លុយ ៥០លានដុល្លារនឹងជួយដល់សហគ្រិនស្ត្រី និង SME កម្ពុជា

  • 2020-12-24 02:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លុយជាង ៥០លានដុល្លារ របស់ ប្រូប៉ាកូ បុត្រសម្ព័ន្ធរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងធនាគារស្ថាបនា នឹងជួយដល់សហគ្រិនភាពនៅកម្ពុជា និងវិស័យ SME នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាចេញផ្សាយកាលពីថ្ងៃទី១៨ ធ្នូឆ្នាំ២០២០ កន្លងទៅ។

សេចក្តីប្រកាសដដែលបានបញ្ជាក់ថា ក្នុងចំណោមទឹកប្រាក់ចំនួន៥០លានដុល្លារខាងលើ ២៥លានដុល្លារត្រូវបានផ្តល់ដើម្បីគាំទ្រដល់ការពង្រឹងសកម្មភាពរបស់ធនាគារស្ថាបនាសម្រាប់សហគ្រាសធុនតូច និងមធ្យម ចំណែក២៥លានដុល្លារទៀតនឹងផ្តោតលើការគាំទ្រសហគ្រិនភាពស្ត្រី ដូចអ្វីដែលត្រូវបានកំណត់ដោយ 2X Challenge។

សកម្មភាពបុគ្គលិកសហគ្រាសផលិតចំណីអាហារមួយនៅរាជធានីភ្នំពេញដែលមានម្ចាស់ជាស្ត្រី
2X Challenge Financing for women គឺជាការផ្តួចផ្តើមគំនិតធ្វើឡើងដោយស្ថាប័នអភិវឌ្ឍហិរញ្ញវត្ថុនៃក្រុមប្រទេសG7កាលពីឆ្នាំ២០១៨ រាប់បញ្ចូលទាំងប្រូប៉ាកូផងដែរ ដើម្បីលើកកម្ពស់ការវិនិយោគដែលផ្តល់អត្ថប្រយោជន៍ដល់ស្រ្តី នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍ និងរីកលូតលាស់។

សហគ្រាសធុនតូច និងមធ្យមប្រមាណ៣៦០០ អាចនឹងទទួលបានអត្ថប្រយោជន៍ពីប្រតិបត្តិការខាងលើនេះ ជាពិសេសផ្នែកលក់ដូរ ផ្នែកសេវាកម្ម និងវិស័យកសិកម្ម។ ភាគច្រើននៃសហគ្រាសធុនតូច និងមធ្យមនេះត្រូវបានរំពឹងថាជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយស្ត្រី។ ក្នុងន័យនេះ គម្រោងនេះនឹងចូលរួមចំណែកក្នុងការសម្រេចឱ្យបាននូវគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពទី៥ (សមភាពយែនឌ័រ) និងគោលដៅទី៨ (ការងារសមរម្យ និងការលូតលាស់ផ្នែកសេដ្ឋកិច្ច)៕

អត្ថបទថ្មី
;