កម្ពុជា ស្នើសុំបន្ត​កិច្ចសហការ និង​ជំនួយ​ពី ADB លើ​វិស័យ​ថាមពល

  • 2018-11-29 02:55:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល បាន​ស្នើ​ស្នើឱ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​ លើការ​ជំរុញ​ថាមពល​កកើត​ឡើងវិញ ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស បច្ចេកទេស​ថ្មីៗ និង​សិក្សា​រុករក​ប្រភព​ថាមពលថ្មី​ ក្រៅពីអ្វី​ដែលកម្ពុជា​មាន​នា​ពេលបច្ចុប្បន្ន។ សំណើនេះ ត្រូវបានលើកឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​លោក ស៊ុយ សែម និង​លោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំ​នៅ​កម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ទីស្តីការ​ក្រសួង​រ៉ែ និង​ថាមពល។

ជាមួយ​គ្នានេះ លោក ស៊ុយ សែម ក៏បាន​ស្នើសុំ ADB ផ្តល់ជា​ឥណទាន​ក្នុង​អត្រា​ការប្រាក់​ទាប ឬជា​ជំនួយ(Grand) ដើម្បី​ពង្រីក​បន្ថែម​នូវ​ខ្សែ​បញ្ជូន ខ្សែ​បញ្ជូន​រង ខ្សែ​ចែកចាយ​តង់ស្យុង​មធ្យម និង​អនុស្ថានីយ៍​ជាដើម។

​ក្នុង​ជំនួប​នេះ លោករដ្ឋមន្រ្តី​បាន​លើកឡើង​ថា សព្វថ្ងៃនេះ​កម្ពុជា បាន​តភ្ជាប់​ផ្គត់ផ្គង់​អគ្គិសនី​ដល់ភូមិ​បាន ៨៦,៨៥​ភាគរយ និង​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង ៧៣​ភាគរយ​ នៅ​ទូទាំង​ប្រទេស​ដែល​ក្នុងនោះ​ក៏មាន​ការ​ចូលរួម​ចំណែក​ដ៏មាន​តម្លៃ​របស់ ADB ផងដែរ ដែល​បាន​ជួយ​កសាង​ខ្សែ​បញ្ជូន ខ្សែ​បញ្ជូន​រង ខ្សែចែកចាយ​តង់ស្យុង​មធ្យម និង​អនុស្ថានីយ៍​នៅតាម​បណ្តា​ខេត្ត​នានា​ជាច្រើន។

លោកស្រី SUNNIYA DURRANI-JAMAL ពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ុយ សែម កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
ជាការ​ឆ្លើយតប លោកស្រី SUNNIYA DURRANI-JAMAL បានមាន​ប្រសាសន៍​ថ្លែងនូវ​ការកោត​សរសើរ​ចំពោះ​ការ​រីកចម្រើន​លើការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា និង​រីករាយ​ពិនិត្យ​លទ្ធភាព​ជួយ ព្រមទាំង​នឹង​ជំរុញ​វិស័យ​ឯកជន​មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ផងដែរ។

បើតាម​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងរ៉ែ និង​ថាមពល លោក ចនណា វិកទ័រ ទៅកាន់​សារព័ត៌មាន​ Reuters កាលពី​ពេលថ្មីៗ​នេះ ឱ្យដឹង​ថា កម្ពុជា​នឹង​ជំរុញ​ផែនការ​ប្រើប្រាស់​ថាមពល​អគ្គិសនី ដែល​ផលិត​ចេញពី​ទំនប់​វារីអគ្គិសនី និង​ធ្យូងថ្ម​សម្រាប់​ផ្គត់ផ្គង់​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០២០​ខាងមុខ។

លោក​បន្ត​ថា ថាមពល​អគ្គិសនី ដែល​បាន​មកពី​ទំនប់​វារីអគ្គិសនី​មាន​ចំនួន​៤០% បាន​មក​ពី​ការប្រើប្រាស់​ធ្យូងថ្ម មាន​ចំនួន​៣៦​ភាគរយ ហើយ​គម្រោង​បន្ថែម​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាងសង់​នៅឡើយ។ ក្រៅ​ពី​នេះ​ទៀត ការប្រើប្រាស់​អគ្គិសនី​គឺ​ទិញ​មកពី​ប្រទេសជិតខាង។ លើសពីនេះ ​រោងចក្រ​ផលិត​អគ្គិសនី​កម្លាំង​៦០​ម៉េហ្កាវ៉ាត់ ផលិត​ចេញពី​ប្រព័ន្ធ​សូឡា​ពន្លឺ​ព្រះអាទិត្យ​ក្នុង​ខេត្ត​កំពង់ស្ពឺ ក៏​នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ឆ្នាំ​២០១៩ ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;