សម្តេច ហ៊ុន សែន៖ កម្ពុជា គ្រោងប្រើឥណទានរបស់ ADB ដើម្បីទិញវ៉ាក់សាំងកូវីដអង់គ្លេស
- 2021-01-22 03:04:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន៖ កម្ពុជា គ្រោងប្រើឥណទានរបស់ ADB ដើម្បីទិញវ៉ាក់សាំងកូវីដអង់គ្លេស
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងពិភាក្សាក្នុងការទិញវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលរក្សាក្នុងសីតុណ្ហភាពពី ២ ដល់ ៨អង្សារសេ ដោយប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ការថ្លែងនេះ ធ្វើឡើងក្នុងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។
ជាមួយគ្នានេះ កម្ពុជាក៏ស្នើសុំវ៉ាក់សាំងពីឥណ្ឌា និងកំពុងពិចារណាស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូងផងដែរ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm ដែលគ្រោងនឹងមកដល់កម្ពុជាក្នុងខែកុម្ភៈខាងមុខនេះ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ខ្ញុំក៏បានផ្ញើលិខិតជូននាយករដ្ឋមន្រ្តីឥណ្ឌា ដើម្បីឱ្យពិចារណាពិនិត្យលទ្ធភាពក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់កម្ពុជា។ ឥណ្ឌាកំពុងប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន ចាក់ឱ្យពលរដ្ឋរបស់ខ្លួន។ ខ្ញុំក៏កំពុងគិតថា តើគប្បីធ្វើលិខិតទៅប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីស្នើសុំវ៉ាក់សាំងរបស់គាត់ឬទេ ព្រោះគាត់ផលិតបានហើយ ហើយ COVAX ក៏ដូចជាដាក់បញ្ជាទិញទៅកូរ៉េខាងត្បូងផងដែរ។ យើងក៏បានស្ទាបស្ទង់ពិភាក្សាដើម្បីប្រើប្រាស់វ៉ាក់សាំងរបស់អង់គ្លេសហៅថា AstraZeneca ដែលរក្សាក្នុងសីតុណ្ហភាពពី ២ ដល់ ៨អង្សារសេដោយប្រើប្រាស់នូវឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ថវិកាមួយចំនួនឱ្យយើង អ៊ីចឹងយើងមានជម្រើសច្រើន»៕