ធនាគារ EU ​ចុះ​កិច្ច​ព្រមព្រៀង​​ផ្តល់កម្ចី ៦០លាន​ដុល្លារ​ឱ្យ​កម្ពុជា សម្រាប់​ «គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹកស្អាត​បាក់ខែង»

  • 2019-06-21 02:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហែម វណ្ណឌី អនុ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ឥណទាន​សម្បទាន ដែលមាន​ទឹកប្រាក់​ចំនួន ៦០លាន​ដុល្លារ​អាមេរិក ជាមួយ​តំណាង​ស្របច្បាប់​ធនាគារ​វិនិយោគ​អឺរ៉ុប (EIB) សម្រាប់​ការ​អនុវត្ត​ «គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹកស្អាត​បាក់ខែង» កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហភាព​អឺរ៉ុប នា​ទីក្រុងព្រុចសែល ប្រទេស​បែលហ្សិក។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រូបថត៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
គម្រោង​នេះ មាន​រយៈពេល​អនុវត្ត​ចំនួន៤ឆ្នាំ ចាប់ពីឆ្នាំ​២០១៩ ដល់ ២០២២ និង​មាន​គោលដៅ​បង្កើន​សមត្ថភាព​ផលិត​ទឹកស្អាត​បន្ថែម​របស់​រដ្ឋាករ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ​ក្នុងបរិមាណ១៩៥ ០០០ម៉ែត្រគូប​ក្នុងមួយថ្ងៃ នៅក្នុងឆ្នាំ​២០២២ បន្ថែម​លើ​សមត្ថភាព​ផលិត​ដែលមាន​ស្រាប់​បច្ចុប្បន្ន ៥៦០ ០០០​ម៉ែត្រគូប​ក្នុងមួយ​ថ្ងៃ។

គម្រោង​នេះ មាន​ទឹកប្រាក់​សរុប​ចំនួន ២៤៧​លានដុល្លារ ក្នុងនោះ​ឥណទាន​សម្បទាន​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) ចំនួន ៨៥​លានដុល្លារអាមេរិក, ឥណទាន​សម្បទាន​សរុប​ពី EIB ចំនួន​ ១០០លានដុល្លារ​អាមេរិក, ហិរញ្ញ​ប្បទាន​ឥតសំណង​ពី​សហគមន៍​អឺរ៉ុប ចំនួន​១៥លានដុល្លារ​អាមេរិក និង​ថវិកា​បដិភាគ​របស់​រដ្ឋាករ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ​ចំនួន ៤៧​លានដុល្លារអាមេរិក។

រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ គឺ​ជាភ្នាក់ងារ​ប្រតិបត្តិការ​គម្រោង​ខាងលើនេះ និង​ជាអ្នកខ្ចី​បន្ត​ពីរាជរដ្ឋាភិបាល​កម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;