សម្តេច ហ៊ុន សែន ព្រមាន​ដកតំណែង​ប៉ូលិស​ដែល​ដោះលែង​មេក្លោង​នាំមនុស្សឆ្លងកាត់ព្រំដែន​

  • 2021-02-15 03:48:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ព្រមានដកតំណែង​មន្រ្តីនគរបាល​ដែលដោះលែងមេក្លោង​នាំមនុស្ស​ឆ្លងកាត់​ព្រំដែន​គេចមិនធ្វើចត្តាឡីស័ក។​

តាមរយៈសារជាសំឡេង​នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២១នេះ សម្តេចតេជោ បាន​លើកឡើង​យ៉ាងដូច្នេះថា៖

«ខ្ញុំ​សូមចេញ​បទបញ្ជា​ឱ្យមន្រ្តី​អនុវត្តច្បាប់ទាំងអស់ អនុវត្ត​ឱ្យបានម៉ឺងម៉ាត់ ចំពោះពួកមេក្លោង ដែលបាននាំមនុស្ស​ឆ្លងកាត់​ព្រំដែន ដោយបានគេចផុតអំពីការធ្វើចត្តាឡីស័ក។ ដូចជាយប់មិញ​ខ្ញុំបាន​បញ្ជាទៅកាន់​ខេត្តបាត់ដំបង និង​អគ្គស្នងការនគរបាលជាតិ អំពី​ព័ត៌មានទាក់ទិនជាមួយនឹងការចាប់បានពួកធ្វើសកម្មភាព ចាប់បានពួកអ្នកនាំផ្លូវហើយបែរជាដោះលែងទៅវិញ ដែលអាចនាំទៅដល់​ការដកឋានន្តរស័ក ឬបណ្តេញចេញពីជួរតែម្តងនូវមន្រ្តីនគរបាលណា ដែល​អនុវត្ត​ខុសឆ្គង​ទៅនឹង​វិធានការ​ទាំងឡាយ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការរត់ពន្ធមនុស្ស ដែលការរត់ពន្ធមនុស្សនេះ ស្ថិតនៅក្នុងស្ថានភាព​ធ្ងន់ធ្ងរ ដែល​វាអាចនាំទៅដល់​មហន្តរាយនៃសុខភាព​សាធារណៈ ដោយ​ជំងឺឆ្លង។ ខ្ញុំសូមឱ្យ​ចាប់ប្រមូលអ្នកពាក់ព័ន្ធជាមួយនឹង​ការ​នាំមនុស្សឆ្លងកាត់ផ្លូវរបៀង ដើម្បីអនុវត្តនូវការផ្តន្ទាទោស ឬក៏ណែនាំពួកគេយ៉ាងណានោះ ដើម្បីឱ្យពួកគេបញ្ឈប់​ការនាំមនុស្សឆ្លងដែន»៕

អត្ថបទថ្មី
;