រកឃើញមនុស្ស ៣៦នាក់ ដែលបានទាក់ទងជាមួយបុរសហុងគ្រីផ្ទុកកូវីដ នៅខេត្តសៀមរាប
- 2020-09-29 06:40:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញមនុស្ស ៣៦នាក់ ដែលបានទាក់ទងជាមួយបុរសហុងគ្រីផ្ទុកកូវីដ នៅខេត្តសៀមរាប
ចន្លោះមិនឃើញ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រសួងបានរកឃើញមនុស្ស ៣៦នាក់ ដែលមានការពាក់ព័ន្ធជាមួយនឹងបុរសជនជាតិហុងគ្រីផ្ទុកជំងឺកូវីដ១៩ បន្ទាប់ពីអ្នកជំងឺរូបនេះ បានរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័ក ក្នុងខេត្តសៀមរាប កាលពីចុងសប្តាហ៍កន្លងទៅ។ លោកស្រីបានបញ្ជាក់ដូច្នេះ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
ក្រសួងបានយកវត្ថុសំណាកមនុស្សទាំង៣៦នាក់ទៅវិភាគ ក្នុងនោះភាគច្រើនគឺសុទ្ធតែអវិជ្ជមាន ហើយអ្នកនៅសល់ប៉ុន្មានទៀតត្រូវបានធ្វើតេស្តជាបន្តបន្ទាប់។ ក្នុងចំណោមអ្នកពាក់ព័ន្ធទាំងនេះ មានដូចជា ភរិយារបស់គាត់ អ្នកបើកឡានតាក់ស៊ី និងម៉ូតូកង់បីឱ្យគាត់ បុគ្គលិកធនាគារ និងអ្នកលក់ផ្ទាំងគំនូរឱ្យគាត់ជាដើម។
លោកស្រីបញ្ជាក់ថា ទោះជាអ្នកពាក់ព័ន្ធមានលទ្ធផលអវិជ្ជមានកូវីដ១៩ក៏ដោយ ប៉ុន្តែនៅតែតម្រូវឱ្យពួកគេធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀតផងដែរ ដើម្បីតាមដានសុខភាពបន្ថែមទៀត។
សូមជម្រាបថា បុរសជនជាតិហុងគ្រី អាយុ ៧០ឆ្នាំម្នាក់ រស់នៅក្រុងសៀមរាប ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩។ ក្នុងអំឡុងពេលគាត់ធ្វើចត្តាឡីស័ក គាត់បានរត់គេចចេញ ដោយពេលនោះក្រសួងសុខាភិបាល បានព្រមានថា អាចនឹងមានហានិភ័យឆ្លងចូលសហគមន៍។ គាត់ត្រូវបានគេរកឃើញវិញនៅប្រហែលម៉ោង ៩ព្រឹកថ្ងៃទី២៦កញ្ញា ដោយសម្ងំក្នុងផ្ទះវីឡាមួយកន្លែង នៅក្រុងសៀមរាប៕
ចុចអានបន្ថែម៖ បុរសជនជាតិហុងគ្រី នៅខេត្តសៀមរាប មានផ្ទុកជំងឺកូវីដ១៩