ដឹងទីតាំង​ដែល​សម្តេច ហ៊ុន សែន ចាក់វ៉ាក់សាំងកូវីដមុនគេហើយ!

  • 2021-01-22 03:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងឱ្យដឹងថា សម្តេច​នឹង​ធ្វើ​ជាអ្នក​ដែល​ទទួលចាក់វ៉ាក់សាំងកូវីដ១៩របស់​ក្រុមហ៊ុន​ចិន​មុនគេ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាលម្នាក់​ គឺ​ជាអ្នកចាក់​ឱ្យសម្តេចតែម្តង ដើម្បី​ផ្តល់​ទំនុកចិត្តដល់​ប្រជាពលរដ្ឋខ្មែរ ខណៈកម្ពុជានឹង​ទទួល​បាន ៣០ម៉ឺនដូសដំបូង។ ការថ្លែងនេះ ធ្វើឡើង​ក្នុង​ក្នុងពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​អគារ​ទីស្តីការ​ក្រសួងសាធារណការ និងដឹកជញ្ជូន និង​វិទ្យាស្ថានតេជោសែន​សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ​២០២១។

រូបថត៖ Press OCM
សម្តេច​តេជា​បញ្ជាក់​ថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinopharm នឹងមកដល់លើកដំបូងនៅក្នុងខែកុម្ភៈខាងមុខ​នេះ ហើយ​សម្តេច​ប្រកាសថា នៅពេល​វ៉ាក់សាំង​មកដល់ព្រលានយន្តហោះពោធិ៍ចិនតុង សម្តេច​នឹងចេញ​ទៅទទួល​ខ្លួនឯងតែម្តង ដោយ​ចាត់ទុកថានេះ​ជាទំនិញ​យុទ្ធសាស្រ្ត និងជាសុវត្ថិភាព​សម្រាប់​ប្រជាជន​កម្ពុជា។

សម្តេច ហ៊ុន សែន ក៏បាន​ជំរុញឱ្យឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ទទួលចាក់វ៉ាក់សាំង​កូវីដ១៩ ក្នុងពេល​ជាមួយគ្នានឹងសម្តេចផងដែរ ហើយបន្ទាប់មកសម្តេចនឹងធ្វើសន្និសីទកាសែត​​នៅមន្ទីរពេទ្យ​កាល់ម៉ែត្រនោះតែម្តង​ដើម្បី​ជាសារបង្ហាញថា កម្ពុជាចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងហើយ។

ជាមួយគ្នានេះ សម្តេចក៏រំពឹងដែរថា មុនចូលឆ្នាំខ្មែរ ប្រជាជនចំនួន៥០ម៉ឺននាក់នឹងទទួលបាន​ការចាក់វ៉ាក់សាំងកូវីដ១៩៕

អត្ថបទថ្មី
;