រដ្ឋមន្រ្តី៖ ខេត្ត២នេះ​អំណោយផល​លើ​អេកូទេសចរណ៍ កសិទេសចរណ៍ និង​ទេសចរណ៍ជនបទ

  • 2020-09-22 02:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ បាន​ថ្លែងឱ្យដឹងថា ខេត្តសៀមរាប និងកំពង់ធំ គឺ​មានអំណោយផលច្រើនបំផុត​សម្រាប់​ការវិនិយោគ​លើវិស័យអេកូទេសចរណ៍ កសិទេសចរណ៍ និង​ទេសចរណ៍​ជនបទ ពិសេស​ការកសាង​ខ្សែក្រវាត់​បៃតង។ លោកបានជម្រាបដូច្នេះ ទៅកាន់​លោក Nabeshima Katsuhito អគ្គនាយក​ក្រុមហ៊ុន Yamato Green Co., Ltd ក្នុងជំនួបគ្នាមួយ នៅទីស្តីការ​ក្រសួង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២០។

ជាមួយគ្នានេះ លោក ថោង ខុន ចង់ឱ្យ​ក្រុមហ៊ុន​ពិចារណា​លើការ​វិនិយោគ​អភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្តទាំងនេះ បន្ទាប់ពីបាន​វិនិយោគ​នៅបាត់ដំបង និងខេត្តមណ្ឌលគីរី។ ម្យ៉ាងទៀត ក្រុមហ៊ុនគប្បីកសាងឱ្យបានគំរូមួយក្នុងខេត្តនីមួយៗមុននឹងពង្រីកទៅខេត្តដទៃ។

លោក​រដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្នុងបរិបទកូវីដ-១៩នេះ វិស័យអេកូទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ កំពុងត្រូវបានសកលលោកយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តយ៉ាងខ្លាំង។

​ក្នុងជំនួបនេះដែរ លោក​អគ្គនាយក​ក្រុមហ៊ុន បានលើកឡើងថា ក្រុមហ៊ុន​លោក​នឹង​ធ្វើឱ្យផលិតផលកសិកម្ម​របស់​កម្ពុជា​ក្លាយទៅ​ជា «កសិទេសចរណ៍» ហើយ​ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចទទួលទានអាហារ ដែលមានស្រាប់នៅតាមតំបន់ទេសចរណ៍នីមួយៗ ប្រកបដោយសុវត្ថិភាព។ ជាងនេះទៅទៀត ភ្ញៀវទេសចរក៏អាចចូលរួមទស្សនាបច្ចេកទេសនៃការដាំដុះ និងថែទាំបានដោយផ្ទាល់ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនជប៉ុននេះ បាន​នឹង​កំពុង​ទទួល​បានភាព​ជោគជ័យ និងមាន​ភាពល្បីល្បាញណាស់​ដែរ នៅក្នុងការអភិវឌ្ឍវិស័យកសិទេសចរណ៍ និងវិស័យអេកូទេសចរណ៍ នៅខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី។ ដោយសារកត្តានេះហើយ ទើបជំរុញឱ្យក្រុមហ៊ុនមានគម្រោងអភិវឌ្ឍន៍ថ្មីជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺខ្សែក្រវាត់បៃតងខាងលើនេះឯង៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;