មកដឹងពី​ល្បឿនអតិបរមា លើផ្លូវជាតិលេខ៣ ដែលមាន ៤គន្លង ខណ្ឌដោយ​សួនច្បារនៅកណ្តាល

  • 2020-09-11 01:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា គម្រោង​សាងសង់ផ្លូវជាតិលេខ៣ សម្រេចបាន ៨០%ហើយ មកដល់ពេលនេះ ក្រុមហ៊ុនកំពុងសាងសង់សួនចែកទ្រូងផ្លូវ និងស្ពានរំលងផ្លូវ។ ផ្លូវនេះត្រូវបានសាងសង់ឡើងតាមបទដ្ឋានអន្តរជាតិ សម្រាប់ល្បឿនអតិបរមា ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០២០ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពសាងសង់ស្ពានរំលងផ្លូវជាតិលេខ៣ និងវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣។ បេសកកម្មនេះធ្វើឡើងដើម្បីពិនិត្យលក្ខណៈបច្ចេកទេសសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវជាតិលេខ៣ ស្ពានរំលងផ្លូវជាតិលេខ៣ និងវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣ ក៏ដូចជាដើម្បីជួយសម្របសម្រួលនិងដោះស្រាយបញ្ហាមួយចំនួនដែលរាំងស្ទះដល់ការសាងសង់របស់ក្រុមហ៊ុនផងដែរ។

លោក​រដ្ឋលេខាធិការបានឱ្យដឹងថា ការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវនេះមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានរំលេចនូវសោភណ្ឌភាពដងផ្លូវផងដែរ ហើយតាមលក្ខណៈបច្ចេកទេសការសាងសង់សួនច្បារចែកទ្រូងផ្លូវ គឺត្រូវរក្សាចន្លោះទ្រូងផ្លូវត្រង់ចំណុចដែលមានផ្លូវធំឆ្លងកាត់ និងទីតាំងដែលមានការឆ្លងកាត់ច្រើន តែត្រូវរក្សាគម្លាតពីចន្លោះមួយទៅចន្លោះមួយទៀតពី១,៥គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រនៅក្រៅទីប្រជុំជន និងចន្លោះពី៤០០ម៉ែត្រ ទៅ៧០០ម៉ែត្រនៅក្នុងទីប្រជុំជន។

លោក ខាន់ ម៉ាណេរ បានសង្កត់ធ្ងន់ថា ការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវមិនស្របតាមលក្ខណៈបច្ចេកទេសគឺជាបច្ច័យនាំឱ្យល្បឿននៃការបើកបរថយចុះ បង្កការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យខាតបង់ទ្រព្យសម្បតិ្ត ពិការ ឬបាត់បង់មនុស្សជាទីស្រឡាញ់របស់គ្រួសារ និងងាយធ្លាក់ចូលទៅក្នុងអន្ទាក់នៃភាពក្រីក្រជាដើម។

លោករដ្ឋលេខាធិការបានបង្ហាញថា ផ្លូវជាតិលេខបី (ពិសេសកំណាត់ផ្លូវពីចោមចៅ ទៅបែកគុស) គឺជាភូមិសាស្ត្រមានការអភិវឌ្ឍខ្លាំង បច្ចុប្បន្នកំណាត់ផ្លូវនេះអមដោយឧស្សាហកម្មរោងចក្រ សហគ្រាសតូចៗ និងមធ្យម ទីផ្សារ សាលារៀន និងវត្តអារាម ធ្វើឱ្យមានចរាចរណ៍មមាញឹកជារៀងរាល់ថ្ងៃ។

តាមរយៈកំណើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋ នៅថ្ងៃអនាគតតំបន់នេះនឹងក្លាយទៅជាទីប្រជុំជនដ៏ធំមួយ ដែលរាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យស្របតាមលក្ខណៈបច្ចេកទេស កំណើនយានយន្ត និងកំណើនប្រជាពលរដ្ឋ និងចក្ខុវិស័យរបស់ខ្លួន ជៀសវាងផលវិបាកនានាដែលអាចកើតមាននៅពេលកំណើនប្រជាពលរដ្ឋកាន់តែកើនឡើងនៅតំបន់នេះ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;