ប្រវត្តិបទចម្រៀង៖ "ចម្រៀង​លា​គ្នា" លាក់​ទុក​នូវ​ភាព​សោក​សៅ​ នា​ដែន​ដី​ព្រះ​អាទិត្យ

  • 2019-05-17 08:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"ចម្រៀង​លា​គ្នា" គឺ​ជា​ស្នា​ដៃ និពន្ធ​ទំនុក​ច្រៀង និង​ដឹក​នាំ​វង់​ភ្លេង​ដោយ​លោក ម៉ក់ ឈួន និង​ផលិត​ដោយ​ក្រុម​ហ៊ុន​ថាស​ចម្រៀង​ឡាក់​សៀ សញ្ញា​អប្សរា។​ បទ​នេះ​ត្រូវ​បាន​ផលិត​ឡើង​​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ១៩៧០​ ដើម្បី​ដាក់​បញ្ចូល​នៅ​ក្នុង​ខែ្ស​ភាព​យន្ត​ចិន​​ដែល​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា​រឿង "អូន​ឈឺ​ចិត្ត​ណាស់"។

ខ្សែ​ភាព​យន្ត​ចិន​រឿង "អូន​ឈឺ​ចិត្ត​ណាស់" និយាយ​អំពី​គ្រួសារ​ក្រី​ក្រ​មួយ ដែល​មាន​កូន​ប្រុស​ស្រីពីរនាក់។ ថ្ងៃ​មួយ​បុរស​ជា​ប្តី​ បាន​លា​ប្រពន្ធ​ទៅ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ ឯ​ស្រុក​ឆ្ងាយ​។ បន្ទាប់​ពីប្តី​ចាក​ចេញ​ទៅ ស្ថាន​ភាព​គ្រួសារ​កាន់​តែ​យ៉ាប់​យ៉ឺន។ ស្ត្រី​ជា​ភរិយា បានសម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​ជា​នារី​បម្រើ​នៅ​តាម​រង្គ​សាល ដោយ​មិន​ឱ្យ​កូនៗ​ទាំង​ពីរ​ដឹង​ឡើយ​។

បុរស​ជា​ប្តី​ដែល​ទៅ​ធ្វើ​ការ​នៅ​ឯ​សមុទ្រ ក៏​មាន​គ្រោះ​ថ្នាក់ ហើយ​ត្រូវ​បាន​កូន​ស្រី​ ថៅ​កែ​ជួយ​យក​អាសារ​។ ក្រោយ​មក​បុរស​នោះ​ក៏​រៀប​ការ​ជាមួយ​កូន​ស្រី​ថៅ​កែ ដោយ​បំភ្លេច​ប្រពន្ធ​និង​កូនៗ​នៅ​ឯ​ផ្ទះ។ លុះ​ចំណេរ​ក្រោយ​មក ប្រពន្ធ​ដើម​បាន​នាំ​កូនៗ​ទៅ​រក​បុរស​នោះ តែ​បុរស​នោះ​មិន​ទទួល​ស្គាល់​នាង ​និង​កូនៗ​ឡើយ។ ដោយ​អស់​សង្ឃឹម ស្ត្រី​ជា​ប្រពន្ធ​ដើម​បាន​បី​កូន​ចាក​ចេញ​ពី​បុរស​នោះ​ទៅ។

បទ​ចម្រៀង​នេះ​មាន​ចំណង​ជើង​ថា "នរណា​មក​ស្នេហ៍​អូន" ជា​សំនៀង​របស់​អ្នក​ចម្រៀង​ចិន​ដ៏​ល្បី​ ឈ្មោះ ថេរី​សា តេង​។ ប៉ុន្តែ​ ​ចម្រៀង​នេះ​មិន​មែន​ចាប់​កំណើត​នៅ​ប្រទេស​ចិន​​នោះ​ទេ។ វា​មាន​ដើម​កំណើត​នៅ​ដែន​ដី​ព្រះ​អាទិត្យ​។

បទ​ចម្រៀង​ដើម មាន​ចំណង​ជើង​ថា Minatomachi Blues ដែល​ប្រែ​ជា​ខេមរ​ភាសា​ថា "ទី​ក្រុង​កំពង់​ផែ"។

Minatomachi Blues ច្រៀង​រៀប​រាប់​អំពី​មនោ​សញ្ចេតនា​ច្រើន​រាប់​មិន​អស់​របស់​ពួក​នាវិក និង​នារី​អូតេស តាម​ទីក្រុង​កំពង់​ផែ​នានា។ បទ​ចម្រៀង​នេះ ក៏​បាន​រៀប​រាប់​ឈ្មោះ​ទី​ក្រុង​ កំពង់​ផែ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ។

សូម​រំលឹក​ថា បទ​ចម្រៀង​នេះ​ក៏​ត្រូវ​បាន ផលិត​ឡើង​វិញ ដើម្បី​រំព្ញក​ដល់​ទីក្រុង​កំពង់ផែ​មួយ​ចំនួន​ដែល​រង​ការ​បំផ្លាញ​ដោយរ​លក​ យក្ស​ស៊ូណាមិ កាល​ពីឆ្នាំ​២០១១ កន្លង​ទៅ​នេះ ​ផង​ដែរ។

Minatomachi Blues ចេញ​លក់​នៅ​ឆ្នាំ ១៩៦៩។ បទ​ចម្រៀង នេះ ច្រៀង​ដោយ​អ្នក​ចម្រៀង​ឈ្មោះ Shinichi Mori និពន្ធ​ទំនុក​ច្រៀង​ដោយ Takeshi Fukatsu និង Rei Nakanishi និង និពន្ធ​បទ​ភ្លេង​ដោយ Kosho Inomata។

Minatomachi Blues ជា​បទ​ចម្រៀង​ល្បី​ល្បាញ​នៅ​ក្នុង​តំបន់ ហេតុ​ដូច្នេះ​ហើយ ទើប​វា​មាន​ឥទ្ធិ​ពល​ដល់​សិល្បៈ​ចម្រៀង​​របស់​ចិន និង កម្ពុជា៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;