ប៉ូលិស កំពុង​តាម​ចាប់​ក្រុម​ឈ្មួញ​ធ្វើឯកសារ និង​ធ្វើឆៀក​របស់ក្រសួងសាធារណការ

  • 2019-12-19 07:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្លាំងសមត្ថកិច្ច នៃ​នាយកដ្ឋានប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា បាន​កំពុង​តាម​ចាប់​ខ្លួន​ក្រុម​បណ្ដាញ​ធ្វើ​ឯកសារ និង​ធ្វើ​ឆៀក របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រៅពីនេះ សមត្ថកិច្ច​ក៏​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​ក្រុម​ឈ្មួញ​មួយ​ចំនួនដែលពាក់ព័ន្ធក្នុងករណីនេះផងដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ការ​តាម​ប្រមាញ់ក្រុមបណ្តាញធ្វើឯកសារ និងធ្វើឆៀក របស់ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន គឺ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។ ជន​សង្ស័យ​បាន​ឆ្លើយ​សារ​ភាព​មាន​ការពាក់ព័ន្ធជាមួយមនុស្សមួយចំនួនទៀត។ ការ​ចាប់​ខ្លួននេះ គឺ​បន្ទាប់​ពី​នាយ​កដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ក្រសួង​សាធារណការ និងដឹកជញ្ជូន។

ជនសង្ស័យដែលចាប់ខ្លួន​ឈ្មោះ ប៊ុន ម៉ារ៉ាឌី ហៅពៅ អាយុ៣៣ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។ ជនសង្ស័យត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ បញ្ចូល លុបបំបាត់ ឬកែប្រែដោយទុច្ចរិតនូវទិន្នន័យ (គេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន) ប្រព្រឹត្តនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ជន​សង្ស័យ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​កាល​ពីថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានថ្លែងថា ជន​សង្ស័យ​បានធ្វើសកម្មភាពក្លែងឯកសារអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្ម ដោយ​ក្នុង​នោះ​ដក​ហូត​វត្ថុ​តាង​មាន​ដូចជា ឯកសារ​អនុញ្ញាត​ឲ្យយានយន្តធ្វើអាជីវកម្មចំនួន៤៩ កាត​គ្រីចំនួន៨៤ ឆៀក​ចំនួន ១២៥។

លោក​បញ្ជាក់ថា ការធ្វើសកម្មភាពនេះ គឺជាបណ្តាញ ដោយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជន​ដែល​ពាក់ព័ន្ធ ក្នុង​នោះ​មាន​ទាំង​ឈ្មួញ​ដែល​ឲ្យ​ជន​សង្ស័យ​ធ្វើ​ឯកសារ​ក្លែងក្លាយ​ទៅ​ឲ្យប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់យានយន្ត។ ហើយគេហទំព័រ (វេននសាយ) ដែលជនសង្ស័យបានបង្កើតនោះ ខាង​នាយក​ដ្ឋាន​បាន​បិទហើយ។ លោកបន្តថា ការឈានដល់ការចាប់ខ្លួនជនសង្ស័យ គឺ​សមត្ថកិច្ច​បាន​ប្រើ​រយៈ​ពេល​មួយខែ និងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន ដែល​ជា​ដើម​បណ្ដឹង៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;