បើ​ខ្លាច​ការ​បំពុល​ខ្យល់ អ្នក​អាច​ប្រើ​វិធី​ការពារ​ ៥​នេះ​បាន!

  • 2020-01-18 02:04:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​បំពុល​ខ្យល់​គឺ​ជា​បញ្ហា​​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​មនុស្ស​ជាតិ​នា​ពេល​បច្ចុប្បន្ន ខណៈ​ដែល​វា​​កំពុង​រីក​រាល​ដាល​នៅ​ពាសពេញ​ពិភពលោក។ ការ​បំពុល​នេះ​អាច​ផ្ដល់​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​ទៅ​លើ​រាងកាយ​មនុស្ស។ យ៉ាង​ណា​មិញ ក៏​នៅ​មាន​វិធី​មួយ​ចំនួន​ដែល​យើង​គួរ​សាកល្បង ដើម្បី​​ការពារ​ខ្លួន​ពី​ការ​បំពុល​ខ្យល់ ដូច​ខាង​ក្រោម៖

១. សិក្សា​ស្វែង​យល់​ដោយ​ខ្លួន​​ឯង៖ គួរ​ពិនិត្យ​មើល​កម្រិត​​​​​​​​​​​​​​​​​​គុណភាព​ខ្យល់​តាម​រយៈ​ព័ត៌មាន ឬ​ការ​ព្យាករណ៍​អាកាសធាតុ​ជា​ដើម។ ពេល​​មាន​​ការ​ប្រកាស​អំពី​ការ​បំពុល​ខ្យល់ អ្នក​​មិន​គួរ​ចេញ​ទៅ​ក្រៅ​​នោះ​ទេ ជា​ពិសេស​​ជៀសវាង​​ទៅ​កាន់​តំបន់​ដែល​មាន​ចរាចរណ៍​​​​​​​​​​​​​​កក​ស្ទះ​ខ្លាំង ព្រោះ​ទីនោះ​មាន​ការ​បំពុល​ខ្លាំង​ជាង​គេ។

២. ពាក់​ម៉ាស៖ ប្រសិន​​ចាំ​បាច់​ត្រូវតែ​ចេញ​ទៅ​ក្រៅ​នោះ វិធី​ល្អ​បំផុត​គឺ​ពាក់​ម៉ាស។ ​​​​​​​​​នេះ​មិន​មែន​សំដៅ​ទៅ​លើ​ម៉ាស​ធម្មតា​ទេ គឺ​ម៉ាស​ដែល​មាន​គុណភាព​ល្អ។ ម៉ាស​​គុណភាព​ល្អ​មាន​៣​ប្រភេទ ដូចជា កម្រិត P-rated, R-rated និង N-rated (អាច​ចំណាំ​លើ​អក្សរ​នៅ​ខាង​មុខ​គេ នៅ​លើ​ម៉ាស)។ ភាព​ខុស​គ្នា​រវាង​ម៉ាស​ទាំង​នេះ​គឺ​កម្រិត​​ទប់ទល់​នឹង​កា​រ​​ប្រឡាក់​​ប្រេង។ ម៉ាស​ប្រភេទ N-rated មិន​អាច​ទប់ទល់​នឹង​ការ​ប្រឡាក់​ប្រេង​បាន​ទេ ឯ​ម៉ាស R-rated អាច​ទប់​ទល់​​បាន​ក្នុង​កម្រិត​ល្អ​បង្គួរ ខណៈ​ម៉ាស P-rated ជា​ម៉ាស​ល្អ​ជាង​គេ​​​មិន​ជាប់​ប្រឡាក់​ប្រេង។ ជា​ទូទៅ គេ​និយម​ប្រើ​ម៉ាស​ប្រភេទ N-95 ព្រោះ​វា​អាច​ទប់ទល់​នឹង​ការ​បំពុល​ខ្យល់​កម្រិត PM 2.5 ដល់​ទៅ ៩៥%។ បើ​ចង់​បាន​ល្អ​ជាង​នេះ​ទៅ​ទៀត អ្នក​អាច​រើស​យក​ម៉ាស​ប្រភេទ N-99 និង N-100 ព្រោះ​​ពួក​វា​អាច​ប្រឆាំង​នឹង​ការ​បំពុល​បាន​ដល់ ៩៩% ឬ ១០០% ឯណោះ។ ប្រភេទ​ម៉ាស R-rated និង P-rated ក៏​មាន​លេខ​សម្គាល់​កម្រិត​ទប់​ទល់​នឹង​ការ​បំពុល​ខ្យល់​ដែរ​​ដូចជា 95, 99 និង 100។

៣. ប្រើប្រាស់​​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់៖ ​បើ​មានលទ្ធភាព​ អ្នក​គួរ​ប្រើប្រាស់​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ផង​ដែរ ព្រោះ​អ្នក​ជំនាញ​បាន​​អះអាង​ថា បើ​ទោះ​ជា​អ្នក​នៅ​ក្នុង​ផ្ទះ​ក៏​ដោយ ក៏​ការ​បំពុល​ខ្យល់​ពី​​ខាង​ក្រៅ​​​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​បរិយាកាស​ខាង​ក្នុង​ផ្ទះ​​ផង​​ដែរ។

៤. អាហារ៖ សារធាតុ​នៅ​ក្នុង​​ខ្យល់​អាក្រក់​នឹង​​បង្ក​ជា​គ្រោះថ្នាក់​ដល់​រាងកាយ​មនុស្ស​យើង​ដូចជា​ការ​កើន​ឡើង​រ៉ាឌីកាល់​សេរី​នៅ​ក្នុង​ខ្លួន ឬ​ការ​រលាក​ប្រព័ន្ធ​ខ្យល់​ដង្ហើម​ជា​ដើម។ ដូច្នេះ​ហើយ​ការ​​ទទួល​ទាន​​អាហារ​ដែល​អាច​ប្រឆាំង​នឹង​អុកស៊ីតកម្ម និង​ការ​រលាក​គឺ​ជា​​ជម្រើស​ល្អ​មួយ ដើម្បី​​តទល់​នឹង​ការ​បំពុល។ អាហារ​ទាំង​នោះ​គួរ​តែ​មាន​វីតាមីន B, C, D និង E ដូចជា ត្រី ប្រេង​អូលីវ បន្លែ​បៃតង និង​ផ្លែ​ឈើ​ ជា​ដើម។

៥. ដាំដុះ​ដើម​ឈើ​ឲ្យ​ច្រើន៖ ដើមឈើ​គឺ​ជា​ភ្នាក់ងារ​ពិសេស​ក្នុង​ការ​​សម្អាត និង​រក្សា​គុណភាព​​ខ្យល់​អាកាស។ ដើម​ឈើ​១​ដើម​អាច​ផ្ទុក​កាបូន​បាន​ជិត ៦​គីឡូ​ក្រាម ហើយ​វា​ក៏​អាច​បញ្ចេញ​អុកស៊ីហ្សែន​បាន​ច្រើន​ផង​ដែរ។ ទីកន្លែង​ដែល​មាន​ដើម​ឈើ​ច្រើន​គឺ​មាន​គុណភាព​ខ្យល់​ល្អ​ដល់ ៧៥% ឯណោះ៕

ប្រភព៖ First Post ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;