នេះជាទីតាំង ដែលភ្នាក់ងារ FBI និងនគរបាលកម្ពុជា នឹងធ្វើប្រតិបត្តិការរួមគ្នា

  • 2020-10-14 07:53:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមការងារ​ Task​ Forceដែល​ជា​ក្រុមការងារ​រួម​ បង្កើត​ឡើង​ដោយ​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ​ (FBI)​ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នឹង​មាន​ទីតាំង​ប្រតិបត្តិការ​រួម​ នៅ​ក្នុង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នា​ពេល​ខាង​មុខ​នេះ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោកឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្​គស្នងការ​រង​ និង​ជា​អ្នកនាំពាក្យ​អគ្គ​ស្នង​ដ្ឋា​ន​ការ​នគរបាល​ជាតិ​ ប្រាប់​បណ្តាញ​ព័ត៌មាន​ នៅ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២០​នេះ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ក្រុមការងារ​ «Task​ Force»​ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​អនុស្សា​រណៈ​ នៃ​ការ​យោគយល់​គ្នា​រវាង​កម្ពុជា​-​អា​មេ​រិ​ក​ ស្តី​ពី​ កិច្ច​សហប្រតិបត្តិការ​ ក្នុង​ការ​ពង្រឹង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ កាលពី​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៩​ អំឡុង​ពេល​ លោកនាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​។

ពិធីចុះអនុស្សារណ: (MOU)​ នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ លោក​ Christopher​ Wray​ នាយក​ការិយាល័យ​ FBI​ លោកនាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​ នគរបាល​ជាតិ​កម្ពុជា​ និង​លោក នាយ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គនាយក​អន្តោប្រវេសន៍​ នៃ​ក្រសួងមហាផ្ទៃ​ នៅ​រដ្ឋធានី​ វ៉ា​ស៊ី​ន​តោន​ តាម​ការ​ផ្តួចផ្តើម​របស់​សហរដ្ឋអាមេរិក​ ។

​ ​លោកឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ បាន​បញ្ជាក់​ថា​ «​ការ​បង្កើត​ក្រុមការងារ​ ត្រូវ​មាន​ទីតាំង​មួយ​ដើម្បី​ប្រតិបត្តិការ​ ហើយ​ទីតាំង​នោះ​មិនមែន​ជា​ការិយាល័យ​ទេ​ គ្រាន់តែ​ជា​ការ​រៀប​ពុ​យ​រ៉ូ​ សម្រាប់​ក្រុមការងារ​ធ្វើការ​»​។​ លោក​បានបញ្ជាក់​ថា​ Task​ Force​ នេះ​ មាន​សមាសភាព​តំណាង​មក​ពី​ FBI​ តំណាង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​តំណាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ផង​ដែរ​ ដែល​មាន​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឧក្រិដ្ឋ​ឆ្លង​ដែន​។​

​ស្ថាប័ន​ FBI​ មាន​មោទនភាព​ ដែល​មាន​ទំនាក់ទំនង​ដ៏​ប្រពៃ​ និង​យូរអង្វែង​ ជាមួយ​ដៃគូ​នគរបាល​អនុវត្ត​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ អ្នកនាំពាក្យ​ទីភ្នាក់ងារ​ ស៊ើបអង្កេត​សហព័ន្ធ​ (FBI)​ របស់​សហរដ្ឋអាមេរិក​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ កាលពី​ខែមេសា​ ឆ្នាំ​២០១៩​។​

​កាលពី​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​បំពាក់​មេដាយ​សហ​មេត្រី​ ថ្នាក់​សេនា​ ជូន​ដល់​មន្ត្រី​ FBI​ សហរដ្ឋ​អាមេរិក​ ដែល​មាន​ស្នាដៃ​ល្អ​ ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ លើ​វិស័យ​ការពារ​សន្តិសុខ​សុវត្ថិភាព​នេះ​ផង​ដែរ​។​

​មេដាយ​សហ​មេត្រី​ថ្នាក់​សេនា​ មាន​ចំនួន​២​គ្រឿង​ ដែល​ត្រូវ​បំពាក់​ដល់​មន្ត្រី​ FBI​ សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ។​ មន្ត្រី​ FBI​ ទាំង​២​រូប​ ដែល​ទទួល​បានការ​បំពាក់​មេដាយ​ គឺ​លោក​ John​ D.​ Wilson​ ដែល​ជា​សេនានុព័ន្ធ​ផ្នែក​ច្បាប់​ FBI​ និង​លោក​ Sean​ L.​ Yan​ សេនានុព័ន្ធ​រង​ផ្នែក​ច្បាប់​ FBI​។​

​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ថ្លែង​កត់សម្គាល់​៣​ចំណុច​ នៃ​ជោគជ័យ​កិច្ច​សហប្រតិបត្តិការ​រវាង​ FBI​ ជាមួយ​នគរបាល​ជាតិ​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​បទល្មើស​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ រួម​មាន​៖

ទី​១៖​ កិច្ច​សហប្រតិបត្តិការ​ ក្នុង​ការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ ជា​ពិសេស​ការ​ទប់ស្កាត់​អំពើ​អានា​ចា​រ្យ​រំលោភ​ផ្លូវភេទ​លើ​កុមារ​ និង​ករណី​មួយ​ចំនួន​ទៀត​ ដែល​មាន​យ៉ាង​ហោច​ប្រមាណ​១០​ករណី​

ទី​២៖​ FBI​ បាន​ជួយ​ក្នុង​ការ​បណ្តុះបណ្តាល​ធនធាន​សមត្ថភាព​ដល់​នគរបាល​ជាតិ​កម្ពុជា​

ទី​៣៖​ FBI​ បាន​ជួយ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​ និង​ឧបករណ៍​បច្ចេកទេស​ ក្នុង​ការ​បញ្ចូល​មុខសញ្ញា​ ទៅ​ក្នុង​ទិន្នន័យ​កុំព្យូទ័រ​ បាន​ជាង​១​ម៉ឺន​នាក់​ផង​ដែរ​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទថ្មី
;