ដឹងហើយ​តម្លៃវ៉ាក់សាំងកូវីដ១៩ ដែលក្រុមហ៊ុនចិន​លក់ឱ្យថៃ!

  • 2021-01-05 02:49:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថៃ នឹង​ទទួល​បាន​វ៉ាក់សាំងកូវីដ១៩ ពី​ក្រុមហ៊ុនចិន Sinovac Biotech ចំនួន២លានដូសនៅត្រឹម​ខែមេសាខាងមុខ។ ក្នុងនោះ ខែកុម្ភៈ ទទួលបាន ២០ម៉ឺនដូស, ខែមីនា ៨០ម៉ឺនដូស និងខែមេសា ១លានដូស។

យោងតាមប្រភព​ក្រសួង​សុខភាពសាធារណៈថៃ ដែល​ដកស្រង់​ដោយ​កាសែតបាងកកប៉ុស្តិ៍ ឱ្យដឹងថា វ៉ាក់សាំង​ចិននេះ គឺមាន​តម្លៃ ១៧ដុល្លារ (៥០៩បាត) ក្នុងមួយដូស។ អ្នកអាទិភាព​ដែល​ទទួលចាក់វ៉ាក់សាំងនេះ គឺ​ជាគ្រូពេទ្យជួរមុខ និងគ្រូពេទ្យ​តាមភូមិ ដែលស្ម័គ្រចិត្ត។

សូមជម្រាប​ដែរថា ថៃ ក៏បាន​បញ្ជាទិញ​វ៉ាក់សាំងរបស់​ក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន ២៦លានដូស ដែល​នឹងមកដល់នៅ​ខែឧសភា ឆ្នាំ​២០២១ខាងមុខផងដែរ ក្នុងតម្លៃសរុបប្រមាណ ៦ពាន់លានបាត (ជាង ២០០,៨លានដុល្លារ)។

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា កាលពីម្សិលមិញបាន​ប្រកាស​បញ្ជាទិញ​វ៉ាក់សាំងប្រមាណ ៣៥លានដូសបន្ថែមទៀត ប៉ុន្តែមិនបានបញ្ជាក់​ថា ទិញ​ពីក្រុមហ៊ុនណាឡើយ ដើម្បីធានាថា ប្រជាជនថៃភាគច្រើនបំផុត អាចទទួលបាន​វ៉ាក់សាំង៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;