ក្រុម​វ័យ​ចាស់ កំពង់​ចាម FC ​លើក​ពាន Tiger Street Football 2020 ​មណ្ឌល​កំពង់​ចាម​

  • 2020-02-11 07:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម ​កំពង់​ចាម FC ​ដែល​មាន​កីឡាករ​វ័យ​​​ចាស់ដល់ទៅ​២​នាក់ (អាយុ​៣៥ ​និង​៤១​ឆ្នាំ) ​បាន​នាំ​ក្រុម​ឈ្នះ​ជើង​ឯក Tiger Street Football 2020 ​មណ្ឌល​កំពង់​ចាម​ហើយ ​ក្រោយ​ពី​ឈ្នះ​ក្រុម ​ផ្ទះ​ល្វែង ម៉ារីសា FC ​ក្នុង​លទ្ធផល ២-១ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

​សម្រាប់​ការ​ប្រកួត​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែរ ពិត​ជា​ល្អ​មើល​មែនទែន ដោយ​មាន​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​ពេញ​កន្លែង​អង្គុយ ​និង​ឈរ​មើល​ជុំ​វិញ​ទីលាន​ប្រកួត​តែ​ម្ដង។ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក្រុម កំពង់​ចាម FC ​និង​ក្រុម​ផ្ទះ​ល្វែង ម៉ារីណា ​បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ ​ដោយ​ម៉ោង​លេង​ស្មើ​គ្នា ១-១ ​តម្រូវ​ឱ្យ​ថែម​ម៉ោង​ដក​កីឡាករ​ទៀត ទើប​ស្វែង​រក​អ្នក​ឈ្នះ​ឃើញ។ ​ចប់​ការ​ប្រកួត ​ក្រុម កំពង់​ចាម FC ​ជា​អ្នក​បាន​ជើង​ឯក ​ដោយ​ឈ្នះ​ក្នុង​លទ្ធផល ២-១។

​ក្រុម​លេខ​៣​វិញ ​បាន​ទៅ​លើ​ក្រុម កុក​ស ​ដែល​យក​ឈ្នះ​លើ​ក្រុម Member Fox A ​ក្នុង​លទ្ធផល ​១-០។ សម្រាប់​៣​ក្រុម​ទៀត​ដែល​មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​ដែរនោះ រួម​មាន King Lion , Justice FT ​និង​ក្រុម​អ្នក​ប្រមាញ់​ទីក្រុង។ ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ​ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី​១​ខែ​មីនា​ឆ្នាំ​២០២០ ដោយ​មាន​វត្តមាន​របស់​កីឡាករ​លំដាប់​ពិភព​លោក Rio Ferdinand វីរបុរស​របស់​ក្រុម Manchester United ​​ចូល​រួម​ផង​ដែរ។

សម្រាប់​ប្រាក់​រង្វាន់​នៅ​មណ្ឌល​នេះ ​គឺ​ក្រុម​ កំពង់​ចាម FC ​បាន​ ១ ៥០០​ដុល្លារ ក្រុម​លេខ​២ ​ផ្ទះ​ល្វែង​ម៉ារីណា ​បាន ១ ០០០​ដុល្លារ ​ក្រុម​លេខ​៣ ​កុក​ស ​បាន​៥០០​ដុល្លារ ​និង​ក្រុម​លេខ​៤ Member Fox A ​បាន​២០០​ដុល្លារ។ មណ្ឌល​បន្ទាប់​ពី​កំពង់​ចាម ​នេះ​គឺ​មណ្ឌល​កំពត ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ១៦​ខែ​កុម្ភៈ​ឆ្នាំ​២០២០៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;