កម្ពុជា-តួកគី ឯកភាព​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ឲ្យ​ឈាន​ដល់​១ពាន់​លាន​ដុល្លារ

  • 2018-10-22 03:10:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្នាក់​ដឹកនាំ​កម្ពុជា និង តួក​គី បាន​ដាក់​ទិសដៅ​ក្នុង​ការ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ឲ្យ​ឈាន​ដល់ ១ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ពេល​ដ៏​ខ្លី​ខាងមុខ។ ការ​ឯកភាព​នេះ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ការ​ជួប​ពិភាក្សា​ការងារ​កំពូល​ទ្វេភាគី​ទល់​មុខ​គ្នា​ រវាង​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក​ប្រធានាធិបតី​តួកគី រ៉េជីប ថាយ៉ីបអ៊ែដ៏រ៉ាន នៅ​ក្រុង​អ៊ីស្ដានប៊ុល កាលពី​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០១៨​។

សម្ដេច ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីតួកគី រ៉េជីប ថាយ៉ីបអ៊ែដ៏រ៉ាន នៅ​ក្រុង​អ៊ីស្ដានប៊ុល កាលពី​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០១៨​ (រូបថត៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ហ៊ុន សែន)

លោក តួកគី រ៉េជីប ថាយ៉ីបអ៊ែដ៏រ៉ាន បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ តួកគី​បាន​បើក​ស្ថាន ឯក​អគ្គ​រដ្ឋ​ទូត​របស់​ខ្លួន​នៅ​កម្ពុជា នោះ​គឺ​ជា​សូចនាករ​បង្ហាញ​ពី​សារសំខាន់​ចំពោះ​កម្ពុជា។ ជាមួយ​នឹង​ទិសដៅ​នៃ​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​មាន​ការ​កើន​ឡើង​រហូត​ដល់​១ពាន់​លាន​ដុល្លារ នៅ​ពេល​ខាង​មុខ លោក​ប្រធានាធិបតី និង​សម្ដេច​នាយករដ្ឋ​មន្រ្តី បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​ផ្នែក​ធុរកិច្ច នៃ​ប្រទេស​ទាំងពីរ ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​គ្នា ក្នុង​ការ​បណ្ដាក់​ទុន​វិនិយោគ លើ​វិស័យ​អាទិភាព​ចំពោះ​មុខ​របស់​កម្ពុជា ពិសេស​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​នៅ​កម្ពុជា​។

ក្នុង​ជំនួប​ពិភាក្សា​ថ្នាក់​កំពូល​នោះ​ដែរ មេដឹកនាំ​ទាំងពីរ​បាន​ធ្វើការ​ពិភាក្សា​គ្នា​ទៅលើ​ការ​ជំរុញ​កំណើន​នៃ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ តាម​រយ: ការ​បើក​ឲ្យ​មាន​ការ​ហោះហើរ​ត្រង់​ ​ទៅ​វិញ​ទៅ​មក ក្រៅពី​ការ​ដឹក​ជញ្ជូន​ទំនិញ​នា​ពេល​បច្ចុប្បន្ន ឲ្យ​ក្លាយ​ទៅ​ជា​ការ​ដឹក​ជញ្ជូន​អ្នកដំណើរ និង​ភ្ញៀវ​ទេសចរ សម្រាប់​ប្រទេស​ទាំង​ពីរ នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​។

សូម​រំលឹក​ថា កាលពីឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ទំហំ​ត្រឹមតែ ៧៥លាន​ដុល្លារ​តែប៉ុណ្ណោះ៕

អត្ថបទ៖ លាភ.

;