មន្រ្តីថៃ បកស្រាយហើយរឿងទិញវ៉ាក់សាំងកូវីដពីចិន ក្រោយមានការបារម្ភពីប្រសិទ្ធភាព
- 2021-01-14 08:44:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្រ្តីថៃ បកស្រាយហើយរឿងទិញវ៉ាក់សាំងកូវីដពីចិន ក្រោយមានការបារម្ភពីប្រសិទ្ធភាព
ចន្លោះមិនឃើញ
មន្រ្តីសុខាភិបាលថៃ បានធ្វើសន្និសីទកាសែតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១នេះ ដើម្បីពន្យល់អំពីការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីក្រុមហ៊ុនចិន Sinovac Biotech ក្រោយមានការបារម្ភអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ។
លោកវេជ្ជបណ្ឌិត Supakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាស្ថានវេជ្ជសាស្រ្ត បានអះអាងថា វ៉ាក់សាំងចិននេះ មានប្រសិទ្ធភាព ៧៨% ក្នុងការទប់ស្កាត់ពីការឆ្លងវីរុសកូវីដ១៩ និង១០០% ក្នុងការការពារមិនឱ្យមានរោគសញ្ញាធ្ងន់ធ្ងរកើតឡើង។
លោកបញ្ជាក់ថា គុណសម្បត្តិវ៉ាក់សាំងរបស់ចិន គឺជាការចាក់បញ្ចូលវីរុសមួយចូលក្នុងខ្លួនមនុស្ស ដើម្បីបង្កើតប្រព័ន្ធសុំា។ នេះជាបច្ចេកវិទ្យាសាមញ្ញមួយ។ ចិនបានចាក់វ៉ាក់សាំងនេះ ឱ្យយោធា និងគ្រូពេទ្យរបស់ខ្លួនរាប់ម៉ឺននាក់មកហើយ ដោយគ្មានផលប៉ះពាល់អ្វីនោះទេ។
«យើងត្រូវការសំឡឹងមើលទិដ្ឋភាពផ្សេងទៀតដែរ ដូចជាគុណភាព តម្លៃ គុណភាព និងពេលវេលា និងលក្ខណៈផ្សេងទៀត ដែលសក្តិសមសម្រាប់ប្រទេសថៃ។ ខ្ញុំចង់ឱ្យប្រជាជនជឿជាក់ថា ក្រសួងសុខភាពសាធារណៈ នឹងប្រើប្រាស់វ៉ាក់សាំងមួយដែលមានការទទួលស្គាល់ពីគុណភាព និងគ្មានផលប៉ះពាល់។ អង្គការសុខភាពពិភពលោក បានប្រកាសថា វ៉ាក់សាំងដែលមានប្រសិទ្ធភាពត្រឹម ៥០% ឡើងទៅ គឺអាចប្រើប្រាស់បាន។ ដូច្នេះខ្ញុំសូមស្នើឱ្យប្រជាជនឈប់ច្រួលច្របល់»។
តែយ៉ាងណា លោកបន្ថែមថាប្រទេសថៃ បានស្នើសុំព័ត៌មានបន្ថែមពីក្រុមហ៊ុន Sinovac ហើយ ប៉ុន្តែវាមិនប៉ះពាល់ដល់ផែនការចាក់វ៉ាក់សាំងកូវីដ១៩នោះទេ។
សូមជម្រាបថា តាមការគ្រោងទុក ថៃ នឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ពីក្រុមហ៊ុនចិន Sinovac Biotech ចំនួន២លានដូសនៅត្រឹមខែមេសាខាងមុខ។ ក្នុងនោះ ខែកុម្ភៈ ទទួលបាន ២០ម៉ឺនដូស, ខែមីនា ៨០ម៉ឺនដូស និងខែមេសា ១លានដូស។ វ៉ាក់សាំងចិននេះ គឺមានតម្លៃ ១៧ដុល្លារ (៥០៩បាត) ក្នុងមួយដូស។
ថៃ ក៏បានបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន ២៦លានដូស ដែលនឹងមកដល់នៅខែឧសភា ឆ្នាំ២០២១ខាងមុខផងដែរ ក្នុងតម្លៃសរុបប្រមាណ ៦ពាន់លានបាត (ជាង ២០០,៨លានដុល្លារ)។ លើសពីនេះ ថៃក៏ទើបតែសម្រេចចិត្ត និងបញ្ជាទិញវ៉ាក់សាំង ៣៥លានដូសបន្ថែមទៀសពីក្រុមហ៊ុនអង់គ្លេសនេះផងដែរ៕
ខេត្តចំនួន៥របស់ប្រទេសថៃដែលកំពុងរងគ្រោះខ្លាំងដោយជំងឺកូវីដ១៩ គឺ សាមុត សាខន, ឈុន បុរី, រ៉ាយ៉ង និងខេត្ត២ដែលជាប់កម្ពុជា គឺ ចាន់ថាបុរី និងត្រាត នឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងដំណាក់កាលទី១ ចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២១ សម្រាប់ប្រជាជនប្រមាណ ១,៣២លាននាក់ (២លានដូស)។
ដំណាក់កាលទី២ គិតពីខែឧសភា ដល់មិថុនា គឺថៃនឹងចាក់វ៉ាក់សាំង ២៦លានដូសដល់ជនងាយរងគ្រោះនៅទូទាំងប្រទេស។ ចុងក្រោយដំណាក់កាលទី៣ គឺនៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ថៃនឹងចាក់វ៉ាក់សាំងប្រមាណ ៣៥លានដូស ដល់ប្រជាជនទូទៅ៕