កុន​គាត់​ថត​ឡើង​ល្បី​រក​បាន​ ៦០​លាន​ដុល្លារ តែ​តម្លៃ​ខ្លួន​គាត់​បែរ​ជា​ទាប​ដល់​ថ្នាក់ហ្នឹង!

  • 2021-02-01 23:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធ្លាប់​មើល​កុន​ដែល Nǃxau ǂToma ថត​ទេ? ល្បី​ណាស់ តើ​ត្រូវ​ទេ? Nǃxau ǂToma គឺ​ជា​តួ​សម្ដែង​ភាពយន្ត​អន្តរជាតិ​​​​ដ៏​ល្បី​មួយ​រូប កាល​ពី​កំឡុង​ទសវត្ស​ទី​៨០ និង​ទី​៩០ ក្រោយ​លោក​បាន​ចូលរួម​​ថត​រឿង​ដំបូង​​មួយ​ដែល​មាន​ចំណង​ជើង​ថា "The Gods Must Be Crazy"។

កើត​នៅ​ក្នុង​ប្រទេស​ណាមីប៊ី និង​ក្នុង​អម្បូរ​ជា​​កុលសម្ព័ន្ធ​ជនជាតិ​ភាគតិច​អាហ្វ្រិក លោក Nǃxau ǂToma ជា​មនុស្ស​​ដែល​មាន​ទេពកោសល្យ​​ដ៏​កម្រ​​ម្នាក់​នៅ​ក្នុង​វិស័យ​ភាពយន្ត​បែប​កំប្លែង។ "The Gods Must Be Crazy" ជា​ភាពយន្ត​ដែល​អង្រួន​បេះដូង​​ទស្សនិកជន​បាន​ច្រើន​សន្ធឹក ជា​ពិសេស​​​គឺ​ប្រជាជន​អាស៊ី​តែ​ម្ដង។ ភាពយន្ត​ផលិត​តាំង​ពី​ឆ្នាំ​១៩៨០​​នេះ​​​អាច​​​កើប​ចំណូល​ពី​ការ​ចាក់​បញ្ចាំង​បាន​ដល់​ចំនួន ៦០​លាន​ដុល្លារ​ឯណោះ។ នេះ​បើ​យោង​តាម​​​អ្នក​ដឹក​រឿង​​ម្នាក់​ឈ្មោះ Jamie Uys ដែល​ជា​អ្នក​​​នាំ Nǃxau ǂToma ទៅ​សម្ដែង​​ជា​លើក​ដំបូង។

ត្បិត​អី​រក​ចំណូល​បាន​ច្រើន ប៉ុន្តែ​បើ​ក្រឡេក​មក​មើល​​ប្រាក់​កម្រៃ​របស់ Nǃxau ǂToma វិញ ដែល​ជា​តួ​លេចធ្លោ​ជាង​គេ គឺ​បាន​ត្រឹម​តែ ៣០០​ដុល្លារ​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត គ្រា​នោះ លោក Nǃxau ǂToma មិន​ទាន់​ស្គាល់​​ផង​ថា​អ្វី​ជា​លុយ។ ដូច្នោះ​ហើយ​ទើប​កម្រៃ​ត្រឹម ៣០០​ដុល្លារ​នេះ​ត្រូវ​លោក​​​គ្រវែង​ចោល​​ទៅ​លើ​​មេឃ​យ៉ាង​រំភើយ។

លុះ​ក្រោយ​មក Nǃxau ǂToma ក៏​បាន​​យល់​ដឹង​ពី​តម្លៃ​ក្រដាស​​ប្រាក់ ទើប​នៅ​ក្នុង​ភាពយន្ត​បន្ទាប់​ដែល​គេ​ហៅ​លោក​ទៅ​ថត លោក​បាន​ទារ​​តម្លៃ​ខ្លួន​រហូត​ដល់ ៥០​ម៉ឺន​ដុល្លារ។ លោក Nǃxau ǂToma បាន​ប្រាប់​ថា លុយ​ទាំង​នេះ​ទុក​ប្រើ​សម្រាប់​សង់​ផ្ទះ​ថ្ម​មួយ ដែល​មាន​ភ្លើង​អគ្គិសនី​ និង​ទឹក​ស្អាត​ប្រើប្រាស់​សម្រាប់​​ក្រុម​គ្រួសារ​របស់​លោក ដែល​ក្នុង​នោះ​មាន​ប្រពន្ធ​៣​នាក់ និង​កូនៗ​ប៉ុន្មាន​នាក់​ទៀត។

ភាព​ជោគ​ជ័យ​បាន​ញ៉ាំង​ឲ្យ​លោក Nǃxau ǂToma បាន​ធ្វើ​ដំណើរ​ទៅ​ជា​ច្រើន​កន្លែង​លើ​ពិភពលោក និង​រីករាយ​ជាមួយ​ជីវិត​ថ្មី​បែប​ស៊ីវិល័យ​អស់​រយៈពេល​ជាង​១០​ឆ្នាំ។ យ៉ាង​ណា​មិញ ក្រោយ​ដឹង​ស្គាល់​អ្វី​សព្វ​បែប​យ៉ាង លោក Nǃxau ǂToma បាន​​សម្រេច​មក​រស់នៅ​ក្នុង​ជីវភាព​ជា​ជនជាតិ​ភាគ​តិច​វិញ ដែល​ស្ថិត​នៅ​ក្នុង​តំបន់ Kalahari។ លោក​បាន​ចិញ្ចឹម​សត្វ​ពាហនៈ ដាំ​ដុះ​ពោត និង​ល្ពៅ តាម​បែប​ធម្មជាតិ។

សូម​​រំលឹក​ថា តារា​​សម្ដែង​ជនជាតិ​ភាគ​តិច Nǃxau ǂToma បាន​ទទួល​មរណភាព​កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០០៣ នៅ​ក្បែរ​ផ្ទះ​របស់​លោក​ក្នុង​ប្រទេស​ណាមីប៊ី ក្រោយ​លោក​បាន​ចេញ​ទៅ​រក​អុស​ដុត។ មូលហេតុ​ស្លាប់​របស់​លោក​​នៅ​​មិន​ទាន់​​ដឹង​ច្បាស់​នោះ​ទេ ប៉ុន្តែ​បើ​តាម​ប្រភព​កន្លង​មក​បាន​​​​ដឹង​ថា លោក​ធ្លាប់​កើត​មាន​​ជំងឺ​របេង។ អាយុ​ពិត​របស់​លោក​ទៀត​សោត​ក៏​​មិន​ដឹង​ច្បាស់​ដែរ ប៉ុន្តែ​ប្រហែល​ជា​លោក​មាន​វ័យ​៥៩​ឆ្នាំ​នៅ​ពេល​​មរណភាព៕

ប្រភព៖ Face2Face ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;