ជនណាបង្ហោះសារតាមហ្វេសបុក និងប្រព័ន្ធផ្សេងៗ ប៉ះពាល់ដំណើរការប្រលងបាក់ឌុបនឹងត្រូវមានទោស
- 2019-08-18 08:25:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនណាបង្ហោះសារតាមហ្វេសបុក និងប្រព័ន្ធផ្សេងៗ ប៉ះពាល់ដំណើរការប្រលងបាក់ឌុបនឹងត្រូវមានទោស
ចន្លោះមិនឃើញ
នៅមុនមួយថ្ងៃនៃដំណើរការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) មកដល់ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡា បានព្រមានចាត់វិធានការផ្លូវច្បាស់ចំពោះជនណា ដែលបង្ហោះសារតាមហ្វេសបុក និងប្រព័ន្ធអនឡាញ ផ្សេងៗ នឹងត្រូវមានទោស។
ឯកឧត្ដម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសបានកាលថ្ងៃទី១៧ ខែសីហា ម្សិលមិញ ក្នុងឱកាសប្រជុំណែនាំនីតិវិធីដល់ប្រធានមណ្ឌល ប្រធានអប្បមាទ និងអនុរក្ស ទូទាំងខេត្តតាកែវបានព្រមានចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះជនណា ដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ឬតាមប្រព័ន្ធផ្សេងទៀត ដែលនាំឱ្យប៉ះពាល់ឬរារាំងដល់ដំណើរការប្រលងទុតិយភូមិ ពេលនោះក្រសួងអប់រំ និងដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីចាត់វិធានការណ៍តាមច្បាប់ជាជាពុំខាន។
ឯកឧត្ដមបានបន្ថែមថាការប្រលងបាក់ឌុបកន្លងមកក៏ដូចជានៅឆ្នាំនេះគឺជាកំណែទម្រង់ស៊ីជម្រៅរបស់វិស័យអប់រំស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលចង់កែប្រែឥរិយាបថឲ្យសិស្សានុសិស្ស ងាកមកទទួលខុសត្រូវប្រឹងប្រែងសិក្សាឡើងវិញ តាមរយៈសុភាសិត «អ្នកចេះគឺជាប់»។ម្យ៉ាងទៀតក៏ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជាឲ្យកាន់តែមានគុណភាពនិងដើម្បីប្រកួតប្រជែងទីផ្សារការងារនៅក្នុងតំបន់ក៏ដូចជានៅលើឆាកអន្តរជាតិផងដែរ។ ដូច្នេះជនណាដែលបង្កបញ្ហាប៉ះពាល់ ឬរារាំងដល់ដំណើរការប្រលងតាមរយៈការបង្ហោះព័ត៌មាន ចម្លើយវិញ្ញាសាប្រលងនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ឬតាមបណ្ដាញផ្សព្វផ្សាយនានា ក្រសួងអប់រំក៏ដូចជាអាជ្ញាធរ និងចាត់វិធានការណ៍តាមផ្លូវច្បាប់ជាក់ជាពុំខាន។
ឯកឧត្ដម ស៊ាន បូរ៉ាត់ ក៏បានធ្វើការណែនាំដល់លោកគ្រូអ្នកគ្រូ ដែលជាប្រធានមណ្ឌល មន្ត្រីអនុរក្សនិងមន្ត្រីអប្បមាទទាំងអស់ ត្រូវគោរពវិន័យ ដោយជៀសវាងបង្កកំហុស ដោយចេតនា ដែលនាំឱ្យមានបញ្ហាដល់ខ្លួន ជាពិសេសត្រូវធ្វើយ៉ាងណាចូលរួមរៀបចំដំណើរការប្រលងសញ្ញាប័ត្រទុតិយភូមិនេះឱ្យទទួលបានជោគជ័យនិងមានការទទួលស្គាល់បេក្ខជនប្រលង និងបងប្អូនប្រជាពលរដ្ឋផងដែរ។
ចំណែកឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការក្រើនរំលឹកដល់ លោកគ្រូ-អ្នកគ្រូ ដែលមានកាតព្វកិច្ចជាប្រធានមណ្ឌល ប្រធានអប្បមាទ និងជាអនុរក្ស ត្រូវចូលរួមធ្វើការត្រួតពិនិត្យ ឲ្យបានតឹងរឹងបំផុតចំពោះបេក្ខជនដែលចូលមកប្រលង ដោយមិនតម្រូវឲ្យនាំចូលសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រលង នឹងបន្ទប់ប្រលងជាដាច់ខាត។ កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងនេះ ទទួលខុសត្រូវចំពោះការងារតាមជំនាញរៀងៗខ្លួន មិនថាតែការចរាចរណ៍សំណៅវិញ្ញាសាចម្លើយប្រលង ការដក ហូតទុកនូវឯកសារ ឧបករណ៍គ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ អំឡុងពេលប្រលងឱ្យបានល្អប្រសើរ៕