​អ៊ីស្រាអែល ចាប់ផ្តើមឃើញ​ពន្លឺ​នៃ​ការងើបចេញ​ពីជំងឺកូវីដ១៩ហើយ

  • 2021-01-18 04:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ប្រជាជន​អ៊ីស្រាអែល ដែល​បាន​ចាក់វ៉ាក់សាំង​បង្ការកូវីដ១៩ ពេញលេញ​ទាំង២លើកហើយ គឺមិនតម្រូវឱ្យ​ធ្វើចត្តាឡីស័កទៀតទេ ក្រោយប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូវីដ១៩។ នេះបើតាមការ​បញ្ជាក់​របស់​លោក Nachman Ash មន្រ្តី​សុខាភិបាលជាន់ខ្ពស់​របស់​រដ្ឋាភិបាល​អ៊ីស្រាអែលដែល​ទទួលបន្ទុក​ដោះស្រាយជំងឺកូវីដ១៩ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២១។

លោកបាន​ឱ្យដឹងថា ក្រសួង​សុខាភិបាលអ៊ីស្រាអែល​ កំពុង​ខិតជិត​ដល់ការបញ្ចប់​នូវការធ្វើប្រព័ន្ធទិន្នន័យអនឡាញ ជាមួយ​ពលរដ្ឋ​ទាំងអស់​ដែលបាន​ចាក់វ៉ាក់សាំងរួច។ ពួកគេ​នឹង​ទទួលបានវិញ្ញាបនបត្រ «Green Passport» ដែល​អនុញ្ញាតឱ្យ​ពួកគេ អាចធ្វើដំណើរ​បានដោយសេរី។

ការចេញ​វិញ្ញាបនបត្រនេះ នឹងធ្វើឡើង​បន្ទាប់ពី​អ៊ីស្រាអែល បញ្ចប់ការបិទប្រទេសនៅថ្ងៃទី២១ ខែមករា ឆ្នាំ​២០២១ខាងមុខ។

គួរដឹងថា អ៊ីស្រាអែល កំពុងនាំមុខគេ​ក្នុងពិភពលោក​ដែល​មានអត្រាចាក់វ៉ាក់សាំងបង្ការកូវីដ១៩លឿន​ជាងគេ ប្រមាណ ២៧,១% ឬជាង២,៤លាននាក់ នៃចំនួន​ប្រជាជន​សរុប៩លាន​នាក់ គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២១។

ជាមួយ​នឹង​ការសម្រេចបាន​ការចាក់វ៉ាក់សាំង​ដ៏សកម្មនេះ លោកនាយករដ្ឋមន្រ្តី បេចាមីន នីទេនយ៉ាហ៊ូ បាន​អះអាងថា ប្រជាជន​អ៊ីស្រាអែល​គ្រប់គ្នា​នឹង​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ហើយវិល​ទៅរកជីវិតធម្មតា បើកសេដ្ឋកិច្ច ហើយ​នឹងក្លាយជាប្រទេស​ដំបូងគេ​ដែលងើបចេញ​ពីជំងឺនេះ។

គិតត្រឹមព្រឹកថ្ងៃទី​១៨ ខែមករា ឆ្នាំ២០២១នេះ អ៊ីស្រាអែលមាន​ករណីឆ្លងកូវីដ១៩សរុបជាង ៥៤,៨ម៉ឺននាក់ ក្នុងនោះ​ស្លាប់ជាង ៤០០៥នាក់ និងជាសះស្បើយជាង ៤៦ម៉ឺននាក់៕

ប្រភព៖ Ynetnews

អត្ថបទថ្មី
;