កម្ពុជា ច្រានចោល​ការ​លើកឡើង​ថា «ចិន​ប្រើ​តំបន់​សេដ្ឋកិច្ច​ក្រុង​ព្រះសីហនុ​ បញ្ជូន​ទំនិញ​ទៅ​អាមេរិក ដើម្បីគេច​ពីការ​បង់ពន្ធ»

  • 2019-06-23 08:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​បាន​ច្រាន​ចោល​នូវការលើកឡើង​របស់​មន្រ្តី​នាំពាក្យ​ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend Zwartjes ដែល​បាន​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​ថា៖ នាយកដ្ឋាន​សន្តិសុខ​ជាតិ​អាមេរិក បាន​ត្រួតពិនិត្យ​រកឃើញ និង​ពិន័យ​ទៅលើ​ក្រុមហ៊ុន​ចិន​មួយចំនួន មាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ដែល​បាន​បំពាន​បំរាម​គយ​របស់​អាមេរិក ដោយ​ថា ក្រុមហ៊ុន​ទាំងនោះ​បាន​បញ្ជូន​ទំនិញ​ពីចិន មាន​ដូចជា អាស៊ីតអាមីណូ ម៉្សៅ​អាហារ​ធ្វើពីគ្រាប់​ធញ្ញជាតិ (ពោត ស្រូវ ឬដំឡូង) និង​បំពង់ដែកថែប​ជាដើម ទៅអាមេរិក តាមរយៈ​ប្រទេស​កម្ពុជា ដើម្បី​គេចពីការបង់ពន្ធ ឬបង់ពន្ធ​ក្នុងកម្រិត​លើកលែង។

ក្រោយចុះស្រាវជ្រាវរួចមក ក្រសួង​ពាណិជ្ជកម្ម​បានបញ្ជាក់​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ មិនមាន​ក្រុមហ៊ុន​ផលិត​ម្ស៉ៅ​អាហារ​ធ្វើពី​គ្រាប់​ធញ្ញជាតិ និង​បំពង់​ដែកថែបទេ។ ចំពោះ​ផលិតផល​អាស៊ីដអាមីណូ កន្លងទៅ​ក្រុមហ៊ុន INFINITE MANUFACTURING CO.,LTD ដែល​ទទួលបាន​អនុញ្ញាតឱ្យ​វិនិយោគ​ត្រឹមត្រូវ​ពីក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) តាំងពី​ដើម​ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​ធ្វើប្រតិបត្តិការ​ផលិត​កម្ម និង​នាំចេញ រហូតដល់​ខែសីហា ឆ្នាំ​២០១៧។ ប៉ុន្តែ​ចាប់តាំងពីខែ​កញ្ញា ឆ្នាំ​២០១៧ មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​មួយនេះ ពុំដំណើរការ​ផលិតកម្ម និង​សកម្មភាព​នាំចេញ​ឡើយ។

ជាមួយគ្នានេះ ក្រសួង​ពាណិជ្ជកម្ម​ក៏បាន​ឱ្យដឹងដែរថា តំបន់​សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ គឺ​ជា​តំបន់​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ពហុ​បំណង​ដែល​ប្រមូលផ្តុំ​ទៅដោយ​សហគ្រាស​ចិន កម្ពុជា អាមេរិក ជប៉ុន បារាំង កូរ៉េខាងត្បូង អៀរឡង់ វៀតណាម និង​ថៃ​ជាដើម។ ក្នុងនោះ​មាន​ផលិត​នូវ​ទំនិញ​ចម្រុះ ដូចជា វាយនភណ្ឌ សម្លៀក​បំពាក់ កាបូប និង​ផលិតផល​ស្បែក និង​ឧបករណ៍​ផ្សេងៗ​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;