ឆ្នាំ២០២០ ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិកើនឡើង ៣០ភាគរយ

  • 2021-01-13 02:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងបរិស្ថានបង្ហាញនូវមោទកភាពចំពោះមន្ត្រីឧទ្យានុរក្ស សមា ជិកនៃសហគមន៍តំបន់ ការពារធម្មជាតិនិងអង្គការដៃគូទាំងអស់ដែល បានចូលរួមការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងឆ្នាំ២០២០ កន្លងមកនេះជាពិសេសក្នុងការអនុវត្តច្បាប់ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានបទល្មើសដែលបង្ក្រាប បាននៅឆ្នាំ២០២០ មានកំណើនចំនួន ៣៤៤២ករណី ឬកើនឡើងប្រមាណ ៣០%។ នេះបើតាម​ការ​ឲ្យដឹង​ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន កាល​ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅពេញមួយឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សទាំង ១២០០ នាក់នៃក្រសួងបរិស្ថានបានចុះល្បាតសរុបចំនួន ២៧ ៥៨៨ លើក ខណៈនៅការចុះល្បាតនៅឆ្នាំ ២០១៩ មានចំនួន ២៤.០៤៨ លើក ពោលគឺមានការចុះល្បាតមានការកើនឡើងចំនួន ៣ ៥៤០ លើក។

ក្នុងការចុះល្បាតនេះ មន្ត្រី ឧទ្យានុរក្សដែលជាមន្ត្រីនគរបាល យុត្តិធម៌បាមបង្ក្រាបបទល្មើសបានចំនួន ៨ ៩១៧ ករណី ខណៈឆ្នាំ ២០១៩ បង្ក្រាបបានបទល្មើសធនធានធម្មជាតិចំនួន ៥ ៤៧៥ ករណីគឺមានការកើនឡើងចំនួន ៣ ៤៤២ ករណី។ តាមការបញ្ជាក់ របស់លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បទល្មើសដែលបង្ក្រាបបានភាគច្រើនជាបទល្មើសលួចកាប់ឈើ ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ។

លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ការបង្ក្រាបនិងទប់ស្កាត់បទល្មើសមានការកើនឡើង បានបង្ហាញពីការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព និងបង្ហាញពីការខិតខំរបស់មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធដោយមិនខ្លាចនឿយហត់ក្នុងការចុះល្បាតការពារព្រៃឈើនិងជីវៈចម្រុះ»។ លោករដ្ឋលេខាធិការ ក្រសួងបរិស្ថានបានថ្លែងថា នៅឆ្នាំ ២០២០ កន្លងទៅ សំណុំរឿងបទល្មើសធនធានធម្មជាតិដែលត្រូវបានបញ្ជូនទៅកាន់តុលាការមានចំនួន ៦០៥ ករណី ហើយនៅឆ្នាំ ២០២០ មានការផាកពិន័យអន្តរការណ៍លើជនប្រព្រឹត្តល្មើសចំនួន ៨៥៧ ករណី និងបទល្មើសដែលត្រូវធ្វើការអប់រំនិងធ្វើកិច្ចសន្យាមានចំនួន ២៩៤៦ ករណី។ លោក នេត្រ ភក្ត្រា បានបន្ថែមថា ក្នុងប្រតិបត្តិការចុះល្បាតនិងបង្ក្រាបបទល្មើស នៅឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានរឹបអូសរណាយន្តបានចំនួន ៤ ០០៤ គ្រឿង គឺមានការកើនឡើងប្រមាណ ៥០០ គ្រឿង ខណៈនៅឆ្នាំ ២០១៩ រណាយន្តដែលត្រូវបានរឹបអូសមានចំនួន ៣ ៤៩៤ គ្រឿង។

លោករដ្ឋលេខាធិការបានថ្លែងថា ចំណែកអន្ទាក់ដែលត្រូវបាន ដោះបានចេញពីតំបន់​ការពារ​ធម្ម​ជាតិក្នុងឆ្នាំ ២០២០ មានចំនួន ៤៣ ២៧០អន្ទាក់ គឺមានការកើនឡើងជិត ៤០០០អន្ទាក់ ខណៈ នៅឆ្នាំ ២០១៩ កន្លងទៅ អន្ទាក់ដែលត្រូវបានមន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិដោះបានចំនួន ៣៩ ៣៨២ អន្ទាក់។ នៅឆ្នាំ២០២០កន្លងទៅ រថយន្តចំនួន ២១៥ គ្រឿងដែលប្រព្រឹត្តបទល្មើសត្រូវបានរឹបអូស និងគោយន្តចំនួន ៦១១ គ្រឿង ព្រមទាំងម៉ូតូចំនួន ៥៩០ គ្រឿងត្រូវបានដកហូតផងដែរ ។ មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃដែលប្រើសម្រាប់បរបាញ់សត្វបានចំនួន ៧៣៧ ដើម និងដកហូតឈើបានចំនួន ២៧១៨ម៉ែត្រគូប។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ជាមួយប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ បទ​ល្មើសព្រៃឈើខ្នាតធំលែងមានទៀតហើយ គឺនៅមានបទល្មើលព្រៃឈើខ្នាតតូចដែលមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងបន្តសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូបន្តអប់រំផ្សព្វផ្សាយច្បាប់ និងអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសបន្តទៀតដើម្បីថែរក្សា និងការពារធនធានធម្មជាតិដែលកម្ពុជានៅមាននេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕

អត្ថបទថ្មី
;