វិធាន​ការ​អភិរក្ស​បន្ទាន់​ចាំ​បាច់​ដើម្បីការពារប្រភេទសត្វ​ក្រចកជើងចំពាម

  • 2021-01-16 02:41:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្វី​បើ​ក្រសួងបរិស្ថាន ​អង្គការ WWF ព្រម​ទាំង​ដៃគូទាំងអស់ បានបង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ពង្រឹង​កា​អនុវត្ត​ច្បាប់​​យ៉ាង​ខ្លាំង​ក្លា​យ៉ាងណាក៏ដោយ របាយការណ៍មួយដែលចេញ​ផ្សាយ​រួមគ្នា​ដោយក្រសួង​បរិស្ថាន​ និង​អង្គការ WWF ស្តីពីស្ថានភាពនៃប្រភេទសត្វក្រចកជើងចំពាម បានបង្ហាញថា ចំនួន​​​សត្វ​ក្រចកជើងចំពាម ក្នុង​ដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច​បានធ្លាក់ចុះក្នុងរយៈពេលមួយទស​វត្សរ៍​ចុង​ក្រោយ​នេះ ហើយបាន​បង្ហាញ​នូវ​ភាព​ចាំ​ចាច់ក្នុង​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​ថ្មី​និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ជាង​មុន​ជាបន្ទាន់​​ ដើម្បី​ទប់​ស្កាត់​ស្ថាន​ភាព​ធ្លាក់​ចុះ​នេះ។

លទ្ធផល​នៃ​ការ​តាម​ដាន​សត្វ​ក្រចក​ជើង​ចំពាម​ក្នុង​ចន្លោះ​ឆ្នាំ​ ២០១០-២០២០ នៅ​ក្នុង​ដែន​ជម្រក​ទាំង​ពីរ​បាន​បង្ហាញ​ថា​ ចំនួនសត្វទន្សោងបាន​ធ្លាក់ចុះប្រមាណ ៧២% សត្វឈ្លូស​ប្រមាណ ៥២% និងសត្វជ្រូកព្រៃប្រមាណ ១៨% បើប្រៀបធៀបនឹងលទ្ធផលនៃការស្រាវជ្រាវនៅឆ្នាំ ២០១០-២០១១។

របាយការណ៍ដដែលនេះក៏បានបង្ហាញដែរ​ថា​ចំនួន​សត្វរមាំង ខ្ទីង និងប្រើស មានកម្រិត​តិច​តួច​ហើយ​នៅ​រាយ​ប៉ាយ​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅក្នុងតំបន់ទាំង​ពីរ​នេះ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន​មានប្រសាសន៍ថា៖ “ការធ្លាក់ចុះនេះ​ជា​ការ​ក្រើន​រំលឹក​ដល់យើងទាំងអស់គ្នា ប៉ុន្តែ​វា​ក៏​ផ្តល់​ជា​ឱកាស​ឱ្យយើងទាំង​អស់​គ្នា​ក្នុង​ការ​ខិត​ខំបន្ថែម​ទៀត​ ដើម្បី​ទប់​ស្កាត់​និន្នាការ​នៃ​ការ​ធ្លាក់​ចុះ​នេះ​“។

លោកបាន​បន្ត​ទៀត​ថា​​ស្ថាន​ភាព​នស​ការធ្លាក់ចុះអាចនឹង​ធ្ងន់ធ្ងរជាងនេះ ប្រសិនបើគ្មាន​ការ​ពង្រឹងការអនុវត្តច្បាប់និង​ការ​គ្រប់​គ្រងតំបន់ការពារ​យ៉ាង​មឺង​ម៉ាត់នោះទេពី​ការ​ខិត​ខំ​ដោយ​មិន​ខ្លាច​នឿយ​ហាត់​ដោយ​​មន្ត្រី​ឧទ្យា​នុរក្ស​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រ​សួង​បរិស្ថាន​ ក្រុមល្បាតសហគមន៍ អា​ជ្ញាធរមូលដ្ឋាន និងបុគ្គលិកអង្គការ WWF ក្នុង​ការ​ដើរ​ល្បាត​ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ទាំង​ក្នុង​និង​ក្រៅ​តំបន់​ការ​ពារ​ទាំង​ពីរ។

លោក នេត្រ ភក្ត្រា បាន​ពិពណ៍នាបន្ត​ទៀត​ថា បើ​ជា​មាន​ការ​ធ្លាក់​ចុះ​​នូវ​ពពួក​សត្វ​ក្រចកជើង​ចំពាម​នៅ​ក្នុង​ដែន​ជម្រក​ស្រែ​ពក​ និង​ភ្នំ​ព្រេច​ ចំនួន​ប្រភេទ​សត្វ​ក្រចក​ជើង​ចំពាម​មួយ​ចំនួន​បាន​កើន​ឡើង​ ឬ​ស្ថិត​ក្នុង​កម្រិតថេរ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​ចំនួន​ផ្សេង​ទៀត​។

ស្ថានភាពដ៏​អាក្រក់​នេះ​មិនបាន​​កើត​ឡើង​តែ​ក្នុង​ប្រទេស​កម្ពុជានោះ​ទេ ដោយ​សាររ​តែ​ចំនួនសត្វព្រៃនៅលើសកលលោក ទាំង​សត្វរស់​នៅ​លើដីនិងក្នុងទឹក ក៏​បាន​ធ្លាក់ចុះខ្លាំង​បំផុត​ ដល់ ៦៨%​ ជា​មធ្យម​ ក្នុងរយៈពេល ៥០ ឆ្នាំចុង​ក្រោយ​នេះ បើគិតចាប់តាំងពីឆ្នាំ១៩៧០ មក។

ការបរ​បាញ់​ខុសច្បាប់ចាប់​តាំង​ពីអតីតកាលមក​ដល់​ពល​បច្ចុប្បន្ន បូក​ផ្សំ​និងវិបត្តិអន្ទាក់ ដែល​ជម្រុញ​ដោយ​ការជួញដូរសត្វព្រៃខុសច្បាប់ សុទ្ធ​សឹង​ជា​មូលហេតុចម្បងដែល​បណ្តាល​ឱ្យសត្វក្រចកជើងចំពាមនៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចធ្លាក់ចុះយ៉ាង​ធ្ងន់​ធ្ងរ​។

កញ្ញា Milou Groenenberg ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃអង្គការ WWF បាន​និយាយ​ថា​​អន្ទាក់គឺជាកត្តាគម្រាមកំហែងដ៏​ចម្បងមួយ​ចំពោះ​សត្វក្រចកជើងចំពាមនៅក្នុងដែន​ជម្រក​ទាំង​ពីរ​ ហើយ​ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ចំនួន​សត្វ​ខ្លារខិន​ដែលជាប្រភេទស៊ីសាច់សត្វក្រចកជើងចំពាមទាំងនេះជាអាហារ ​ធ្លាក់​ចុះ​ដែរ​។”

បើទោះជារបាយការណ៍បានបង្ហាញពី​ស្ថានភាពធ្លាក់ចុះដ៏​គួរ​ឱ្យ​បារម្ភ​នេះ​ក៏ដោយ ក្នី​សង្ឃឹមនៅតែ​មាន​នៅ​ឡើយក្នុងការជួយសង្គ្រោះសត្វព្រៃទាំងនេះពីការផុតពូជ។ ប៉ុន្ដែប្រសិនបើគ្មាន​វិធាន​ការ​អភិរក្ស​បន្ទាន់និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ថ្មី​ទេ​ ដើម្បីទប់ស្កាត់កត្ដាគម្រាមកំហែងចម្បងៗទាំងនេះទេ ជីវៈចម្រុះនឹងនៅតែបន្ដធ្លាក់ចុះ​បន្ដិចម្ដងៗ រហូតដល់អាចបាត់បង់ទាំងស្រុងតែ​ម្ត​ង​។

លោក សេង ទៀក នាយកអង្គការ WWF មាន​ប្រសាសន៍​ថា វាមិនទាន់យឺតពេលនៅឡើយទេក្នុងការកែប្រែស្ថានភាពនេះ ប៉ុន្តែ​វា​តម្រូវ​ឱ្យ​ពួកយើងធ្វើ​សកម្មភាពអភិរក្សរួម​គ្នា​​ជាបន្ទាន់ឥឡូវ​នេះ​ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។ លោកមានប្រសាសន៍ថា៖ “គំហើញរបស់អ្នកវិទ្យាសាស្ត្រនៅក្នុងរបាយការណ៍នេះ បានបង្ហាញឲ្យឃើញនូវតម្រូវការនៃដំណោះស្រាយបន្ទាន់ និងថ្មីៗ ដើម្បីកែប្រែនូវអត្រានៃការធ្លាក់ចុះនេះ ខណៈពេលដែលកំពុងស្វែងរកការគ្រប់គ្រង ការប្រើប្រាស់ និងការបែងចែកធនធានធម្មជាតិឲ្យបានប្រសើរជាងនេះ”។

ក្រសួង​បរិស្ថាន​ និងអង្គការ WWF បាន​ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងដៃគូ​នានា ដើម្បី​​រៀបចំឡើង​នូវ​វិធានការអភិរក្ស​ខ្លាំងក្លាជាងមុន ដើម្បីកាត់បន្ថយការបរ​បាញ់​ខុសច្បាប់ និងពង្រឹងការអនុវត្តច្បាប់​។ ក្រសួង​បរិស្ថាន​ និងអង្គការ WWF កំពុងសិក្សាពីលទ្ធភាពក្នុងការអនុវត្តកម្មវិធីស្ដារ​សត្វក្រចកជើងចំពាមឡើងវិញ ដែលជា​តម្រូវ​ការ​បន្ទាន់​ក្នុង​ការ​បញ្ឈប់​​និន្នាការធ្លាក់ចុះនៃ​ចំនួន​សត្វ​ទាំង​នេះ និង​ចាត់​វិធាន​ការ​ឆ្លើយ​តប​ទៅ​ដល់​ឬស​គល់​នៃ​ការ​ជួញដូរសត្វព្រៃខុស​ច្បាប់​​។

ក្រោមជំនួយ​ឧបត្ថម្ភថវិការពីទី​ភ្នាក់ងារជំនួយអាមេរិក (USAID) សហភាពអឺរ៉ុប (EU) រដ្ឋា​ភិបាល​អាល្លឺ​ម៉ង់ (BMZ) រដ្ឋា​ភិបាល​ប៊ែល​ហ្សិក​ (DGD) កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ​ (UN Environement) GEF រដ្ឋា​ភិបាល​ស៊ុយ​អ៊ែត (Sida) IKEA Welthungerhilfe (WHH) Humanscale និងបណ្តាញ​អង្គការ WWF (WWF-​អាមេរិក WWF-​ប៊ែលហ្សិក WWF-​អាល្លឺម៉ង WWF-​ស៊ុយអ៊ែត និង WWF-​ស្វីស) ការគ្រប់គ្រងតំបន់ការ​ពារ​​ធម្មជាតិនៅក្នុង​ដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច ផ្ដោតទៅលើការស្រាវជ្រាវនិង​តាម​ដាន​ជីវៈចម្រុះ ការកសាងសមត្ថភាព​សម្រាប់ការអនុវត្តច្បាប់​ ការប្រយុទ្ធប្រឆាំង​នឹង​​ការបរបាញ់ខុស​ច្បាប់​ ការជួញដូរសត្វព្រៃខុសច្បាប់ ការ​​កាប់​ឈើ​ខុស​ច្បាប់ ការទប់​ស្កាត់​ការ​ទន្ទ្រានដីព្រៃខុសច្បាប់ ខណៈ​យក​ចិត្ត​ទុក​ដាក់​លើ​ការអភិវឌ្ឍរបរចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន និងការអនុវត្តកម្មវិធីផ្សេងៗទៀតដើម្បីលើកទឹកចិត្ត និងកៀរគរការចូលរួមរបស់ប្រជាជនមូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍​ជីវភាពប្រកបដោយនិរន្តរភាព។

ទី​ភ្នាក់​ងារ​ជំនួយ​អាមេរិក​ (USAID) បាន​គាំ​ទ្រ​ការ​តាម​ដាន​សត្វ​ក្រចក​ជើង​ជំពាម​​ដោយ​ប្រើ​វិធី​សាស្ត្រ​ដើរ​បន្ទត់​ត្រង់ (line-transect) ពី​ឆ្នាំ​២០១៨-២០២០។ យើង​សូម​ថ្លែង​អំណរ​គុណ​ផង​ដែរ​ដល់​សមា​ជិក​ក្រុម​ស្រាវ​ជ្រាវ​និង​តាម​ដាន​ជីវៈ​ចម្រុះ​ទាំង​អស់ ក៏​ដូច​ជា​ក្រុម​សហនិពនុ្ធនៃ​របាយ​ការណ៍​ស្តី​ពី​ស្ថាន​ភាព​សត្វ​ក្រចក​ជើង​ចំពាម​ ក៏​ដូច​ជា​អ្នក​រួម​ចំណែក​ទាំង​អស់​ក្នុង​​សកម្ម​ភាព​ស្រាវ​ជ្រាវ​ទាំង​អស់​នេះ​។

ក្រសួង​បរិស្ថាន​សូម​អំពាវ​នាវ​ដល់​សាធារណជន​ទូទៅ​ សូម​បញ្ឈប់​ការ​បរិភោគ​សាច់​សត្វ​ព្រៃ​និង​បញ្ឈប់​ការ​ប្រើ​ប្រាស់​ផលិត​ផល​សត្វ​ព្រៃ​គ្រប់​ប្រភេទ​។ ​ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​មានបន្ថែម​ថា “​យើង​ខ្ញុំ​សូម​ស្នើ​យ៉ាង​ទទួច​ដល់​ប្រជា​ជន​ទាំង​អស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា សូម​និយាយ​ថា​ “ទេ” ចំពោះ​សាច់​សត្វ​ព្រៃ​ ហើយ​សូម​ចូល​រួម​ក្នុង​ការការ​ពារ​និង​អភិរក្ស​ធន​ធាន​ធម្មជាតិ​របស់​កម្ពុជា​ឱ្យ​ស្ថិត​នៅ​គង់​វង្ស​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ​ៗ​ទៀត​”៕

អត្ថបទថ្មី
;