នក​កើត​ជំងឺ​មុខ​ក្រហម​ដែល​គេ​ហៅ​ថា "Demodicosis"។ ទី​៣​គឺ​ឡើង​ក្រហម​មុខ​ ហើយ​មាន​អាការៈ​វិល​មុខ នោះ​បង្ហាញ​ពី​ការ​ប្រែប្រួល​ខុស​ប្រក្រតី​នៃ​សម្ពាធ​ឈាម។

៦. កែង​ជើង​ស្ងួត

រោគ​សញ្ញា​នេះ​បង្ក​ឡើង​ដោយ​សារ​កង្វះ​ខាត​នៃ​វីតាមីន A និង E។ ជួន​កាល​ទៀត​ វា​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ផ្សិត។ បើ​កែង​ជើង​ឡើង​ប្រេះ និង​​មាន​ពណ៌​លឿងៗ ហើយ​ប្រើប្រាស់​ផលិតផល​ស្បែក​នៅ​តែ​មិន​ជា នោះ​វា​បង្ហាញ​ពី​​បញ្ហា​ក្រពេញ​នៅ​ក្នុង​រាងកាយ។

៧. ប្រអប់​ដៃ និង​ស្បែក​ស្ងួត

ជា​ធម្មតា​ឲ្យ​តែ​ខែ​រងារ នោះ​ស្បែក​យើង​នឹង​ឡើង​ស្ងួត ហើយ​គ្រាន់​តែ​ប្រើប្រាស់​ផលិតផល​ថែ​រក្សា​សម្រស់​មួយ​ចំនួន​នោះ​វា​នឹង​បាត់​ទៅ​វិញ។ ប៉ុន្តែ​ក្នុង​ករណី​​ស្បែក​ស្ងួត​គ្រប់​ពេល ហើយ​លាប​អ្វី​មិន​បាត់ នោះ​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ឬ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត។

៨. ប្រអប់​ជើង​ខូច​ទ្រង់ទ្រាយ

កត្តា​នេះ​ច្រើន​តែ​កើត​ឡើង​ចំពោះ​ស្ត្រី​ភេទ ព្រោះ​ពួក​គេ​ឧស្សាហ៍​ពាក់​ស្បែក​កែង​ខ្ពស់។

៩. ស្នាម​អុជ​សៗ​នៅ​លើ​ធ្មេញ

រោគ​សញ្ញា​នេះ​កើត​ឡើង​ដោយសារ​តែ​ការ​ប្រើប្រាស់​ផលិតផល ឬ​ទឹក​ដែល​មាន​សារធាតុ Flourine ច្រើន​ពេក។ បើ​ក្នុង​ករណី​ស្រាល វា​គ្រាន់​តែ​បង្ក​ជា​បញ្ហា​ស្នាម​អុជ​សៗ​នៅ​លើ​ធ្មេញ តែ​បើ​ធ្ងន់ធ្ងរ​វិញ វា​នឹង​​ឆាប់​ធ្វើ​ឲ្យ​ធ្មេញ​ពុក​ផុយងាយ​បាក់។

១០. ជ្រុះ​សក់

ប្រសិន​ជា​សក់​អ្នក​ជ្រុះ​ច្រើន​ខុស​ពី​ធម្មតា​ខ្លាំង វា​​បង្កប់​នូវ​រោគ​សញ្ញា​ជំងឺ​ជា​ច្រើន​ប្រភេទ​​ដូចជា ការ​ឆ្លង​មេរោគ​ស្បែក ជំងឺ​ក្រពេញ​ដំណើរ​ការ​ខុស​ប្រក្រតី និង​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង ជា​ដើម។ សម្រាប់​បញ្ហា​នេះ គួរ​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;