អ្នក​ស្រាវជ្រាវ​បុរាណ​វិទ្យា លាត​ត្រដាង​ពីការ​ចាប់ផ្តើម​ផលិត​កុលាលភាជន៍​ខ្មែរ នៅ​តំបន់​អង្គរ

  • 2018-01-24 03:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ចំណាយ​ពេល​ជាង២០ឆ្នាំ លើ​ការ​សិក្សា​ស្រាវជ្រាវ​កុលាលភាជន៍​ខ្មែរ​ទាំង​ផ្នែក​បុរាណ​វិទ្យា និង​ការ​វិភាគ​បែប​វិទ្យាសាស្ត្រ អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា ការ​ផលិត​កុលាលភាជន៍​ក្នុង​តំបន់​អង្គរ បាន​ចាប់ផ្តើម​ពី​ដើម​សតវត្សរ៍​ទី​៩ នៃ​គ.ស។ នេះ​បើតាម​ការ​ចេញផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ម្សិលមិញ។

ការ​សន្និដ្ឋាន​នេះ គឺ​បន្ទាប់​ពីអ្នក​ស្រាវជ្រាវ ​បាន​ធ្វើ​កំណាយ​ទៅលើ​ស្ថានីយ​ឡដុត​កុលាលភាជន៍​ចំនួន​១០ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ព្រមទាំង​បាន​យក​បំណែក​កុលាលភាជន៍​ទៅ​វិភាគ​នៅ​មន្ទីរ​ពិសោធន៍​បរទេស​ដូចជា​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាមេរិក​ជាដើម។

លោក​បណ្ឌិត អ៊ា ដារិទ្ធ អនុ​ប្រធាន មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា
លោក​បណ្ឌិត អ៊ា ដារិទ្ធ អនុ​ប្រធាន មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានមាន​ប្រសាសន៍​ថា ការ​ស្រាវជ្រាវ​ឡ​ដុត​កុលាលភាជន៍​ខ្មែរ​ត្រូវបាន​បែងចែក​ជា ២ដំណាក់កាល។
  • ឡនៅ​ដំណាក់កាល​ទី១ ផលិត​ឡើង​ប្រហែល​ជា​នៅក្នុង​សតវត្សរ៍​ទី៩​ដល់​ទី១០​នៃ​គ.ស។ នេះ​ជាការ​ស្រាវជ្រាវ​តាម​បែប​បុរាណ​វិទ្យា​ដែល​ប្រៀបធៀប​ឡ ជាមួយ​នឹង​បំណែក​កុលាលភាជន៍ បាន​មកពី​កន្លែង​ប្រើប្រាស់​ដែល​រកឃើញ​នៅ​ស្ថានីយ​ផ្សេងៗ​ទៀត​នៅ​តំបន់​អង្គរ។ ក្នុង​ដំណាក់កាល​នេះ ឡមាន​រូបរាង​ច្បាស់លាស់ ចែកជា​ ៣​ផ្នែក​គឺ ​ប្រអប់​ភ្លើង​សម្រាប់​ដាក់​អុស កន្លែង​សម្រាប់​ដាក់​កុលាលភាជន៍ និង​បំពង់​ផ្សែង​នៅ​ខាងលើ។ ឡ​ក្នុង​ដំណាក់កាល​ទី១​នេះ មាន​ទំហំ​តូច ទទឹង​ប្រមាណ ១,៥០​ម៉ែត្រ ដល់​៣,៦​ម៉ែត្រ បណ្តោយ​ប្រវែង ៥​ម៉ែត្រ ដល់ ៩ម៉ែត្រ​ប៉ុណ្ណោះ។ ឡ​ប្រភេទ​នេះ​ផលិត​វត្ថុ​តូចៗ​ពណ៌​បៃតង​ដូចជា ខួច ដន្លាប់ កោដ្ឋ ចាន និង​កូន​ក្រឡ​ជាដើម និង​សម្ភារៈ​ធំជាង​នេះ​បន្តិច ប៉ុន្តែ​គ្មាន​ស្រទាប់​រលោង ដូចជា​ក្រឡ ក្អម និង​ពាង​ដាក់​ទឹក​នោះ​ទេ។
  • ចំណែក​កុលាលភាជន៍​ដែល​ផលិត​ក្នុង​ដំណាក់កាល​ទី២ គឺ​ប្រភេទ​កុលាលភាជន៍​ពណ៌ត្នោត​មាន​ក្រឡ ពាង ក្អម ក្បឿង និង​ភាជន៍​រូបសត្វ​ជាដើម។ រចនាសម្ព័ន្ធ​ឡ​នៅ​ដំណាក់កាល​ទី២​នេះ មាន​ទំហំ​ធំវែង​ជាង​ដំណាក់កាលទី១ ដោយ​បាន​ចាប់ផ្តើម​ពី​សតវត្សរ៍​ទី១១ដល់​១៥ នៃ​គ.ស. (ចុង​សម័យ​អង្គរ)។ ឡ​មាន​ការ​វិវត្ត​ដែលមាន​ប្រវែង​រហូតដល់​បណ្តោយ ២១​ម៉ែត្រ ទទឹង​មាន​ប្រវែង ៣,២​ម៉ែត្រ។ កន្លែង​ដាក់​កុលាលភាជន៍ (Ceramic) មាន ៤​បន្ទប់ ខណ្ឌ​ដោយ​រណ្តៅ ៣​កន្លែង សម្រាប់​ដាក់​អុស​បញ្ចូល​ដើម្បី​ឲ្យ​ភ្លើងឆេះ​ខ្លាំង​ក្តៅ​សព្វ ធ្វើឲ្យ​កុលាលភាជន៍​មាន​កម្រិត​រឹងខ្លាំង ហើយមាន​ស្រទាប់​រលោង​ស្អិត​ជាប់គ្នា​ល្អ។ ដំណាក់កាល​ទី២​នេះ ខ្មែរ​បុរាណ​និយម​ផលិត​កុលាលភាជន៍​ពណ៌ត្នោត ហើយ​គុណភាព​រឹងមាំ​ល្អ។

លោក ឆាយ រចនា ប្រធាន​ការិយាល័យ​សិក្សា​កុលាលភាជន៍​នៃ​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​បាន​ឲ្យដឹង​ថា ដើម្បី​ឲ្យដឹង​អំពី​អាយុកាល និង​សមាសធាតុ​ផ្សំ​ គឺ​ត្រូវ​យកធ្យូង និង​បំណែក​កុលាលភាជន៍ ដែល​បាន​មកពី​ធ្វើ​កំណាយ​ក្នុង​ឡ​ទៅ​ពិសោធ​នៅ​បរទេស ដូចជា​ប្រទេស​ជប៉ុន អាមេរិក និង​ប្រទេស​សិង្ហបុរី​ជាដើម។

ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​សាកល​វិទ្យាល័យ New England ប្រទេស​អូស្ត្រាលី​ដើម្បី​សិក្សា​អំពី​អាយុកាល សមាសធាតុ​ផ្សំ​នៅក្នុង​កុលាលភាជន៍។ យោងតាម​ការ​សិក្សា​ស្រាវជ្រាវ​កុលាលភាជន៍​ខ្មែរ​តាម​បែប​វិទ្យាសាស្រ្ត គេ​អាច​បែង​ចែក​ការ​ផលិត​កុលាលភាជន៍​ជា ២​ដំណាក់កាល គឺ​កុលាលភាជន៍​ពណ៌​បៃតង​ ចាប់ផ្តើម​ផលិត​នៅចុង​សតវត្សរ៍​ទី​៨ គ.ស. ឬ​ដើម​សតវត្សរ៍​ទី​៩ នៃ​គ.ស រហូតមក​ដល់ចុង​សតវត្សរ៍​១៣ នៃ​គ.ស។ រីឯ​កុលាលភាជន៍​មាន​ពណ៌ត្នោត​ចាប់ផ្តើម​ផលិត​នៅចុង​សតវត្សរ៍​ទី១១ ដល់​សតវត្សរ៍​ទី​១៥ នៃ​គ.ស៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;