ដំរី​ ១៤​ក្បាល ​នឹងត្រូវ​បញ្ឈប់​សេវា​ដឹកជញ្ជូន​ភ្ញៀវទេសចរ​នៅ​តំបន់​អង្គរ​ត្រឹម​ឆ្នាំ​២០២០

  • 2019-06-21 08:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ​សត្វ​ដំរី​ចំនួន​១៤​ក្បាល​នៅក្នុង​តំបន់​អង្គរ នឹងត្រូវ​បញ្ឈប់​សេវា​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ ដោយ​​ដំរី​ទាំងនេះ នឹង​ត្រូវបញ្ជូន​ទៅឱ្យ​រស់នៅ​តាម​បែប​ធម្មជាតិ​នៅក្នុង​ព្រៃ​សហគមន៍​ប្បុស​ធំ​ នៅ​ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ សម្រាប់​ឱ្យភ្ញៀវ​ទៅ​ទស្សនាវិញ។ ​នេះ​បើតាម​​ការបញ្ជាក់​របស់លោក​ ឡុង​ កុសល​ អ្នកនាំពាក្យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ បានឱ្យដឹង​កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក​ ឡុង​ កុសល​ បាន​​និយាយថា ​បន្ទាប់ពី​ពិនិត្យឃើញថា ​ការប្រើប្រាស់​សត្វ​ដំរី​ដើម្បី​ដឹក​អ្នក​ទេសចរ​​កម្សាន្ត​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ធ្វើឱ្យប៉ះពាល់​ដល់​ការរស់នៅ​តាមបែប​ធម្ម​ជាតិ​របស់​វា​ អាជ្ញាធរ​ជាតិ​អប្សរាក៏បាន​ប្រជុំ​ពិភាក្សាគ្នា​ជាមួយ​អ្នកគ្រប់គ្រង​ដំរី​នៅ​តំបន់​អង្គរ​នេះ ដើម្បី​រក​ដំណោះស្រាយ​។​

នៅក្នុង​កិច្ចប្រជុំ​នោះ ​អ្នកគ្រប់គ្រង​សត្វ​ដំរី​ និង​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ឯកភាពគ្នា​ឱ្យ​ឈប់​ការប្រើប្រាស់​សត្វ​ដំរី​ដើម្បី​ដឹក​អ្នកទេសចរ​កម្សាន្ត​នៅ​តំបន់​អង្គរ​នៅត្រឹម​ឆ្នាំ​២០២០​ ហើយ​បញ្ជូន​សត្វ​ដំរី​ទាំងនោះ​ទៅ​មណ្ឌល​អភិរក្ស និង​មជ្ឈមណ្ឌល​បង្កាត់​ពូជ ដើម្បីឱ្យ​ពួកវា​រស់នៅ​តាមបែប​ធ​ម្ម​ជាតិ​វិញ​។

​លោក​ អ៊ា​ន ​គី​រី ​ប្រធាន​គណៈកម្មាធិការ​ដំរី​អង្គរ​បានឱ្យដឹងថា​ សត្វ​ដំរី​ដែល​ដឹក​អ្នកទេសចរ​កម្សាន្ត​នៅ​តំបន់​អង្គរ​បច្ចុប្បន្ននេះ​មាន​ចំនួន​១៤​ក្បាល​ ហើយ​ចំពោះ​ព័ត៌មាន​ថាប​ញ្ឈ​ប់​សេវាកម្ម​យក​សត្វ​ដំរី​ដឹក​អ្នកទេសចរ​កម្សាន្ត​នៅ​តំបន់​អង្គរ​នេះ លោក​នឹង​អនុវត្ត​ទៅតាម​ការសម្រេច​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក​ ម៉ុង​ ប៊ុន​លីម​ ប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​ បានឱ្យដឹង​ថា ​ដើម្បី​រក​កន្លែង​ដាក់​សត្វ​ដំរី​ឱ្យ​រស់នៅ​ក្នុងព្រៃ​តាមបែប​ធម្មជាតិ​វិញ​ ខាង​ក្រុមហ៊ុន​គ្រប់គ្រង​ដំរី​នៅ​តំបន់​អង្គរ​ បាន​ទាក់ទង​មក​ខាង​រដ្ឋបាល​ព្រៃឈើ​ ដើម្បី​រក​ព្រៃ​ណាមួយ​ក្នុង​ខេត្តសៀមរាប​ឱ្យ​ពួកវា​រស់នៅ​។​ ខាង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​ឯកភាព​ឱ្យ​យក​សត្វ​ដំរី​ទាំងនេះ​ ទៅ​ដាក់​នៅក្នុង​ព្រៃ​សហគម​ន៍​ប្បុស​ធំ​ដែលមាន​ផ្ទៃដី​ ៤០០​ហិកតា​។​ ​ប៉ុន្តែ​កន្លែង​សម្រាប់​ឱ្យ​សត្វ​ដំរី​រស់នៅ​មាន​ចំនួន​៤០​ហិកតា​ ដោយ​ធ្វើការ​ផ្លាស់​ទី​ក្នុង​មួយឆ្នាំ​ម្តង​។​ ជាមួយគ្នា​នោះ​បើសិន​ការខូចខាត​ព្រៃឈើ ​ក្រុមហ៊ុន​គ្រប់គ្រង​សត្វ​ដំរី នឹងត្រូវ​ដាំ​ដើមឈើ​ឱ្យ​សហគមន៍​វិញ​។​

​លោក​បញ្ជាក់ថា ចំពោះ​អ្នកទេសចរ​នៅតែ​អាច​ទៅ​ទស្សនា​សត្វ​ដំរី​នេះ​បាន ដោយ​ខាង​ក្រុមហ៊ុន និង​រៀបចំ​កម្មវិធី​ឱ្យ​អ្នកទេសចរ​ទៅ​ទស្សនា​សត្វ​ដំរី​ទាំងនេះ​នៅក្នុង​ព្រៃ ដោយ​ខាង​អ្នកគ្រប់គ្រង​ដំរី និង​បង្ហាត់បង្រៀន​ពួកវា​ឱ្យ​ចេះ​គូរគំនូរ​ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​ ដែល​ធ្វើឱ្យ​អ្នកទេសចរ​ចង់​ទស្សនា​រូបភាព​ប៉ិនប្រសប់​របស់​ពួកវា​៕

ប្រភព៖ រស្មីកម្ពុជា

អត្ថបទថ្មី
;