អ្នកវិនិយោគ និងអ្នកការទូតបារាំងនៅអាស៊ានមកជួបជុំគ្នា នៅក្រុងភ្នំពេញ
- 2019-06-07 10:01:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិនិយោគ និងអ្នកការទូតបារាំងនៅអាស៊ានមកជួបជុំគ្នា នៅក្រុងភ្នំពេញ
ចន្លោះមិនឃើញ
ក្រុមទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសបារាំង បានរៀបចំវេទិកាអាស៊ានរបស់ខ្លួនជាលើកដំបូងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ និងទី៧ ខែមិថុនា ដោយមានអ្នកចូលរួមជាង១៨០នាក់។ ធុរជន និងថ្នាក់ដឹកនាំក្រុមហ៊ុន ដែលកំពុងវិនិយោគនៅក្នុងប្រទេសមួយឬច្រើននៅអាស៊ាន ឬដែលមានចំណាប់អារម្មណ៍ចំពោះតំបន់អាស៊ាន បានផ្លាស់ប្តូរមតិយោបល់គ្នាអំពីកាលានុវត្តភាពនានាសម្រាប់ក្រុមហ៊ុនបារាំង ព្រមទាំងពីយុទ្ធសាស្រ្ត និងទស្សនវិស័យបច្ចុប្បន្ន និងអនាគត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែល Sabay ទើបទទួលបាននៅរសៀលថ្ងៃនេះ។
សេចក្ដីប្រកាសរបស់ស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងទៀតថា ស្របពេលជាមួយគ្នានេះផងដែរ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅតាមប្រទេសសមាជិកអាស៊ានក៏បានមកជួបប្រជុំគ្នាជាលើកដំបូងនៅភ្នំពេញក្នុងក្របខ័ណ្ឌនៃសិក្ខាសាលាប្រចាំឆ្នាំរបស់ពួកគេ ដើម្បីពិភាក្សាអំពីការវិវឌ្ឍផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់តំបន់ និងគិតគូរពីយុទ្ធសាស្រ្តរបស់ប្រទេសបារាំងនៅអាស៊ាន។
ប្រភពដដែលបានបន្ដទៀតថា តំណាងក្រសួងអឺរ៉ុបនិងការបរទេស និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំងក៏បានអញ្ជើញមកពីទីក្រុងប៉ារីស៍ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទាំងពីរខាងលើ ជាអាទិ៍ លោក ធ្យែរី ម៉ាធូ (Thierry Mathou) ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេស ដែលបានអញ្ជើញមកកម្ពុជាជាលើកទី២ (បន្ទាប់ពី ទស្សនកិច្ចលើកទីមួយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧)។ លោកបានជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សហគ្រិន និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅតាមប្រទេសក្នុងតំបន់អាស៊ានបានជួបជុំគ្នានារាត្រីថ្ងៃព្រហស្បតិ៍ ទី៦ខែមិថុនានៅស្ថានទូតបារាំងដើម្បីចូលរួមក្នុងពិធីជប់លៀងមួយ ដោយមានការអញ្ជើញចូលរួមជាកិតិ្តយសពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ព្រឹតិ្តការណ៍ខាងលើឆ្លុះបញ្ចាំងពីសារសំខាន់នៃភាពជាដៃគូនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា ហើយនឹងរួមចំណែកពង្រឹងភាពជាដៃគូនេះបន្ថែមទៀតនាពេលខាងមុខ ៕
រូបភាព៖ ស្ថានទូតបារាំងប្រចាំក្រុងភ្នំពេញផ្ដល់ឲ្យ