អ្នកប្រព្រឹត្តបទល្មើសសត្វព្រៃ ត្រូវពិន័យជាប្រាក់ចាប់ពី ១០ម៉ឺន ដល់ ១លានរៀល

  • 2021-01-02 05:59:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងមាត្រា៥៨នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសសត្វព្រៃ ដូចជា ការចាប់ ដាក់អន្ទាក់ ប្រមាញ់ បំពុល ប្រមូលពង កូនសត្វព្រៃគ្រប់ប្រភេទ ត្រូវពិន័យជាប្រាក់ចាប់ពី ១០០.០០០‌៛ (ដប់ម៉ឺនរៀល) ដល់ ១.០០០.០០០៛ (១លានរៀល)។ នេះបើតាមការឲ្យដឹងពីអង្គការ WCS កម្ពុជា កាលពីថ្ងៃទី ៣១ ធ្នូ ២០២០។

រូបតំណាង
អង្គការ WCS ក៏បានបង្ហាញពីចំនួនសត្វទោចថ្ពាល់លឿង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ប្រទេសកម្ពុជាទំនងជាមានវត្តមានសត្វទោចថ្ពាល់លឿងច្រើន ហើយដែនជម្រកសត្វព្រៃកែវសីមាមានវត្តមានប្រភេទនេះច្រើនជាងគេបំផុត តាមការប៉ាន់ស្មានមានប្រហែល ៦៦៩ក្រុម។

ចំនួនសត្វប្រភេទនេះកំពុងមានការថយចុះយ៉ាងខ្លាំង ដោយសារបណ្តាលមកពីការបាត់បង់ទីជម្រកនិងការប្រមាញ់យកទៅលក់ដូរធ្វើជាសត្វចិញ្ចឹម។ សត្វទោចប្រភេទនេះ មានវត្តមានតែនៅក្នុងភាគខាងកើតនៃប្រទេសកម្ពុជា និងភាគខាងត្បូងនៃប្រទេសវៀតណាមប៉ុណ្ណោះ។

ចំណែកឯនៅភាគខាងជើងនៃដែនជម្រកសត្វព្រៃស្រែពកវិញ គេប្រទះឃើញមានប្រភេទប្រហាក់ប្រហែលគ្នានេះដែរ តែមិនមែនជាប្រភេទទោចថ្ពាល់លឿងទេ។ យោងតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះ បានរកឃើញថា ដែនជម្រកសត្វព្រៃភ្នំព្រេច មានវត្តមានសត្វទោចថ្ពាល់លឿងនេះច្រើនលំដាប់ទីពីរបន្ទាប់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

នៅឆ្នាំ ២០១៤ អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន បានផ្តួចផ្តើមបង្កើតគម្រោងទេសចរណ៍ធម្មជាតិសហគមន៍មួយឈ្មោះ ជុំរុំទោចថ្ពាល់លឿង (Jahoo Gibbon Camp) ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងគោលបំណងការពារប្រភេទជិតផុតពូជនេះផងនិងផ្តល់ឱកាសដល់អ្នកទេសចរបានទស្សនាសត្វទោចថ្ពាល់លឿង និងស្វាកន្ទុយស ព្រមទាំងសត្វស្លាបកម្រផ្សេងៗទៀតផង៕

ប្រភព៖ អង្គការ WCS កម្ពុជា

អត្ថបទថ្មី
;