ក្រសួងដែនដី នឹងចុះសិក្សាតាមបណ្តាកោះនៅកម្ពុជា
- 2018-01-03 02:16:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងដែនដី នឹងចុះសិក្សាតាមបណ្តាកោះនៅកម្ពុជា
ចន្លោះមិនឃើញ
លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្រសួងនឹងបញ្ជូនមន្រ្តីជំនាញផ្នែកសុរិយោដី ចុះទៅសិក្សានៅតាមបណ្តាកោះទាំងអស់ នៅកម្ពុជា ដែលមានចំនួនសរុប ៧៥កោះ។ ការលើកឡើងនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី កាលពីសប្តាហ៍មុន។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងមិនត្រូវមានមោទនភាព ព្រោះបានស្គាល់កោះនៅប្រទេស ដទៃនោះទេ អ្វីដែលសំខាន់គឺត្រូវស្គាល់ឲ្យច្បាស់ពីកោះនៅកម្ពុជាទើបជាការប្រសើរ ជាការការពារបូរណភាពទឹកដី»។
រដ្ឋមន្រ្តីរូបនេះបន្ថែមថា ការបញ្ជូនមន្ត្រីឲ្យទៅសិក្សា រាល់បណ្ដាកោះទាំង ៧៥នៅកម្ពុជានេះ គឺដើម្បីសិក្សាពីសក្ដានុពលសម្រាប់ការវិនិយោគនិងជៀសផុតពីការ សាងសង់រំលោភលើផ្ទៃកោះ ដោយអនុញាត្តឲ្យមានការសាងសង់រួច ទើបហាមឃាត់និង រុះរើ តាមក្រោយនោះទេ។
បណ្តាកោះនានានៅតាមសមុទ្រក្នុងខេត្តទាំងបួន ជាប់តំបន់ឆ្នេរមានកោះតិចតួច ប៉ុណ្ណោះ ដែលបាននិងកំពុងអភិវឌ្ឍដូចជាកោះដែកគោល កោះសង្សារ កោះឬស្សី កោះក្របី កោះស្តេច កោះរ៉ុង កោះរ៉ុងសន្លឹម កោះឋានសួគ៌ជាដើមខណៈរដ្ឋាភិបាលបានផ្តល់សិទ្ឋិសម្បទានដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិនានាដើម្បី អភិវឌ្ឍកោះទាំងនោះរួចហើយ៕