ពុលថ្នាំសម្លាប់សត្វល្អិតត្រសក់ស្រូវ ស្លាប់ម្នាក់និងសង្គ្រោះបានជិត ៣០០នាក់
- 2019-12-02 02:00:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពុលថ្នាំសម្លាប់សត្វល្អិតត្រសក់ស្រូវ ស្លាប់ម្នាក់និងសង្គ្រោះបានជិត ៣០០នាក់
ចន្លោះមិនឃើញ
ករណីពុលត្រសក់ស្រូវដែលប្រើថ្នាំគីមីសម្លាប់សត្វល្អិត បានបណ្តាលឲ្យយុវជន យុវនារីទទួលអប់រំបន្សាបគ្រឿងញៀននៅមណ្ឌលជីវិតថ្មីភ្នំបាក់ស្ថិតនៅភូមិភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យស្លាប់ម្នាក់ និងសង្គ្រោះបន្ទាន់បានជិត៣០០នាក់ ដោយក្នុងនោះជាង៤០នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។ ករណីនេះកើតឡើងចាប់ពីព្រឹកដល់ល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា យុវជន យុវនារីដែលទៅទទួលបន្សាបផ្ដាច់សារធាតុញៀនជិវិតថ្មីភ្នំបាក់ដែលពុលផ្លែត្រសក់ស្រូវដែលប្រើថ្នាំសម្លាប់សត្វល្អិតច្រើន និងពុលអាហារបានកើនពីចំនួនជាង ៦០នាក់ ស្រី ១៧នាក់ ហើយដល់រសៀល និងល្ងាចថ្ងៃដដែលបានកើនដល់ជិត ៣០០នាក់ (ក្នុងចំណោមអ្នកអប់រំបន្សាបជាង ៨៣៣នាក់នៅក្នុងមណ្ឌុល)។
ជនរងគ្រោះត្រូវបានបញ្ជូនទៅពិនិត្យសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងសេរីសោភ័ណ និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី និងមួយចំនួនទៀត រក្សាទុកពិនិត្យ ព្យាបាលនៅក្នុងមណ្ឌលតែម្តង ។
អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកហេង គឹមស៊ត បានបញ្ជាក់ថា ជនរងគ្រោះបានធូរស្រាលបណ្តើរហើយ ។ អ្នកជម្ងឺមានអាក្ការៈក្អួតចង្អោរ រាគរូស ថបដង្ហើម វិលមុខ ទន់សន្លាក់ដៃជើង ជាដើម។ ហើយអ្នកសង្គ្រោះបានឲ្យខ្លឹមស ស្ករស និងបន្តោងសេរ៉ូម។
លោកគ្រូពេទ្យបានសនិ្នដ្ឋានបឋមថា យុវជន យុវនារីទទួលបន្សាបសារធាតុញៀន ក្នុងមណ្ឌុលជីវិតថ្មីភ្នំបាក់ ពុលថ្នាំសម្លាប់សត្វល្អិតដែលបាញ់ការពារផ្លែត្រសក់ស្រូវដែលជាបន្លែនាំចូលពីប្រទេសវៀតណាម។ ចំពោះជនរងគ្រោះដែលហូបត្រសក់មានជាតិពុលច្រើន គេត្រូវចំណាយពេលយ៉ាង៧២ម៉ោង ទើបអាចព្យាបាលបន្សាបផុតគ្រោះថ្នាក់៕