តំបន់ភ្នំ២នៅកម្ពុជា ដែលមានផ្ទុកគំនូរ សាកសពនិងវត្ថុបុរាណ អាយុកាលរាប់ពាន់ឆ្នាំ
- 2018-03-04 07:19:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់ភ្នំ២នៅកម្ពុជា ដែលមានផ្ទុកគំនូរ សាកសពនិងវត្ថុបុរាណ អាយុកាលរាប់ពាន់ឆ្នាំ
ចន្លោះមិនឃើញ
កម្ពុជា មានតំបន់ភ្នំ២កន្លែងស្ថិតនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ដែលមានផ្ទុកគំនូរប្រវត្តិសាស្រ្ត សាកសព និងវត្ថុបុរាណជាច្រើន ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ត្រូវបានរកឃើញកាលពីថ្មីៗនេះ។
១. កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៨ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន បានធ្វើការសិក្សាស្រាវជ្រាវទៅកាន់កន្លែងគំនូរប្រវត្តិសាស្ត្ររបស់មនុស្សមានអាយុកាលជាង ៣ពាន់ឆ្នាំ នៅចំណុចក្រសាំង-កាណម តំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ស្ថិតនៅឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ មន្ត្រីឧទ្យានុរក្ស បានបញ្ជាក់ថា មិនមានប្រជាជនណាបានមកដល់កន្លែងនេះនៅឡើយទេ ព្រោះទីតាំងស្ថិតក្នុងព្រៃស្រោង ឆ្ងាយពីភូមិ ផ្លូវលំបាកខ្លាំង។
២. ចំណែកនៅខេត្តបាត់ដំបងវិញ គឺមានការរកឃើញវត្ថុប្រើប្រាស់ និងសពមនុស្សអាយុកាលរាប់ពាន់ឆ្នាំ នៅក្នុងល្អាងស្ពានដែលមានអាយុកាលប្រហែល ៧ពាន់ឆ្នាំ។ ល្អាងនេះ ស្ថិតនៅក្នុងភ្នំទាក់ទ្រាំង (ពីមុនឈ្មោះភ្នំនាគត្រង់) ភូមិគីឡូ៣៨ ស្រុករតនៈមណ្ឌល។ លោក ហេង សុផាឌី អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ថា ក្រុមអ្នកស្រាវជ្រាវ កម្ពុជា និងបារាំង បានប្រទះឃើញសកម្មភាពក្នុង ៣ដំណាក់កាល៖
ទី១- ដំណាក់កាលថ្មបំបែក ស្ថិតក្នុងជម្រៅជ្រៅ និងមានអាយុកាលប្រហែល ៧ម៉ឺនឆ្នាំ។
ទី២- ដំណាក់កាលថ្មបំបែកមួយទៀត ដែលភាសាបច្ចេកទេសហៅថា វប្បធម៌ហាវប៊ិនញៀន ដោយរកឃើញរបស់របរប្រើប្រាស់ ដូចជា ឧបករណ៍ថ្មបំបែក ថ្មរំលីង ភាជន៍ គ្រឿងលម្អកាយ (អង្កាំ និងកងដៃធ្វើពីថ្ម និងបន្តោងខ្សែកធ្វើពីចង្កូម) និងសំណល់ឆ្អឹងសត្វ មានអាយុកាលពី ៥ពាន់ ទៅ ១ម៉ឺនឆ្នាំ។
ទី៣- ដំណាក់កាលរកឃើញកន្លែងកប់សព មានន័យថា ក្រោយពីវប្បធម៌ថ្មបំបែក មនុស្សមួយក្រុមទៀត ដែលស្ថិតក្នុងយុគថ្មរំលីង ចេះធ្វើកសិកម្ម លែងរស់នៅក្នុងល្អាងនេះ ហើយបានយកល្អាងស្ពានធ្វើជាកន្លែងកប់សព។ រហូតមកដល់ពេលនេះ ក្រុមស្រាវជ្រាវបានរកឃើញសពចំនួន ៦ហើយ ដោយផ្នូរនីមួយៗមានអាយុ ៣ពាន់ឆ្នាំ៕