ស៊ុយអែត​ និងទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក ផ្តល់​​មូលនិធិគាំទ្រ​ដល់​មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

  • 2020-02-27 04:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ទីភ្នាក់ងារ​សម្រាប់ការ​អភិវឌ្ឍន៍អន្តរជាតិ​សហរដ្ឋអាមេរិក​ និងស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា បានប្រកាសផ្តល់​ជំនួយឥតសំណង​ដល់​មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីពង្រឹងសេវាដោះស្រាយវិវាទការងារនៅកម្ពុជា។

ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក ដែល​បាននឹង​កំពុងផ្តល់​ថវិកាគាំទ្រដល់មូលនិធិ​ក្រុមប្រឹក្សាអាជ្ញាកណ្ដាលតាំងពីឆ្នាំ២០១៤មក បានបន្ត​ផ្តល់ជំនួយ​មូលនិធិថ្មីចំនួនទឹកប្រាក់ប្រមាណ ១លាន ៥សែនដុល្លារសហរដ្ឋអាមេរិក ​​​សម្រាប់​រយៈពេល​ប្រាំឆ្នាំ ដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល តាមរយៈ​ដៃគូរបស់ខ្លួនគឺ​មជ្ឈមណ្ឌល​សាមគ្គីភាព ដែលជាដៃគូយូរអង្វែង​​ និងជាផ្នែកនៃគម្រោងថ្មីមួយរបស់ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ស្ដីពីសិទ្ធិការងារនៅកម្ពុជា។​ 

ប្រទេសស៊ុយអែត ក៏បានផ្តល់​មូលនិធិគាំទ្រ​ដល់​មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ តាំងពីឆ្នាំ២០១៤​មកផងដែរ។ ថ្ងៃនេះ ស្ថានទូតស៊ុតអែត បានចុះហត្ថលេខាផ្តល់មូលនិធិ​សរុបចំនួន ៥លានក្រូណា (ប្រមាណ៥៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក)សម្រាប់អនុវត្តគម្រោងរយៈពេល​២ឆ្នាំ​ (២០២០-២០២១) ដើម្បីលើកកម្ពស់​ប្រព័ន្ធមជ្ឈត្តវិនិច្ឆ័យដោះស្រាយវិវាទការងារដោយអាជ្ញាកណ្ដាល​ដែលអាចជឿជាក់បាន និងប្រកបដោយប្រសិទ្ធិភាព។

ការផ្តល់មូលនិធិទាំងពីរនេះមានគោលបំណងដូចគ្នា គឺដើម្បីធ្វើឱ្យប្រព័ន្ធទំនាក់ទំនងការងារ និងសេវាដោះស្រាយវិវាទការងារនៅក្នុងប្រទេសកម្ពុជាកាន់តែមានប្រសិទ្ធភាព បង្កើនការយល់ដឹងពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងលើកកម្ពស់​ជំនាញ​ក្នុង​ការ​ដោះស្រាយ​វិវាទការងារ​ទៅ​ដល់​​កម្មក​រ និយោជិត និងនិយោជក និងដើម្បី​រក្សា និងលើកកម្ពស់សុចរិតភាព និងនិរន្តរភាពរបស់ស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាល។

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយដែលផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងគ្រប់គ្រងទៅដល់ក្រុមប្រឹក្សាអាជ្ញា កណ្ដាល។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័​នជាតិឯករាជ្យមួយដែលមានអំណាចដោះស្រាយវិវាទការងាររួមនៅកម្ពុជាតាមច្បាប់ការងារ។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ត្រូវបានទទួលស្គាល់ថាជាស្ថាប័នចម្បងជាសារវន្តមួយសម្រាប់ការដោះស្រាយវិវាទការងារនៅកម្ពុជា ដើម្បីជួយឱ្យមានស្ថិរភាពទីផ្សារការងារ និង​រួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។

លោក សាមូអ៊ែល ហ៊ូទីក  ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “ទីផ្សារការងារនៅគ្រប់ប្រទេសទាំងអស់កំពុងតែរីកលូតលាស់ទៅមុខ ហើយត្រូវការសម្រប​ទៅតាមការប្រែប្រួល។ អ្នកផលិតទាំងឡាយ ត្រូវតែ​បង្កើន​គុណភាពទំនិញ និងរក្សាផលចំណេញដោយ​ថ្លឹងថ្លែងជាមួយនឹងតម្រូវការសិទ្ធិការងារ មានជាអាទិ៍ ស្ដង់ដារការងារសមរម្យ និងប្រាក់ ឈ្នួលដោយយុត្តិធម៌ សមភាពយែនឌ័រ ក៏ដូចជា​បញ្ហាបរិស្ថាន ដែលប៉ះពាល់ដល់​ផលិតកម្ម និងលក្ខខណ្ឌការងារនានា។ តួនាទីរបស់រដ្ឋាភិបាល ​គឺបង្កើតគោលនយោបាយ ដែលធ្វើឱ្យមាន​ការ​អភិវឌ្ឍ​ទីផ្សារការងារយោងតាមច្បាប់ និងបទដ្ឋានគតិយុត្តនានា។ សហជីពគឺជាតួអង្គសំខាន់ដើម្បីតំណាងឱ្យ​សិទ្ធិកម្មករ និងគួរត្រូវបានការពារដោយច្បាប់។ យន្តការ​ដោះស្រាយ​វិវាទការងារ​ដែលអាចជឿជាក់​បាន និងឯករាជ្យ​ គឺជាធាតុផ្សំដ៏ចាំបាច់សម្រាប់ទីផ្សារការងារដែលដំណើរការប្រកបដោយប្រសិទ្ធិភាព។ តួនាទីរបស់​មូលនិធិ​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ក្នុងការដោះស្រាយវិវាទនៅក្នុងទីផ្សារការងារ គឺមានសារៈសំខាន់ណាស់។ ប្រទេសស៊ុយអែត នឹងបន្តជួយគាំទ្រ​មូលនិធិ​ក្រុម​ប្រឹក្សា​​អាជ្ញាកណ្ដាលដើម្បីធានាថាក្រុមប្រឹក្សាអាជ្ញាកណ្ដាល នឹងបន្ត​ដើរតួនាទីរបស់ខ្លួនដោយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ។”

លោក ហាវ្យា ខាស្ដាណូ ប្រធានស្ដីទីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ មាន​ប្រសាសន៍​ថា៖ “វាគឺជា​ការ​សំខាន់ដែល​​ត្រូវថែរក្សា​ប្រព័ន្ធដោះស្រាយវិវាទការងាររួម ដែលមានអំណាច​កាត់សេចក្ដី និង​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​ស្ថាប័នដែលទាំងខាងកម្មករនិយោជិត និងនិយោជកទទួលស្គាល់ថាមានអព្យាក្រឹតភាព និង​មិនលម្អៀង”។ លោក ហាវ្យា ខាស្ដាណូ មានប្រសាសន៍បន្ថែមទៀតថា៖ “នេះ​គឺ​ជា​មូល​ហេតុ ដែលយើង​ជ្រើស​រើស​គាំទ្រដល់តួនាទី​ស្នូលសំខាន់របស់​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ ក្នុងការ​បង្កើត​​ឡើង​នូវ​​បរិយាកាស​​ប្រកបដោយការ​ជឿ​ជាក់​សម្រាប់​កម្មករនិយោជិត និយោជក និងអ្នកវិនិយោគនានា ​ជា​ប្រព័ន្ធ​ដោះ​ស្រាយវិវាទដែលមាន​ការ​ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។​”

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល លើកកម្ពស់ឲ្យមានទំនាក់ទំនាក់វិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព តាមរយៈការផ្តល់​ជា​វេទិកា​​សម្រាប់កម្មករនិយោជិត និងនិយោជកនៅកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយ​ប្រកប​ដោយយុត្តិធម៌ និងសមធម៌ចំពោះវិវាទការងារដែលកើតមាន។ វិវាទ​​ការងារ ត្រូវបានដោះស្រាយដោយផ្ទាល់ និង​ទាន់​ពេលវេលាប្រកបដោយតម្លាភាព តាមរយៈការធ្វើសវនាការ និងការចេញសេចក្ដីបង្គាប់​ដែលមាន យុត្តិធម៌ តុល្យភាព និងមានហេតុផល យោងតាមច្បាប់។

លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល មានប្រសាសន៍ថា៖ “ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើរតួនាទីយ៉ាងសំខាន់​ និងសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន រួម​ចំណែក​​ជួយ​​ដល់​​ផ្នែក​សង្គមកិច្ច និង​សេដ្ឋកិច្ច​ជាតិ ព្រមទាំងទទួលបានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់​ថ្នាក់ជាតិ និងអន្តរជាតិ​ក្នុងការដោះស្រាយវិវាទការងារកន្លងមក។”

លោក ម៉ែន និម្មិត មានប្រសាសន៍បន្តថា៖ “មកទល់នឹងឆ្នាំ២០១៩  មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានទទួលសំណុំរឿងចុះបញ្ជីចំនួន២.៨៨២​ករណីដែលមានកម្មករនិយោជិតពាក់ព័ន្ធចំនួនជាង១លាននាក់មកពីវិស័យកាត់ដេរ និងវិស័យផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមសំណុំរឿងដែលបានចុះបញ្ជីទាំងអស់នេះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ សម្រេចបាននូវអត្រាជោគជ័យ​ក្នុងការដោះស្រាយវិវាទចំនួន៧៥%។ យើងសូមសម្ដែងអំណរគុណចំពោះម្ចាស់ជំនួយសប្បុរសនានា ដូចជា ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក និងប្រទេសស៊ុយអែត ដែលបានជួយគាំទ្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។”

លោក និម្មិត បន្តទៀតថា៖ “យើងក៏សូមថ្លែងអំណរគុណផងដែរចំពោះជំនួយគាំទ្រពីបណ្ដាដៃគូអភិវឌ្ឍន៍នានា ប៉ុន្ដែ​យើងមិនភ្លេចពីកាតព្វកិច្ច​របស់មូលនិធិ ដែលត្រូវ​ខិតខំ​ធ្វើឱ្យបានសម្រេចនិរន្តភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ ដែលជាអាទិភាពចម្បងទីមួយសម្រាប់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល៕”

អត្ថបទ និងរូបថត៖ ផ្តល់ឱ្យដោយស្ថានទូតស៊ុយអែត

អត្ថបទថ្មី
;