ធ្លាប់គិតអត់ថា បើចង់សង់អង្គរវត្តនាពេលបច្ចុប្បន្ន ត្រូវចាយលុយអស់ប៉ុន្មាន?
- 2020-02-11 01:19:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់គិតអត់ថា បើចង់សង់អង្គរវត្តនាពេលបច្ចុប្បន្ន ត្រូវចាយលុយអស់ប៉ុន្មាន?
ចន្លោះមិនឃើញ
អ្នកមួយចំនួនប្រហែលជាធ្លាប់ដឹងរឿងរ៉ាវខ្លះៗពាក់ព័ន្ធនឹងស្ថាបត្យកម្មដ៏អស្ចារ្យគ្មានគូប្រៀបរបស់ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោកមួយរបស់មនុស្សជាតិ។ ចុះអ្នកធ្លាប់នឹកស្រមៃថា បើត្រូវសាងសង់អង្គរវត្តនាពេលបច្ចុប្បន្នវិញ តើយើងត្រូវចំណាយអស់ថវិកាប៉ុន្មានទើបអាចឲ្យប្រាសាទនេះលេចចេញជារូបរាងបាន?
បើតាមការចុះផ្សាយរបស់វិបសាយល្បីមួយឈ្មោះ Bright Side បានឲ្យដឹងថា ប្រសិនបើចង់ចម្លងគំរូសាងសង់ប្រាសាទអង្គរវត្ត អ្នកត្រូវចាយប្រាក់អស់ប្រមាណ ៤២លានដុល្លារអាមេរិក។ តម្លៃនេះរាប់បញ្ចូលតម្លៃដីប្រមាណ ២លានដុល្លារ ថ្លៃកម្មករនិងរចនាសម្ព័ន្ធមូលដ្ឋានប្រមាណ ២០លានដុល្លារ និងថ្លៃបូជនីយដ្ឋានផ្សេងៗប្រមាណ ២០លានដុល្លារ។ បើប្រៀបធៀបនឹងកន្លែងល្បីៗផ្សេងទៀត ការចំណាយប្រាក់សង់ប្រាសាទអង្គរវត្តគឺមានចំនួនច្រើនជាងគួរឲ្យកត់សម្គាល់។ តួយ៉ាងដូចជា បច្ចុប្បន្នបើចង់សង់តំបន់ថ្ម Stonehenge ត្រូវចាយអស់ ៣,៥លានដុល្លារ, អគារទ្រេត Pisa អស់ ៤,២លានដុល្លា, ប៉មអេហ្វែលរបស់បារាំងអស់ ៣១លានដុល្លារ, សួនច្បារ The Hanging Gardens of Babylon អស់ ៣១,៥លានដុល្លារ និងវិមាន Parthenon របស់ក្រិក អស់ ៣៥លានដុល្លារ ជាដើម។
សូមបញ្ជាក់ថា ប្រាសាទអង្គរវត្តត្រូវបានចាត់ចូលនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាឆ្នាំ១៩៩២។ ប្រាសាទដែលមានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូលនេះ ត្រូវបានសាងសង់ឡើងនៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣ -១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្តមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និងគូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែងគឺមានប្រវែងប្រហែល ៥,៥គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់ មានប្រវែងបណ្ដោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព៕