ពពួកសត្វពានរ ៣ប្រភេទនៅកម្ពុជា កំពុងទទួលរងការគំរាមកំហែងជិតផុតពូជ

  • 2020-10-26 08:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាននិងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាសូមប្រកាសថា បច្ចុប្បន្ន ក្តីបារម្ភរបស់ ក្រុមអភិរក្សអំពីការវិនាសផុតពូជនៃប្រភេទសត្វពានរបានថយចុះ ដោយសារតែចំនួនប្រភេទពពួកពានរ ៣ ប្រភេទរួមមានស្វាកន្ទុយស ទោចថ្ពាល់លឿង និងស្វាក្តាម និងជ្រូកព្រៃមានចំនួនថេរ និងចំនួនពានរមួយប្រភេទទៀតគឺស្វាត្រោសកំពុងមានការកើនឡើង សត្វក្ងោកមានចំនួនកើនឡើងផងដែរ។ ពពួកពានរទាំងនេះស្ថិតនៅក្នុងចំណាត់ថ្នាក់ផ្សេងគ្នារួមមាន ប្រភេទជិតផុតពូជបំផុត ប្រភេទជិតផុតពូជ និងជាប្រភេទកំពុងទទួលរងការគំរាមកំហែង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​នៅ​ក្នុង ពិធីធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្តីពីស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ឆ្នាំ២០១០-២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានដោយមានការចូលរួមពីលោក គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងមន្ត្រីជំនាញ បាន​លើកឡើង​ថា​​នៅ​ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ក្រុមមន្ត្រីជំនាញនៃក្រសួងបរិស្ថាននិងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានធ្វើការអង្កេតតាមដានសត្វព្រៃដែលផ្តោតទៅលើចំនួន និងរបាយសត្វព្រៃចំនួន ១៣ ប្រភេទសំខាន់ៗដែលមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា តំបន់ព្រៃការពារសីមាត្រូវបានបង្កើតជាតំបន់ដែនជម្រកសត្វព្រៃកែវសីមានៅខែឧសភាឆ្នាំ២០១៦ ស្ថិតនៅក្រោមការការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។ ដែនជម្រកសត្វព្រៃកែវសីមាមានប្រភេទជីវៈចម្រុះរស់នៅជិត ១០០០ ប្រភេទ គឺជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិ នៅក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀត។

ដែនជម្រកសត្វព្រៃកែវសីមា មានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលប្រភេទសត្វនិងរុក្ខជាតិ ៧៥ ប្រភេទជាប្រភេទរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

លោករដ្ឋលេខាធិការ បានថ្លែងថា វាជាមោទកភាពដែលកម្ពុជាសម្បូណ៌ដោយជីវៈចម្រុះគ្រប់ប្រភេទដែលក្នុងនោះប្រភេទសត្វកម្រមួយចំនួនដែលបាននិងកំពុងជិតផុតពូជ និងប្រភេទសត្វងាយរងគ្រោះបំផុតរបស់ពិភពលោក ត្រូវបានរកឃើញថាមានវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមសហការគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដែលមាន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕

អត្ថបទថ្មី
;