គួរ​ប្រុង​ប្រយ័ត្ន! អ្នក​ដុះ​ក្បាល​ពោះ​ងាយ​ប្រឈម​នឹង​បញ្ហា​៥​ដ៏​គ្រោះថ្នាក់​នេះ​ណាស់

  • 2020-10-01 01:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដុះ​ក្បាល​ពោះ​មិន​មែន​ជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​​ប្រាថ្នា​ចង់​បាន​នោះ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ដែល​កំពុង​កើត​ឡើង​យ៉ាង​សន្សឹមៗ។ បើ​យោង​តាម​ការ​បកស្រាយ​របស់​វេជ្ជបណ្ឌិត​ជំនាញ បាន​ឲ្យ​ដឹង​ថា ការ​ដុះ​ក្បាល​ពោះ​មាន​បញ្ហា​ប្រឈម​ធំៗ​ចំនួន ៥ ដូច​ខាង​ក្រោម៖

១. ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម

ការ​ដុះ​ក្បាល​ពោះ​នឹង​ធ្វើ​​ឲ្យ​​​ថ្លើម​របស់​អ្នក​ត្រូវ​រុំ​ព័ទ្ធ​ដោយ​ខ្លាញ់​ជុំ​ជិត។ កត្តា​នេះ​​នឹង​បង្អាក់​ដំណើរការ​បម្លែង​ជាតិ​ស្ករ​នៅ​ក្នុង​រាងកាយ ដែល​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ស្ទះ​នៅ​ក្នុង​ប្រព័ន្ធ​លំហូរ​ឈាម។ ការ​កើន​ឡើង​ជាតិ​ស្ករ​យូរៗ​ទៅ​នឹង​បង្ក​កើត​ជា​ជំងឺ​ទឹក​នោម​ផ្អែម។

២. កើត​មាន​បញ្ហា​​ច្រើន​លើ​ប្រព័ន្ធ​រំលាយ​អាហារ

ចង្កេះ​ម៉ាប់ៗ ក្បាល​ពោះ​ធំ ជា​កត្តា​ជំរុញ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​​កើត​មាន​បញ្ហា​​លើ​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ។ ហើយ​បើ​កាល​ណា​អ្នក​មាន​បញ្ហា​​ការ​រំលាយ​អាហារ នោះ​អ្នក​នឹង​ងាយ​កើត​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ជាច្រើន​ដូចជា ជំងឺ​បេះដូង ទឹក​នោម​ផ្អែម និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ជា​ដើម។

៣. ប្រឈម​នឹង​ជំងឺ​មហារីក

ផ្អែក​លើ​ការ​សិក្សា​មួយ​របស់​សកល​វិទ្យាល័យ Michigan State របស់​សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា មាន​ប្រូតេអ៊ីន​មួយ​ប្រភេទ​ត្រូវ​បាន​បញ្ចេញ​ពី​ខ្លាញ់​ក្បាលពោះ ហើយ​វា​អាច​ប្រែ​ក្លាយ​កោសិកា​មិន​មែន​ជា​មហារីក​ឲ្យ​ក្លាយ​ជា​កោសិកា​មហារីក​បាន។

៤. រងគ្រោះ​ដោយសារ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង

ការ​សិក្សា​មួយ​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា មាន​កោសិកា​ខ្លាញ់​ម្យ៉ាង​នៅ​ក្នុង​ពោះ​​អាច​បង្កើត​​ជា​ប្រូតេអ៊ីន​ប៉ុន្មាន​ប្រភេទ ដែល​អាច​ធ្វើ​ឲ្យ​​សរសៃ​ឈាម​រាំង​ស្ទះ ហើយ​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​ខ្ពស់​ខុស​ប្រក្រតី។ បន្ថែម​ពី​នេះ វា​ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​ងាយ​រង​គ្រោះ​ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ជំងឺ​គាំង​បេះដូង​ ជា​ដើម។

៥. កើត​មាន​ជំងឺ​វង្វេង

ស្ត្រី​ដែល​មាន​ក្បាល​ពោះ​ធំ​មាន​អត្រា​ភាគរយ​ខ្ពស់​ដល់​ទៅ​គុណ​នឹង​៣​ចំពោះ​ការ​កើត​មាន​ជំងឺ​វង្វេង​ភ្លេចភ្លាំង៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;