អំពី​ការ​យាង​ចេញ​ពី​វាំង​ម្ដងៗ​របស់​ស្ដេច​ខ្មែរ​បុរាណ ដែល​អ្នក​មិន​ធ្លាប់ដឹង

  • 2020-10-01 06:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​កំណត់​​ត្រា​របស់​លោក ជីវ តាក្វាន់ ដែល​​មាន​ចំណង​ជើង​ថា "ប្រពៃណី​នៃ​អ្នក​ស្រុក​ចេនឡា" ត្រង់​ចំណុច​ទី​៤០ មាន​ការ​លើក​ឡើង​មួយ​អំពី​ការ​យាង​ចេញ​នៃ​ព្រះ​មហាក្សត្រ​ខ្មែរ​បុរាណ​ដូច​ខាង​ក្រោម៖

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

"ខ្ញុំ​បាន​ឮ​គេ​និយាយ​ថា​ស្ដេច​អង្គ​មុន​មិន​ដែល​យាង​ចេញ​ទៅ​ណា​ទេ ព្រោះ​ខ្លាច​មាន​រឿង​ហេតុ។ ស្ដេច​អង្គ​ថ្មី​នេះ​ត្រូវ​ជា​សុណិសា​ស្ដេច​មុន។ កាល​ពី​ដើម​លោក​មាន​ឋានៈ​ជា​មេទ័ព។ បិតា​ក្មេក​នោះ​សព្វ​ព្រះទ័យ​នឹង​បុត្រី​ព្រះ​អង្គ​ណាស់​បាន​ជា​កូន​ស្រី​នេះ​លួច​យក​ព្រះ​ខ័ន​មាស​បាន ហើយ​យក​ទៅ​ឲ្យ​ប្ដី​របស់​ព្រះ​នាង។ បុត្រា​បង្កើត​ក៏​មិន​បាន​ទទួល​រាជ្យស្នង​ក៏​លើកទៅ​វាយ​ដណ្ដើម​រាជ្យ តែ​ត្រូវ​ស្ដេច​ថ្មី​ជ្រាប​ការ​ទាន់​ចាប់​បាន​យក​ទៅ​កាត់​ម្រាម​ជើង ហើយ​យក​ទៅ​ដាក់​គុក​ងងឹត។ ស្ដេច​ថ្មី​នេះ​មាន​ពាក់​អាវក្រោះ​ដែក​ទោះ​បី​គេ​ប្រើ​កាំបិត ឬ​ព្រួញ​ក៏​មិន​អាច​មុត​បាន​ដែរ ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​ហ៊ាន​យាង​ចេញ​ក្រៅ។ ខ្ញុំ​បាន​ទៅ​ទីនោះ​ជាង​មួយ​ឆ្នាំ​បាន​ឃើញ​ព្រះ​អង្គ​យាង​ចេញ​មក​បួន-ប្រាំ​ដង។ ការ​យាង​ចេញ​មក​ម្ដង​ណា​តែង​មាន​ទ័ព​នៅ​ការពារ​ពី​ខាង​មុខ​មាន​អ្នក​កាន់​ទង់​ជ័យ​និង​មាន​តន្ត្រី​នៅ​ពី​ក្រោយ។ ស្រីស្នំ​បួន-ប្រាំ​នាក់​ស្លៀក​សំពត់​ផ្កា​សៀត​ផ្កា​នៅ​សក់​ក្បាល ដៃ​កាន់​ទៀន​ធំ​ដើរ​ជាមួយ​ក្រុមៗ។ ទោះ​បី​នៅ​ថ្ងៃ​ភ្លឺ​ក្រឡែត​ក្ដី ក៏​គេ​អុជ​ទៀន​ដែរ។ នៅ​ក្នុង​ចំណោម​ស្រីស្នំ​ទាំង​នោះ មាន​ខ្លះ​កាន់​គ្រឿង​មាន​ដូចជា​ភាជន៍​មាស និង​គ្រឿង​បិទ​បាំង​ជា​ច្រើន​ផ្សេងៗ​ពី​គ្នា មិន​ដឹង​ជា​គេ​យក​ទៅ​ប្រើ​ការ​អ្វី​​ខ្លះ​ឡើយ។ នៅ​មាន​ស្រី​ស្នំ​ខ្លះ​ទៀត​កាន់​ស្ន​លំពែង ខែល​ជា​ទ័ព​នៅ​ខាង​ក្នុង​មួយ​ក្រុម​ទៀត​ផង មាន​រទេះ​ទឹម​ពពែ និង​រទេះ​ទឹម​សេះ​ដែល​មាន​តាក់តែង​ដោយ​គ្រឿង​មាស​បរ​ដង្ហែ​ដែរ។

ពួក​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី និង​ ពួក​ញាតិ​វង្ស​សុទ្ធ​តែ​ជិះ​ដំរី​នៅ​ខាង​មុខ បើ​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​សុទ្ធ​តែ​ក្លស់​ពណ៌​ក្រហម​ឥត​គណនា។ បន្ទាប់​មក​ទើប​ដល់​ព្រះ​មហេសី​ធំ-តូច ឮ​តាម​លំដាប់​ថ្នាក់​ជិះ​​អង្រឹង​ស្នែង ជិះ​រទេះ​សេះ​ឬ​ជិះ​ដំរី មាន​ក្លស់​បើក​បាំង​មិន​តិច​ជាង​មួយ​រយ​ទេ។ បន្ទាប់​មក​ទៀត​ទើប​ដល់​ព្រះ​រាជា​ទ្រង់​ឈរ​នៅ​លើ​ខ្នង​ដំរី ព្រះ​ហត្ថ​កាន់​ព្រះ​ខ័ន​ទិព្វ។ ភ្លុក​ដំរី​ព្រះ​ទីនាំង​មាន​ពាក់​ចង្កំ​មាស។ មាន​ក្លស់​ស (ស្វេតច្ឆត្រ) ចំនួន​២០​ដ៏​មាន​ស៊ុម​មាស​បើក​បាំង​ជុំ​ព្រះ​អង្គ ដែល​មាន​សុទ្ធ​តែ​ជា​ក្លស់​ដង​មាស​នៅ​ជុំវិញ​ព្រះ​អង្គ​មាន​ទ័ព​ដំរី​ប្រដាប់​ដោយ​អាវុធ​ជា​គ្រឿង​ការពារ។ បើ​ប្រសិន​បើ​ជា​ស្ដេច​យាង​ទៅ​ទីណា​ជិត​ទេ ទ្រង់​គង់​នៅ​លើ​គ្រែ​ស្នែង (ព្រះ​វរ) ហើយ​អ្នក​សែង​សុទ្ធ​តែ​ស្រីៗ​ស្នំ។ សឹង​តែ​រាល់​ដង កាល​ណា​ស្ដេច​យាង​ចេញ​​ដំណើរ តែង​តែ​មាន​រូប​​ស្ដូប​តូច​មួយ ហើយ​​ពី​មុខ​នេះ​មាន​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​ផង​សែង​ពី​មុខ​ព្រះ​រាជា។ បណ្ដា​ជន​ដែល​នៅ​តាម​ដង​ផ្លូវ​ត្រូវ​សំពះ​លុត​ជង្គង់​ក្រាប​ក្បាល​ដល់​ដី ដែល​គេ​ហៅ​ថា សាំប៉ា (សំពះ) បើ​ពុំ​ដូច្នោះ​ទេ​នឹង​ត្រូវ​ចោទ​ថា​មើល​ងាយ​ព្រះ​ចេស្ដា ហើយ​នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ឃុំ​ចោល​ឥត​ដោះ​លែង​ឡើយ។

ក្នុង​មួយ​ថ្ងៃ ព្រះ​រាជា​ទ្រង់​កិច្ចការ​រដ្ឋ​ពីរ​លើក​គឺ​ទទួល​សវនាការ​ពី​រដ្ឋមន្ត្រី និង​រាស្ត្រ ប៉ុន្តែ​គ្មាន​បញ្ជី​កត់​កំណត់​ចំនួន​មនុស្ស​និង​កិច្ច​ការ​នោះ​ទេ។ បើ​មន្ត្រី ឬ​រាស្ត្រ​ណា​ចង់​ចូល​គាល់ ត្រូវតែ​ចូល​ទៅ​អង្គុយ​បត់​ជើង​នឹង​ដី​រង់ចាំ​ជា​មុន។ មួយ​សន្ទុះ​ក្រោយ​មក​ទើប​គេ​ឮ​សូរ​សម្លេង​តន្ត្រី​រងំ​ពី​ខាង​ក្នុង។ អ្នក​នៅ​ខាង​ក្រៅ​ផ្លុំ​ស័ង្ខ​តប​ទៅ​វិញ។ ខ្ញុំ​ឮ​គេ​ថា​បើ​​ប្រើ​តែ​ទីនាំង​គ្រែ​ស្នែង​មាស (ព្រះ​វរ​មាស) ទេ​បើ​គ្រាន់​តែ​យាង​ជិតៗ។ បន្តិច​មក​គេ​ឃើញ​ស្រី​ស្នំ​ពីរ​នាក់​រូត​វាំងនន​ព្រះ​វរ​នោះ​ឡើង​ក៏​លេច​​ឃើញ​ស្ដេច​គង់​ឈរ​កាន់​ព្រះ​ខ័ន​នៅ​ក្នុង​ស៊ុម​មាស​ជា​ទីព្រះទែន​គង់​ប្រថាប់។ ពេល​នោះ​ទាំង​​មន្ត្រី ទាំង​រាស្ត្រ​សុទ្ធ​តែ​ឱន​ក្បាល​សំពះ លុះ​ត្រា​តែ​ផុត​សំឡេង​ស័ង្ខ​ដែល​ជា​សញ្ញា​ឲ្យ​ងើប​មុខ​ឡើង​ទើប​ហ៊ាន​ងើប​ព្រម​គ្នា។ ស្ដេច​ក៏​គង់​ប្រថាប់​ដែរ។ ព្រះ​ទែន​នោះ​ក្រាល​ដោយ​ស្បែក​សត្វ​សឹង្ហ​ដែល​ជា​កេរ្តិ៍​តំណ​មក​ច្រើន​ស្ដេច​ហើយ។ លុះ​ទ្រង់​ប្រាស្រ័យ​ការ​ចប់​ហើយ ស្ដេច​យាង​ចូល​វិញ​ដោយ​មាន​ស្រី​ស្នំ​ពីរ​នាក់​រូត​រនាំង​បិទ​ដូច​ដើម​អ្នក​ទាំង​អស់​គ្នា​ក៏​ក្រោក​ឈរ ហើយ​អែបៗ​ខ្លួន​ទៅ​កៀន​រៀង​ខ្លួន​ទៅ។ ពិត​មែន​តែ​ស្រុក​នេះ​មិន​សូវ​ស៊ីវិល័យ តែ​គេ​ស្គាល់​ច្បាប់​ទម្លាប់​គោរព​ព្រះ​មហាក្សត្រ"។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​១២៩៦ បេសកទូត​ជនជាតិ​ចិន​មួយ​រូប​​ឈ្មោះ ជីវ តាក្វាន់ (ZHOU DAGUAN: 1266-1346) បាន​មក​ធ្វើ​​ទស្សនកិច្ច​នៅ​រាជធានី​អង្គរ ហើយ​លោក​បាន​កត់​ត្រា​ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​សម័យ​នោះ។ កំណត់​ត្រា​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា៖ "ប្រពៃណី​នៃ​អ្នក​ស្រុក​ចេនឡា" បាន​ក្លាយ​​ជា​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​យ៉ាង​សំខាន់​មួយ​សម្រាប់​កម្ពុជា។ ដោយ​យល់​ឃើញ​ពី​សារៈ​សំខាន់​របស់​ឯកសារ​នេះ​ទើប​នា​ឆ្នាំ​១៩៧៣ លោក លី ធាមតេង បាន​ព្យាយាម​បកប្រែ​ឯកសារ​នេះ​មក​ជា​ភាសា​ខ្មែរ ដើម្បី​ទុក​ជា​ឯកសារ​គោល​សំខាន់​មួយ សម្រាប់​ឲ្យ​ជនជាតិ​ខ្មែរ​យល់​ពី​កំណត់​ត្រា​របស់​ជនជាតិ​ចិន​រូប​នេះ៕

ដក​ស្រង់​ចេញ​ពី​ឯកសារ "លី ធាមតេង៖ កំណត់​ហេតុ​របស់​ជីវតាក្វាន់​អំពី​ប្រពៃណី​នៃ​អ្នក​ស្រុក​ចេនឡា ឆ្នាំ​១៩៧៣"

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;