ខុន​ដូ Penthouse តម្លៃ​២៣​លាន​ដុល្លារ​របស់ Zheng Shuang នៅ​តែ​លក់​មិន​ទាន់​ចេញ​ ទោះ​បញ្ចុះ​តម្លៃ

  • 2021-02-04 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខុន​ដូ​លំដាប់​ខ្ពស់​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Zheng Shuang ទើប​តែ​ទិញ​បាន​ប្រមាណ​មួយ​ខែ ក៏​ត្រូវ​ប្រញាប់​លក់​ចេញ​ដើម្បី​សង​បំណុល​គេ។

កាល​ពី​​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា ខុនដូ​នៅ​កណ្ដាល​ទីក្រុង​សៀងហៃ​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Zheng Shuang នៅ​តែ​លក់​មិន​ទាន់​ចេញ ដោយ​សារ​តែ​រឿង​អាស្រូវ​របស់​នាង​ផ្ទាល់។

ជាក់​ស្ដែង​តួ​រឿង LOVE O2O បាន​ទិញ​ផ្ទះ​លំដាប់​ខ្ពស់​នេះ​កាល​ពី​ថ្ងៃ​ទី ៨ ខែ​មករា ដោយ​នាង​បាន​សរសេរ​យ៉ាង​មោទកភាព​ចំពោះ​សមិទ្ធិផល​របស់​ខ្លួន​​ថា៖ ឆ្នាំ​២០២១ ចាប់​ផ្ដើម​ជីវិត​ឯករាជ្យ។ តាម​នោះ​ដែរ ទាំង​ថ្លៃ​ផ្ទះ និង​ថ្លៃ​រៀបចំ​ខាង​ក្នុង​អស់ ២៣​លាន​ដុល្លារ។

យ៉ាងណាក្ដី​ នៅ​ថ្ងៃ​ទិ ១៨ ខែ​មករា អតីតមិត្ត​ប្រុស​របស់​នាង​លោក Zhang Heng បាន​ចេញ​មុខ​បក​អាក្រាត​នាង​ថា​ជួល​គេ​បង្កើត​កូន តែ​មិន​ទទួល​​ស្គាល់​ដែល​ធ្វើ​ឲ្យ​អាជីព​ការងារ​របស់​នាង រលំ​ទាំង​ស្រុង​ក្នុង​មួយ​ប៉ព្រិច​ភ្នែក។

ដោយ​សារ​​តែ ត្រូវ​សង​ថ្លៃ​កុងត្រា​គេ​ច្រើន ស្រី​ស្អាត​៣០​ឆ្នាំ ត្រូវ​ដាច់​ចិត្ត​បង្ខំ​លក់​ផ្ទះ​នេះ​ចេញ ដោយ​លក់​តម្លៃ​ត្រឹម​តែ ២០​លាន​ដុល្លារ។ យ៉ាងណាក្ដី ទោះ​បី​ជា​មាន​តម្លៃ​ទាប​ជាង​ទីផ្សារ​ច្រើន តែ​ដោយ​សារ​គេ​ជឿ​ថា​ផ្ទះ​នេះ​មាន​ហុងស៊ុយ​មិន​ល្អ ទើប​មក​ដល់​ពេល​នេះ នៅ​តែ​លក់​មិន​ទាន់​ចេញ។

មុន​នោះ​ដែរ មាន​ព័ត៌មាន​បង្ហើប​ថា ដោយ​សារ​​ទ្រាំ​នឹង​សម្ពាធ​មិន​បាន តារា​កើត​ឆ្នាំ ១៩៩១​ បាន​​ធ្វើ​អត្តឃាត ប៉ុន្តែ​ឪពុក​របស់​នាង​បាន​ចេញ​មុខ​បក​ស្រាយ​ថា នេះ​មិន​មែន​ជា​ព័ត៌មាន​ពិត​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;