ជប៉ុនទើបតែចាក់វ៉ាក់សាំងថ្ងៃពុធនេះ ខណៈប្រទេសគេផ្សេងចាក់តាំងពី២ខែមុន

  • 2021-02-17 03:34:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ជប៉ុន បានចាប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់​ក្រុមហ៊ុន Pfizer-BioNTech ហើយ​នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយដំណាក់កាលដំបូងនេះ គឺចាក់ទៅលើ​គ្រូពេទ្យ​ជួរមុខប្រមាណ ៤ម៉ឺននាក់​ដែលជាក្រុមអាទិភាព។

កន្លែង​ចាក់វ៉ាក់សាំងបើកកម្មវិធី ធ្វើឡើង​នៅមន្ទីរពេទ្យរដ្ឋមួយកន្លែង​ក្នុងក្រុងតូក្យូ ខណៈកន្លែងចាក់វ៉ាក់សាំង ១០០ទីតាំងទៀត នឹងធ្វើឡើង​នៅទូទាំងប្រទេស​ត្រឹម​សប្តាហ៍ក្រោយ។

ការចាប់ផ្តើម​ចាក់វ៉ាក់សាំងនេះ ធ្វើឡើង​ខណៈ ៦ខែទៀត ជប៉ុន​នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ​កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ក្រោមការប្តេជ្ញារបស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga ថា​រៀបចំព្រឹត្តិការណ៍នេះឱ្យបាន ទោះ​មានការរាតត្បាតនៃជំងឺកូវីដ១៩ក្តី។

យ៉ាងណាមិញ គេ​សង្កេត​ឃើញ​ថា យុទ្ធនាការចាក់វ៉ាក់សាំង Pfizer របស់​ជប៉ុន មានការយឺតយ៉ាវខ្លាំង​ប្រសិន​បើប្រៀបធៀប​នឹង​ប្រទេសជាច្រើន​ដែលបាន​ចាក់វ៉ាក់សាំងនេះ​តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ​២០២០កន្លងទៅ។

ភាពយឺតយ៉ាវរបស់ជប៉ុន មិនមែន​ជារឿង​អ្វី​ប្លែកឡើយព្រោះ​តែជប៉ុន​ជាប្រទេស​ដែលមានការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការចាក់វ៉ាក់សាំង ហើយមុននឹងសម្រេចអ្វីមួយ​ត្រូវឆ្លងកាត់​ច្រើន​ដំណាក់កាល។ រដ្ឋាភិបាលជប៉ុន បាន​រង់ចាំ​ទិន្នន័យច្បាស់លាស់ជាច្រើន​អំពី​ការធ្វើតេស្ត​សាកល្បង​គ្លីនីក​នូវវ៉ាក់សាំង Pfizer ព្រោះតែការសាកល្បង​ចាក់​នេះ មិនត្រូវបានធ្វើឡើង​ក្នុងប្រទេសជប៉ុន​នោះទេ។

ប្រទេស​ជាច្រើន បាន​ទទួល​យកលទ្ធផល​នៃការធ្វើតេស្ត​វ៉ាក់សាំង Pfizer ដែលបាន​ចេញផ្សាយ​កាលពីខែវិច្ឆិកា ឆ្នាំ​២០២០។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Pfizer បាន​ដាក់ស្នើសុំ​ប្រើប្រាស់​វ៉ាក់សាំងខ្លួន​សម្រាប់​ការប្រើប្រាស់បន្ទាន់​នៅក្នុងប្រទេសជប៉ុន កាលពីខែធ្នូ ដោយ​ផ្អែក​លើទិន្នន័យ​សាកល្បង​នៅក្រៅប្រទេស ប៉ុន្តែក្រុងតូក្យូ​សុខចិត្តរង់ចាំ​ការធ្វើតេស្តចាក់សាកល្បង​លើ​ជនជាតិជប៉ុន ដែល​ទិន្នន័យ​នេះទើបតែបង្ហាញនៅចុងខែមករាកន្លងទៅ ហើយត្រូវបាន​រដ្ឋាភិបាល​បើកភ្លើងខៀវកាលពីថ្ងៃទី១៤ កុម្ភៈ៕

ប្រភព៖ Japantimes

អត្ថបទថ្មី
;