ប្រទេសណាខ្លះ ដែលចូលរួម​ក្នុងសង្គ្រាមលោកលើកទី១?

  • 2021-01-13 07:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយមាន​ការជួយគាំទ្រ​ពីអាល្លឺម៉ង់ អាណាចក្រអូទ្រីស-ហុងគ្រី បាន​ប្រកាស​សង្គ្រាម​ជាមួយស៊ែប នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​១៩១៤ ក្រោយអ្នកជាតិនិយមស៊ែប​ធ្វើគតព្រះអង្គម្ចាស់ Archduke Franz Ferdinand ដែល​ជារជ្ជទាយាទ​របស់​អូទ្រីស នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​១៩១៤។

ចុចអាន៖ សង្គ្រាម​លោកលើកទី១ ផ្ទុះឡើង​ក្រោយ​ការធ្វើគត​​រជ្ជទាយាទមួយ​អង្គនេះ!

១ថ្ងៃក្រោយការ​ប្រកាសសង្គ្រាម កងទ័ពអូទ្រីស បាន​បាញ់​កាំភ្លើងធំចូល​ទីក្រុងបែលក្រាត ប្រទេសស៊ែប។ រុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់ស៊ែប ក៏បាន​ចេញ​បញ្ជាឱ្យចល័តទ័ព​ប្រយុទ្ធជាមួយអូទ្រីស។

​នៅថ្ងៃទី៣១ ខែកក្កដា អាល្លឺម៉ង់ បាន​ចេញ​លិខិត​ឱសានវាទ​ ឱ្យ​រុស្ស៊ី ផ្អាកចល័តក្នុងពេល ២៤ម៉ោង និង​លិខិតឱសានវាទ ១៨ម៉ោង ឱ្យបារាំង ធ្វើយ៉ាងរក្សាអព្យាក្រឹត្យ​ ក្នុងករណីមានការផ្ទុះសង្គ្រាមរវាង រុស្ស៊ី និងអាល្លឺម៉ង់។

យ៉ាងណាមិញ ទាំងរុស្ស៊ី និងបារាំង មិនខ្វល់​នឹង​ការទាមទារនេះឡើយ។ នៅថ្ងៃទី១ ខែសីហា អាល្លឺម៉ង់បានសម្រេចចល័តទ័ព ហើយ​ប្រកាស​សង្គ្រាម​ជាមួយ​រុស្ស៊ី។ ជាមួយគ្នានេះ បារាំងក៏បានចេញទ័ពដែរ។

នៅថ្ងៃបន្ទាប់​ អាល្លឺម៉ង់​បាន​បញ្ជូន​ទាហាន​ចូល​ក្នុងប្រទេសលុចសំបួ រួចទាមទារឱ្យ​បែលហ្សិក បើកផ្លូវសម្រាប់​កងទ័ពខ្លួន​ធ្វើដំណើរ។ ដោយសារ​​បែលហ្សិក​ដែលជា​​ប្រទេសអព្យាក្រឹត្យ មិនព្រម​បើកផ្លូវ ទើបបង្ខំឱ្យ​កងទ័ព​អាល្លឺម៉ង់​សម្រេចចូលឈ្លានពាន​បែលហ្សិក។ ឃើញបែបនេះ អង់គ្លេស​ដែលមិនឈរនៅខាងណានោះ ក៏ចេញមុខជួយការពារបែលហ្សិកដែរ។

  • នៅថ្ងៃទី៣ ខែសីហា អាល្លឺម៉ង់ ប្រកាស​សង្គ្រាម​នឹងបារាំង

-នៅថ្ងៃទី៤ ខែសីហា អង់គ្លេស ប្រកាសសង្គ្រាមនឹងអាល្លឺម៉ង់

  • នៅថ្ងៃទី៥ ខែសីហា អូទ្រីស​ បានប្រកាស​សង្គ្រាម​នឹងរុស្ស៊ី

  • ថ្ងៃទី៦ ខែសីហា ស៊ែប ប្រកាស​សង្គ្រាមនឹង​អាល្លឺម៉ង់

  • ថ្ងៃទី៧ ខែសីហា ម៉ុងតេណេក្រូ ប្រកាស​សង្គ្រាម​នឹង​អូទ្រីស

  • ថ្ងៃទី១០ ខែសីហា បារាំង ប្រកាស​សង្គ្រាមនឹង​អូទ្រីស

  • ថ្ងៃទី១២ ខែសីហា អង់គ្លេស​ប្រកាស​សង្គ្រាម​នឹងអូទ្រីស

  • ថ្ងៃទី១២ ខែសីហា ម៉ុងតេណេក្រូ ប្រកាស​សង្គ្រាមនឹង​អាល្លឺម៉ង់

  • ថ្ងៃទី២៣ ខែសីហា ជប៉ុនប្រកាស​សង្គ្រាម​នឹងអាល្លឺម៉ង់

  • ថ្ងៃទី២៥ ខែសីហា អូទ្រីស ប្រកាស​សង្គ្រាមនឹង​ជប៉ុន

  • ថ្ងៃទី២៨ ខែសីហា អូទ្រីស ប្រកាស​សង្គ្រាម​នឹងបែលហ្សិក។

ជារួម នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​១៩១៤ រុស្ស៊ី បារាំង និងអង់គ្លេស បាន​ចុះសន្ធិសញ្ញាក្រុងឡុងដ៏ ចងសម្ព័ន្ធមិត្តនឹងគ្នា៕

​នៅសប្តាហ៍ក្រោយ​ [ខ្លីៗ] នឹងបង្ហាញ​ជូនអំពីសមរភូមិ​ធំៗក្នុងសង្គ្រាមលោកលើកទី១

ប្រភព៖ britannica

អត្ថបទថ្មី
;