សម្តេច ហ៊ុន សែន ប្រកាស​ប្រើ​វ៉ាក់សាំងចិន Sinopharm ខណៈព្រឹកនេះ​រកឃើញអ្នកឆ្លងកូវីដថ្មី ១០នាក់

  • 2021-01-16 00:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស​យប់មិញនេះ កម្ពុជា​សម្រេចប្រើប្រាស់​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់​ក្រុមហ៊ុនចិន Sinopharm ដែល​ជាជំនួយ​របស់​រដ្ឋាភិបាល​ចិន ផ្តល់ឱ្យកម្ពុជា ១លានដូស ហើយគ្រោងបញ្ជូនមកដល់​ក្នុងពេលឆាប់ៗនេះ។

សម្តេចតេជោ​បញ្ជាក់​ថា ការសម្រេចប្រើវ៉ាក់សាំងនេះ បន្ទាប់ពី​មាន​ប្រទេស​ជាច្រើន​រួចមកហើយ បាន​ចាក់វ៉ាក់សាំងនេះ ដូចជា​ថ្នាក់ដឹកនាំចិន និងប្រជាជនចិនរាប់លាននាក់ ឥណ្ឌូណេស៊ី ពិសេស​ប្រធានាធិបតីចូកូ វីដូដូ ប្រទេសអាហ្វ្រិច អេហ្ស៊ីប មជ្ឈិមបូព៌ា និង​នៅអាមេរិកឡាទីនជាដើម បើទោះបីជា​មិនទាន់មានការទទួលស្គាល់ពីអង្គការ​សុខភាព​ពិភពលោកក៏ដោយ។

លើសពីនេះ សម្តេច ហ៊ុន សែន លើកឡើងទៀតថា វ៉ាក់សាំងរបស់​ចិន គឺងាយស្រួលគ្រប់គ្រងទុកដាក់ និង​ដឹកជញ្ជូន បើប្រៀបធៀបជាមួយនឹង​វ៉ាក់សាំង​របស់ក្រុមហ៊ុនមួយចំនួន​ដែល​តម្រូវ​ការសីតុណ្ហភាព -៧០អង្សារសេ។ ជាមួយគ្នានេះ កម្ពុជាក៏គ្រោងនឹងប្រើប្រាស់​វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនចិន Sinovac មួយទៀតផងដែរ។

សូមជម្រាប​ថា ក្រសួង​សុខាភិបាល​បាន​ប្រកាសឱ្យដឹងនៅព្រឹកនេះថា កម្ពុជាបានរកឃើញ​ករណីវិជ្ជមានថ្មី ១០នាក់ ដែលមកពីប្រទេសថៃ ខណៈម្សិលមិញនេះ ក៏បានរកឃើញ​អ្នកឆ្លងថ្មី ១៥នាក់ផងដែរ។

គិតត្រឹមថ្ងៃទី១៦ មករា ២០២១នេះ កម្ពុជា​មានករណីឆ្លងកូវីដ១៩សរុប ៤៣៦នាក់ ក្នុងនោះជាសះស្បើយ ៣៨២នាក់៕

អត្ថបទថ្មី
;