ឃើញ​ពលរដ្ឋ​អត់ហ៊ានចាក់វ៉ាក់សាំង​កូវីដ! អូបាម៉ា, ប៊ូស និងគ្លីនតុន ប្រកាស​ធ្វើរឿងនេះ​ដូចគ្នា

  • 2020-12-03 08:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីតប្រធានាធិបតីអាមេរិក ៣រូប គឺលោក បារ៉ាក់ អូបាម៉ា, លោក ចច ដាប់ប៊ិលយូ ប៊ូស និង​ លោក ប៊ីល គ្លីនតុន បាន​ប្រកាស​ស្ម័គ្រចិត្ត​ទទួលចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ១៩ ហើយ​ថតដាក់​វីដេអូបង្ហោះ​ចេញជាសាធារណៈ​ ប្រសិន​មាន​វ៉ាក់សាំង​ណា​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋបាល​ឱសថ និងអាហារអាមេរិក (FDA)។

ការ​ប្រកាស​បែបនេះ គឺដើម្បី​បង្ហាញ​ឱ្យពលរដ្ឋអាមេរិកបានឃើញ និងជឿជាក់​ ហើយ​យល់ព្រម​ទទួលការចាក់វ៉ាក់សាំង​នេះឱ្យបានគ្រប់ៗគ្នា បន្ទាប់ពីមានការស្ទង់មតិមួយ​រកឃើញ​ថា ពលរដ្ឋ​អាមេរិកភាគច្រើន មិនហ៊ាន​ចាក់វ៉ាក់សាំង​នេះឡើយ ប្រសិន​បើអនុញ្ញាតឱ្យប្រើជាផ្លូវការ។

លោកអូបាម៉ា ថ្លែង​ក្នុងកិច្ចសម្ភាសន៍​មួយ​កាលពីថ្ងៃទី២ធ្នូថា លោក​នឹង​ចាក់វ៉ាក់សាំង ហើយថតផ្សាយតាមទូរទស្សន៍ ដើម្បី​ឱ្យប្រជាជនដឹងថា លោកជឿជាក់​លើវិទ្យាសាស្រ្ត ហើយអ្វីដែលលោកមិនទុកចិត្តនោះ គឺឆ្លងកូវិដ១៩ឬអត់។

ចំណែកលោក ប៊ូស ត្រូវបាន​ខុទ្ធកាល័យ​របស់លោកប្រាប់​ឱ្យដឹងថា ដំបូង​ត្រូវបញ្ជាក់ជាមុន​សិនថា វ៉ាក់សាំងនោះ​ពិតជាមានសុវត្ថិភាព និង​សម្រាប់​ឱ្យ​ប្រជាជនជាអាទិភាព។ បន្ទាប់មក លោកប៊ូស ​នឹងតម្រង់ជួរចូលចាក់វ៉ាក់សាំង និង​ថតបង្ហោះទៀតផង។ នេះជាអ្វីដេល​លោក​ចង់ជួយលើកទឹកចិត្ត​ដល់​ពលរដ្ឋរបស់លោក​ក្នុងការ​ទទួលយកវ៉ាក់សាំង។

ដោយឡែក​អ្នកនាំពាក្យ​របស់លោក គី្លនតុន ឱ្យដឹងដែរថា លោក គ្លីនតុន គឺច្បាស់​ថានឹងទទួល​យកវ៉ាក់សាំង​ឱ្យ​តែមាន​ប្រើប្រាស់ ដោយ​ផ្អែក​លើការ​ទទួលស្គាល់របស់​មន្រ្តី​សុខាភិបាល។ ហើយលោក​នឹង​ចាក់វ៉ាក់សាំងបង្ហាញជាសាធារណៈ ដើម្បី​ជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់ ធ្វើដូចលោកអ៊ីចឹង។

សូម​ជម្រាប​ថា FDA នឹង​បើកកិច្ចប្រជុំ​នៅថ្ងៃទី១០ និង ១៧ធ្នូ ២០២០ ខាងមុខនេះ ដើម្បីពិនិត្យពាក្យស្នើសុំរបស់​ក្រុមហ៊ុន Pfizer និង Moderna ក្នុងការអនុញ្ញាតឱ្យប្រើប្រាស់​វ៉ាក់សាំង​កូវីដ១៩៕

ប្រភព៖ CNN

អត្ថបទថ្មី
;