IU ចាយ​លើ​អ្វី​ខ្លះ​ជាមួយ​ទ្រព្យ​សម្បត្តិ​ជាង ២៨​លាន​ដុល្លារ?

  • 2020-12-01 03:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​ពេល​ក្លាយ​ជា​តារា​ចម្រៀង​ទោល​ជោគជ័យ​បំផុត​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង KPOP តារា​ចម្រៀង​ស្រី​កូរ៉េ IU ធ្លាប់​រស់​នៅ​ក្នុង​ផ្ទះ​ដែល​មាន​សុទ្ធ​តែ​សត្វ​កន្លាត រីឯឪពុក​ម្ដាយ​ត្រូវ​ប្ដូរ​ផ្ទះ​ជា​ប្រចាំ​ព្រោះ​គ្មាន​លុយ​បង់​ផ្ទះ។

បណ្ដាញ​ព័ត៌មាន SCMP បាន​រាយការណ៍​ថា នៅពេល​បច្ចុប្បន្ន តារា​ចម្រៀង​ស្រី​​វ័យ ២៧​ឆ្នាំ IU មាន​ទ្រព្យ​សម្បត្តិ​សរុប ២៨​លាន​ដុល្លារ។ មនុស្ស​ជា​ច្រើន​បាន​មាន​ចម្ងល់​ថា ចំពោះ​នារី​វ័យ​ក្មេង​ដែល​ធ្លាប់​មាន​ប្រវត្តិ​កម្សត់កម្រ​ដូច​ IU នឹ​ង​ចាយ​លើ​អ្វី​ខ្លះ​​ជាមួយ​ចំនួន​ដល់​ច្រើន​បែប​នេះ។ ខាង​ក្រោម​នេះ​គឺ​ជា​ចំណាយ​នានា​ដែល​តួរឿង Hotel De Luna ចំណាយ​លុយ​លើ។

វិនិយោគ​អចលនទ្រព្យ

នៅ​ឆ្នាំ ២០១៨ IU ទិញ​អគារ​មួយ​តម្លៃ ៣.៩​លាន​ដុល្លារ​នៅ​តំបន់ Gwacheon ក្រោយ​នោះ​មិន​យូរ​ប៉ុន្មាន​នាង​បន្ត​ទិញ​ផ្ទះ​កម្ពស់​២​ជាន់​នៅ Yangpyeong តម្លៃ ២.៥​លាន​ដុល្លារ។ ទន្ទឹម​នឹង​នោះ​ដែរ នាង​បាន​ទិញ​ដី​មួយ​កន្លែង​តម្លៃ ៦៤​ម៉ឺន​ដុល្លារ នៅ​តំបន់​ដដែរ។ ក្រុមហ៊ុន​របស់​ម្ចាស់​បទ Good Day បាន​ឲ្យ​ដឹង​ថា ដី​នេះ​​គឺ​សម្រាប់​គ្រួសារ​នាង​សម្រាក​នា​ពេល​ចុង​សប្ដាហ៍។

ធ្វើ​សប្បុរសធម៌

ដោយ​សារ​តែ​ធំ​ដឹង​ក្ដី​ក្នុង​ភាព​ទាល់​ក្រ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩៣ យល់​ច្បាស់​បំផុត​ពី​ការ​អត់​លុយ ដែល​ធ្វើ​ឲ្យ​នាង​ចំណាយ​លុយ​ជា​ច្រើន​លើ​​ការ​បរិច្ចាគ។ កាល​ពី​ថ្ងៃ​បុណ្យ​សិទ្ធិ​កុមារ​កូរ៉េ​កាល​ពី​ខែ​ឧសភា​មុននេះ IU បាន​បរិច្ចាគ​លុយ ៩​ម៉ឺន​ដុល្លារ ដល់​កុមារ​ដែល​រស់​ក្នុង​គ្រួសារ​ដែល​មាន​ចំណូល​ទាប។ បន្ថែម​ពី​នេះ​ នាង​ក៏​បាន​បរិច្ចាគ​៨​ពាន់​ដុល្លារ ដល់​កុមារ​ដែល​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ​ដែល លែង​លះ​គ្នា។

ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​កំណើត​របស់​ខ្លួន IU តែង​បរិច្ចាគ​ដល់​មនុស្ស​ចាស់​ដែល​គ្មាន​ជំរក​ជ្រក​កោន​ចំនួន ១០​ម៉ឺន​ដុល្លារ។ ក្រៅ​ពី​នេះ នាង​ក៏​បរិច្ចា​គ​​ដល់​សិស្សានុសិស្ស​ដែល​ចង់​រៀន​បន្ត​តែ​គ្មាន​សមត្ថភាព​ចំនួន ១៧០០០​ដុល្លារ។ នៅ​ពេល​កូវីដ​ផ្ទុះ​ឡើង​នៅ​កូរ៉េ នាង​បាន​បរិច្ចាគ ១៦៨០០​ដុល្លារ​ដល់​គ្រួសារ​នានា​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​នេះ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;