ដើមចមដែល​លោក ជា ឡង់ដា បង្កើត​ក្រុមហ៊ុន BookMeBus

  • 2021-09-16 02:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​បើនិយាយពីឈ្មោះ វេបសាយ BookMeBus អ្នកដែលឧស្សាហ៍ធ្វើដំណើរកម្សាន្ត ឬ ទៅកាន់បណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា គឺប្រាកដជាស្គាល់ច្បាស់ជាក្រុមហ៊ុនមួយដែលយើងអាចកក់សំបុត្ររថយន្តក្រុង តាក់ស៊ី និងសំបុត្រជិះទូកជាដើម ។ លោក ជា ឡង់ដា គឺជាសហគ្រិនវ័យក្មេងមួយរូប និងជាស្ថាបនិក ដែលបង្កើតក្រុមហ៊ុន BookMeBus ​នេះឡើង ។ អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថា តើមូលហេតុអ្វីបានជាលោកបង្កើតក្រុមហ៊ុនកក់សំបុត្រឡានក្រុងនេះឡើង?

ឆ្លើយតបដោយទឹកមុខញញឹមញញែម ទៅកាន់សំណួររបស់លោក ជី សិលា នៅក្នុងកម្មវិធី Starting Up ជា ឡង់ដា បានទម្លាយពីមូលហេតុនាំឱ្យលោកមានគំនិតចង់បង្កើតក្រុមហ៊ុនកក់សំបុត្ររថយន្តនេះឡើង ។ ហាក់ជាមូលហេតុគួរឱ្យចង់អស់សំណើចបន្តិច តែវាជាការពិតដែលគ្រប់គ្នាធ្លាប់ជួបប្រទះពេលជិះរថយន្តឈ្នួលទៅខេត្តនៅបេនឡានម្ដងៗ ។ ម្ចាស់ក្រុមហ៊ុន BookMeBus ប្រាប់ថា កាលពីអំឡុងឆ្នាំ ២០១៥ នៅរដូវបុណ្យទានដូចជា ឆេងម៉េង បុណ្យចូលឆ្នាំ ជាដើម លោកតែងធ្វើដំណើរទៅខេត្តបាត់ដំបង ដែលជាស្រុកកំណើត ហើយរាល់ពេលធ្វើដំណើរម្ដងៗ គឺលោកត្រូវទៅបេនឡាន ដើម្បីរករថយន្តឈ្នួលជិះ ។

ការធ្វើដំណើរតាមរថយន្តឈ្នួលម្ដងៗ លោកជា ឡង់ដា ថាប្រសិនបើជាអ្នកស្គាល់តៃកុងឡានមិនអីទេ អាចខលសួរមុនអ៉ីចឹងទៅ តែបើមិនស្គាល់ទេ ត្រូវបានព្រូឡានទាញមុខទាញក្រោយ ជាពិសេសការធ្វើដំណើរត្រូវរង់ចាំយូរទម្រាំរថយន្តបានចេញ ។ «ចេញលូវហើយ ចាំមួយទៀតពេញហើយ ជិតបានចេញហើយ តែនៅពេលទៅដល់គឺមានតែយើងម្នាក់ ក្នុងឡាន ឬ មួយត្រូវបានផ្ទេរទៅឡានមួយទៀតដែលជាដៃគូររបស់គាត់» ។ លោកជា ឡង់ដា និយាយអមដោយសំណើចតិចៗ ។

ដោយសារតែឃើញរូបភាពបែបនេះពេលធ្វើដំណើរម្ដងៗ ទើបយុវជនរូបនេះ មានគំនិតចង់បង្កើតក្រុមហ៊ុនមួយ ដែលអ្នកដំណើរអាចកក់សំបុត្រទុកមុន ហើយពេលទៅដល់ចំណតមិនពិបាករង់ចាំយូរ ស្រួលទាំងតៃកុងឡាន និងអ្នកដំណើរ ។ ដោយសារនៅក្នុងពេលនោះលោកកំពុងធ្វើពេញម៉ោងនៅក្នុងក្រុមហ៊ុនជប៉ុនមួយ ទើបគំនិតការបង្កើតសេវាកម្មនេះ ចេះតែត្រូវបានពន្យាពេលបន្តបន្ទាប់ រហូតដល់ពេលមួយដែលទ្រាំលែងបាន លោកក៏បានដាក់ពាក្យលាឈប់ពីការងារ ហើយចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងតាំងពីពេលនោះមក ។ ជំហានដំបូងនោះ គឺគ្រាន់តែបង្កើតជារថយន្តតាក់ស៊ីដែលលោកដាក់ឈ្មោះ Cambo Taxi ហើយក្រោយៗមកទៀតដោយសារឈ្មោះនេះ មានច្រើននៅលើទីផ្សារ ទើបងាកមកដាក់ថា BookMeBUs ​ដែលលោកគិតថាប្លែក ហើយក៏ទទួលបានជោគជ័យជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។

ទស្សនាវីដេអូសម្ភាសទាំងស្រុងជាមួយលោក ជា ឡង់ដា ដូចខាងក្រោមនេះ៖

សូមជម្រាបជូនថាកម្មវិធី Starting Up មានផ្សាយរៀងរាល់ថ្ងៃសៅរ៍ ម៉ោង ១០ព្រឹក ភ្ញៀវ​ដែលចូលរួម​ក្នុង​កម្មវិធីនេះ គឺជា​សហគ្រិន​ពីគ្រប់វិស័យ​ផ្សេងៗគ្នា ទាំងវិស័យ​បច្ចេកវិទ្យា ម្ហូបអាហារ កសិកម្ម លក់ដូរ និងវិស័យជាច្រើនទៀត ។ ចំណែកឯអ្នកសម្របសម្រួលកម្មវិធីសុទ្ធតែជាសហគ្រិនជើងចាស់ដូចជា៖ លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group, កញ្ញា​ ដែក ដារី នាយកគ្រប់គ្រងទូទៅ​ក្រុមហ៊ុន 360 Events, លោក ធុល រិទ្ធី សហស្ថាបនិក និងជានាយកប្រតិបត្តិ Smallworld Venture, លោក លោក ស៊ឹម ចាន់គីរីរត្ន ស្ថាបនិក និងជានាយកប្រតិបត្តិ​ក្រុមហ៊ុន Banhji ៕

អត្ថបទថ្មី
;