​ប្រ​ទេស​អាស៊ានពីរ​បាន​ប្តូរ និង​ប្រកាស​ប្ដូរទីក្រុង​របស់​ខ្លួន​នៅ​ដើមសតវត្សរ៍ទី២១​នេះ

  • 2019-08-28 02:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាង​ហោច​ណាស់​ប្រ​ទេស​ជា​សមាជិក​អាស៊ាន​ចំនួន​ពីរ​បាន​ប្ដូរ និង​ប្រ​កាស​ប្ដូរទីតាំង​រដ្ឋធានី​របស់​ខ្លួន​ក្នុង​សតវត្សរ៍ទី​២១​នេះ។ ប្រ​ទេស​មីយ៉ាន់​ម៉ា ឬអ្នក​ខ្លះ​ធ្លាប់​ហៅ​ថា​ភូមា បាន​សម្រេច​ប្តូរ​រដ្ឋធានី​របស់​ខ្លួន​ទីក្រុង​យ៉ាំង​ហ្គោនទៅ​កាន់ទីក្រុង​ណៃពី​ដោវិញ​។

ទី​ក្រុង​យ៉ាំង​ហ្គោន​ជា​រដ្ឋធានី​របស់​ប្រ​ទេស​នេះ​តាំងពី​ឆ្នាំ​១៩៤៨ និង​បាន​បន្ត​រហូត​ដល់​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ២០០៥។ ក្រោយ​ពីនេះ​រដ្ឋបាល​ដឹង​នាំដោយ​របប​យោ​ធា​នាសម័យ​នោះ​បាន​ផ្លាស់​មក​ណៃពី​ដោ វិញដែល​ឈ្មោះនេះ​មាន​ន័យថា​ទីក្រុង​របស់​ស្តេច និងមាន​ចម្ងាច​៣៧០​គីឡូម៉ែត្រពីទីក្រុង​ចាស់​។​

​​ទីក្រុង​ណៃពិដោ មាន​ផ្ទៃដី ៧ ០៥៤​គីឡូម៉ែត្រការ៉េ ដែល​គេ​ថា​ធំជាង​ទីក្រុង​ឡុងដ៍​របស់អង់គ្លេស​ដល់ទៅ​បួន​ដង។​

មូ​ល​ហេតុ​នៃការ​សម្រេច​ផ្លាស់ប្ដូរទីក្រុងរបស់​មីយ៉ាន់​ម៉ា​នេះ​ មិន​មាន​អ្នក​ដឹង​ជា​ផ្លូវ​ការ​នោះទេ។ រដ្ឋមន្ត្រីក្រ​សួង​ព័ត៌មាន​របស់​ប្រ​ទេស​នេះ​ធ្លាប់បាន​ប្រាប់​BBCថា​មូល​ហេតុនៃការ​ផ្លាស់​ប្តូរ​ទីក្រុង​នេះ​​ផ្អែក​លើ​ទីតាំង​យុទ្ធសាស្រ្ត ខណៈ​អ្នក​វិភាគ​ខ្លះ​នៅ​តែ​មិន​អស់​ចិត្តពី​រឿង​នេះ។ អ្នក​វិភាគ​ខ្លះ​ថា​រដ្ឋអំណាច​យោធា​របស់​ភូមា​នៅ​ពេល​នោះទំនងជា​បារម្ភ​រឿង​ការ​ឈ្លានពានពី​បរទេស ឬ​ក៏​ចង់​គ្រប់​គ្រង​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ជិត​ៗ​ទីក្រុង​នោះជាង។​

ប្រ​ទេស​ទី​ពីរ​គឺ​ឥណ្ឌូ​ណេស៊ី ដែល​ព័ត៌មាន​ពី​ការ​ផ្លាស់ប្តូរទី​ក្រុង​នេះត្រូវ​បាន​ប្រ​ធានាធិបតី​ប្រ​កាស​ជា​ផ្លូវ​ការ​នៅ​មុខ​រដ្ឋសភាកាលពី​ថ្ងៃទី​១៦ ខែសីហា និង​​​ត្រូវ​បាន​ប្រ​ព័ន្ធផ្សព្វ​ផ្សាយ​ជា​ច្រើន​បាន​លើក​យក​មក​ផ្សាយ និង​បាន​បញ្ជាក់ពី​មូល​ហេតុ​ខ្លះ​ៗ​ផងដែរ។

(ទីក្រុង​ហ្សាកាតា/រូបភាព៖ ហ្វេស​ប៊ុក​លោក​ប្រ​ធានាធិបតីJoko Widodo)

​មូល​ហេតុ​នេះ​ការ​ផ្លាស់​ប្តូរ​រដ្ឋធានី​នេះ​មិន​មែន​ជា​រឿង​ពិបាក​យល់​នោះទេ។ ទីក្រុង​ហ្សាកាតា​បច្ចុប្បន្ន​លិច​ពី​១ទៅ​១៥​សង់ទីម៉ែត្រក្នុង​មួយ​ឆ្នាំ។ ស្ទើរ​តែ​ពាក់​កណ្ដាល​នៃទីក្រុង​នេះ​ទាប​ជាង​នីវ៉ូ​ទឹក​សមុទ្រ។ ទីក្រុង​នេះ​ស្ថិត​ក្នុងទីតាំង​ងាយ​រង​ទឹក​ជំនន់ ហើយ​សមុទ្រជ្វារ​​ស្ទើរ​តែ​លេប​ទីក្រុង​នេះ​ទៅហើយ រួម​ទាំង​មាន​ទន្លេ​ដល់ទៅ​១៤​ហូរ​កាត់​ទីក្រុង​នេះទៀត​ផង។

​បើ​និយាយ​ពី​ចរាចរណ៍​វិញ នៅ​ឆ្នាំ​២០១៦ ការសិក្សា​មួយ​រក​ឃើញ​​ថា​ទីក្រុង​ហ្សាកាតា​ជាទីក្រុង​ដែល​មាន​ការ​កក​ស្ទះ​ខ្លាំង​ជាងគេ​នៅ​លើពិភព​លោក​។ រដ្ឋមន្ត្រី​របស់​ប្រ​ទេស​នេះ​ដើម្បី​ទៅ​ប្រ​ជុំ​ឲ្យ​បាន​ទាន់​ម៉ោង​ត្រូវ​មាន​​នគរបាល​ជួយ​បើក​ផ្លូវជានិច្ច។​ ចំណែក​ប្រ​ជា​ជន​ក្នុង​ទី​ក្រុ​ង​វិញ​មាន​រហូត​ដល់​៣០​លាន​នាក់ ហើយ​កាក​សំណល់​ប្រ​ហែល​ជា​២ទៅ​៤​ភាគ​រយ​ប៉ុណ្ណោះ​ត្រូវ​បាន​គ្រប់គ្រង​ត្រឹម​ត្រូវ​។

ទីក្រុង​ថ្មី​ត្រូវ​គេជឿថា​នៅ​Kalimantan ជាផ្នែក​មួយ​នៃ កោះ​បូណេអូ។ ការ​ចំណាយ​ក្នុង​ការ​ផ្លាស់​ប្តូរទីក្រុង​នេះ​អាចនឹង​ដល់​៣៣​ពាន់​លាន​ដុល្លារ និង​អាច​ស៊ីពេល​រហូត​ដល់​១០​ឆ្នាំ​។ ទំហំទីក្រុង​វិញ​អាច​មាន​ចន្លោះពី​៣០ម៉ឺន​ទៅ​៤០​ម៉ឺន​ហិកតា ដែល​មាន​ផ្ទះ​ប្រ​ហែល​៩០០ ០០០​ខ្នង និង​មាន​ប្រ​ជាជន​ប្រហែល​១,៥លាន​នាក់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទថ្មី
;