អាល្លឺម៉ង់ អនុវត្តគម្រោងរយៈពេល ៣ឆ្នាំនៅកម្ពុជា ជាមួយទឹកប្រាក់ជាង ៩០ម៉ឺនដុល្លារ
- 2018-11-30 04:45:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាល្លឺម៉ង់ អនុវត្តគម្រោងរយៈពេល ៣ឆ្នាំនៅកម្ពុជា ជាមួយទឹកប្រាក់ជាង ៩០ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
អាល្លឺម៉ង់ មានទិសដៅ និងផែនការអនុវត្តគម្រោងដែលមានរយៈពេល ៣ឆ្នាំនៅកម្ពុជា គិតពីដើមឆ្នាំ២០១៨ ដល់ចុងឆ្នាំ២០២០ ជាមួយទឹកប្រាក់ ៨០ម៉ឺនអឺរ៉ូ (ជាង ៩១ម៉ឺនដុល្លារអាមេរិក)។ នេះបើតាមការលើកឡើងរបស់លោកស្រី Nitja Rehani អ្នកសម្របសម្រួលគម្រោងនៃអង្គការ PTB អាល្លឺម៉ង់ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។
-ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI)។
-ការលើកកម្ពស់ក៏ដូចជាពង្រីកវិសាលភាព ការផ្តល់សេវាទាក់ទង និងហេដ្ឋារចនាសម្ព័ន្ធគុណភាព ទៅលើអង្គភាពពាក់ព័ន្ធដូចជាមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ វិទ្យាស្ថានស្តង់ដារកម្ពុជា នាយកដ្ឋានវាយតម្លៃទទួលស្គាល់ និងមជ្ឈមណ្ឌលមន្ទីរពិសោធន៍កម្ពុជា។
-និងការកំណត់វិភាគហេដ្ឋារចនាសម្ព័ន្ធគុណភាព (QI) ដែលមានការពាក់ព័ន្ធទៅនឹងតម្លៃសង្វាក់ផលិតកម្ម នៃការនាំចេញផលិតផលកសិកម្ម ដូចជាផលិតផលដំឡូងមីជាដើម។
ជាមួយគ្នានេះ ប្រតិភូរបស់ PTB អាល្លឺម៉ង់ បានបង្ហាញនូវទឹកចិត្តរីករាយ ចំពោះកិច្ចសហការដ៏ល្អរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយ PTB ជាពិសេសលោកទេសរដ្ឋមន្រ្តីផ្ទាល់ មានការយកចិត្តទុកដាក់ខ្ពស់ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិនេះ។
យ៉ាងណាក៏ដោយ ប្រតិភូ PTB ក៏បានស្នើឱ្យជំរុញល្បឿន និងស៊ីសង្វាក់គ្នាលើការងារ ការកំណត់ទិសដៅជាអាទិភាព ស្វែងយល់ពីភាពខ្វះចន្លោះ និងការងារជាន់ភារកិច្ចគ្នាជាដើម។ ក្នុងនោះការផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍធនធានមនុស្ស ក៏ជាកត្តាដែលត្រូវយកចិត្តទុកដាក់ផងដែរ ។
ជាការឆ្លើយតប លោក ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អ ព្រមទាំងថ្លែងអំណរគុណដល់ PTB បន្ទាប់ពីបានចុះហត្ថលេខាជាមួយគ្នា កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨កន្លងមក គឺ PTB បានបំពេញការងារបានមួយចំនួនជាវិជ្ជមាន មានដូចជា៖ការបញ្ជូនអ្នកជំនាញការ មកផ្តល់ប្រឹក្សាយោបល់លើការងារបច្ចេកទេសរបស់ខ្លួន និងផ្តល់ឧបករណ៍ខ្លះសម្រាប់ដំណោះស្រាយការងារក្នុងមន្ទីរពិសោធន៍ផងដែរ។
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា កម្ពុជា មានសេដ្ឋកិច្ចពឹផ្អែកលើការនាំចេញ តាមរយៈភាពអនុគ្រោះពាណិជ្ជកម្ម ដែលកម្ពុជាទទួលពីទីផ្សារក្រៅប្រទេស។ លោកថា ដូច្នេះការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ( NQI ) គឺមិនអាចខ្វះបានទេ ដើម្បីឱ្យកម្ពុជាប្រើប្រាស់សមត្ថភាពមន្ទីរពិសោធន៍របស់ខ្លួន បូករួមនឹងសក្តានុពលធនធានមនុស្ស សម្រាប់ការត្រួតពិនិត្យវាយតម្លៃភាពអនុលោម និងផ្តល់វិញ្ញាបនបត្របញ្ជាក់ទៅលើទំនិញ ឬផលិតផល ដែលត្រូវនាំចេញឲ្យស្របតាមកម្រិតស្តង់ដារ៕