ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ប្រឈមបញ្ហាធំៗ ២ក្នុងពេលបច្ចុប្បន្ន

  • 2021-02-26 07:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប អង្គរ លោក LU WEI បានបង្ហាញថា ការងារស្ថាបនាព្រលានយន្តហោះថ្មីនេះ កំពុងជួបប្រទះបញ្ហាប្រឈមធំៗចំនួន២។ ការលើកឡើងដូចនេះ ធ្វើ​ឡើងក្នុងកិច្ចប្រជុំជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ​ដែរ​ធ្វើ​ឡើងក្នុងគោលបំណងស្នើសុំឱ្យមានការគាំទ្រ និងជំរុញពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តាមរយ: លោករដ្ឋមន្ត្រី ដើម្បីបង្កើនល្បឿន និងដោះស្រាយកង្វល់ ២យ៉ាងនោះគឺ៖

១. ផ្នែកតភ្ជាប់បណ្តាញអគ្គិសនី និងការផ្គត់ផ្គង់អគ្គិសនី។

២. ការតភ្ជាប់បណ្តាញទឹកស្អាត និងការផ្គត់ផ្គង់ទឹកស្អាត។

ក្នុងកិច្ចប្រជុំនេះដែរ លោករដ្ឋមន្ត្រី បានជម្រាប ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាកាសយានដ្ឋានសៀមរាបអង្គរថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងសហការខិតខំជំរុញដល់ស្ថាបន័ពាក់ព័ន្ធនៅខេត្តសៀមរាប ក្នុងការជួយសម្រួលដោះស្រាយបញ្ហាដែលបានលើកឡើង ដើម្បីឲ្យបានសម្រេចទៅតាមផែនការដែលបានគ្រោងទុក។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានចាត់ទុកជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា និងចិន។ អ្នកជំនាញនៃក្រុមការងារចិន ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋាននេះ បានឲ្យដឹងថា តាមផែនការសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់គម្រោងទាំងមូល គ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧% ដែលនៅក្នុងនោះ ការសាងសង់ស្ថានីយអ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន៧៨% ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន៤៥% និងសំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយាដ្ឋានគ្រោងនឹងសម្រេចឲ្យបាន៥០%។

គួរបញ្ជាក់ថា ចាប់តាំងពីដំណើរការការដ្ឋានសាងសង់ស្ថានីយអ្នកដំណើរ កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ មកដល់ចុងឆ្នាំ២០២០ គឺសម្រេចបាន១៥% ចំណែកការសាងសង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាននាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០%។

អាកាសយានដ្ឋានថ្មីនៃទឹកដីខេត្តសៀមរាបនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលធានាបានថា ការហោះហើរ និងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តនេះ គ្រោងនឹងបញ្ចប់ ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេស និងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ គឺមានរយ:ពេលសរុប៣៦ខែ បើគិតចាប់ពីថ្ងៃបើកការដ្ឋាន ពាក់កណ្តាលខែមីនា ឆ្នាំ២០២០។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង ៣ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨មុឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង គម្រោងវិនិយោគ BOT រយ:ពេល៥៥ឆ្នាំ ក្រោយពេលគម្រោងប្រតិបត្តិការនេះត្រូវបានបញ្ចប់ នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

អត្ថបទថ្មី
;