អ្នក​និពន្ធ​ភ្លេង​បទ "កូន​យំ​ល្វើយ​ៗ" ក្រឡាប់​ឡាន​រហូត​ដល់​ផ្ទុះ​ឆេះ​នៅ​ខេត្ត​រតនគីរី

  • 2020-02-20 11:01:19
  • ចំនួនមតិ 193 | ចំនួនចែករំលែក 3287

ចន្លោះមិនឃើញ


លោក ចក់ ដែល​ជា​អ្នក​និពន្ធ​បទ​ភ្លេង​ក្នុង​ក្រុម "ចចក​សមុទ្រ" និង​ជា​អ្នក​និពន្ធ​បទ​ភ្លេង​បទ​ចម្រៀង​កំពុង​ល្បី​របស់​លោក​ព្រាប សុវត្ថិ "កូន​យំ​ល្វើយ​ៗ" បាន​ជួប​គ្រោះ​ថ្នាក់​រថយន្ត​នៅ​លើ​ដង​ផ្លូវ​រហូត​ដល់​ផ្ទុះ​ឆេះ​ខូច​ខាត​រថយន្ត​ទាំង​ស្រុង។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ទីតាំង​ភូមិសាស្ត្រ​នៃ​ភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ មិន​មាន​តួលេខ​នៃ​អ្នក​របួស​នោះ ឬ​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ទេ ប៉ុន្តែ​រថយន្ត​មួយ​គ្រឿង​ម៉ាក ហាយឡេនឌឺរ ត្រូវ​ភ្លើង​ឆាប​ឆេះ​ទាំង​ស្រុង។

ចំពោះ​មូលហេតុ នៃ​គ្រោះថ្នាក់​ខាង​លើ បើ​តាម​លោក​ចក់ ឆ្លើយ​ប្រាប់​ប្រិយមិត្ត​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម បណ្ដាល​មក​ពី​បែក​កង់ ហើយ​រថយន្ត​បាន​ក្រឡាប់​១​ត្រឡប់ រួច​ក៏​បាន​ផ្ទុះ​ឆេះ​តែ​ម្ដង។ អ្វី​ដែល​គួរ​ឲ្យ​ស្រណោះ ម្ចាស់​រថយន្ត​បាន​ពោល​ដោយ​ការ​សោកស្ដាយ​ចំពោះ​របស់​ទ្រព្យ​ដែល​បាត់​បង់​ទៅ ព្រោះ​ជា​កម្លាំង​ញើសឈាម​របស់​លោក​ប្រឹង​ប្រែង​ទាំង​យប់​ទាំង​ថ្ងៃ។ ឥឡូវ​ស្រាប់​តែ​ត្រូវ​មក​បង់​ក្នុង​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​នេះ។

“ហេតុ​អ្វី​រឿង​បែប​នេះ​កើត​មក​លើ​ខ្ញុំ​ចឹង កំលាំង​ញើស​ឈាម​ខ្ញុំ​ខំ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ទម្រាំ​តែ​បាន​ប៉ុណ្ណេះ ឥឡូវ​ប្រែ​រលាយ​អស់​មួយ​រំពេច”។ ប្រិយមិត្ត​ស្គាល់​លោក​ជា​ច្រើន​បាន​ចូល​រួម​សោក​ស្ដាយ និង​លោក​ទឹក​ចិត្ត​លោក ចំពោះ​ការ​ខាត​បាត់​បង់ ដោយ​ពួក​គេ​លើក​ឡើង​ថា "ឲ្យ​តែ​ជីវិត​គង់ ទ្រព្យ​បង់​អាច​រក​បាន​វិញ​ទេ"។

នៅ​ក្នុង​ចំណោម​នោះ ក៏​ឃើញ​មាន​លោក សុខ ជំនោរ អតីត​អ្នក​និពន្ធ​របស់​ហង្សមាស ក៏​បាន​ចូល​រួម​លើក​ទឹក​ចិត្ត​លោក​ចក់​ដែរ ក្នុង​នោះ លោក​ថែម​ទាំងសង្ឃឹម​ថា មិត្តភ័ក្តិ ពិសេស​តារា​ចម្រៀង​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​លោក ចក់ ជួយ​ឈឺ​ឆ្អាល​ចំពោះ​គ្រោះ​ថ្នាក់​របស់​អ្នកនិពន្ធ​បទ​ភ្លេង​នា​គ្រា​នេះ​ផង៕

អត្ថបទ៖ ទារិកា

;