ឧកញ៉ា គួច ម៉េងលី៖ “កូនខ្មែរមួយចំនួន អនាគតធ្វើការងារត្រឹមជាលេខាប្រចាំក្រុមហ៊ុនប៉ុណ្ណោះ”
- 2019-09-06 04:40:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ា គួច ម៉េងលី៖ “កូនខ្មែរមួយចំនួន អនាគតធ្វើការងារត្រឹមជាលេខាប្រចាំក្រុមហ៊ុនប៉ុណ្ណោះ”
ចន្លោះមិនឃើញ
“កូនខ្មែរយើងបច្ចុប្បន្នមួយចំនួន រៀនតែរបស់ណា ដែលស្រួល អង្គុយតែ ក្នុងប៉ារ៉ូ អត់ចង់លុតដុំ ទៅជំនាញ ប្រើកម្លាំង ប្រើបច្ចេកទេស ក្ដៅ ហើយឈរនៅកន្លែងវាលអីអញ្ចឹងទេ។ អ្នករៀន រៀនត្រឹមតែបរិញ្ញាប័ត្រ ម៉ាស្ទ័រៗ(Master) ហើយអត់មានជំនាញទៀត មានន័យថា ការរៀនសូត្រហ្នឹងវាស្រួលពេក”។ ទាំងនេះគឺជាការលើកឡើងរបស់លោកឧកញ៉ា គួច ម៉េងលី ស្ថាបនិកនៃវិទ្យាស្ថាន និងសាលា អន្តរទ្វីប អាមេរិកាំង ទាក់ទងទៅនឹងការសិក្សារៀនសូត្រ និងការបំពេញការងាររបស់យុវជនមួយចំនួន។
បើតាមលោកឧកញ៉ាថា យុវជនមួយចំនួននៅមានភាពខ្វះចន្លោះ ដោយមិនបានខិតខំប្រឹងប្រែងរៀនសូត្រ ឬហាត់ពុតលុតដុំខ្លួន ដុសខាត់ជំនាញបានល្អទេ ពោលគឺមានចំណូលចិត្តធ្វើអ្វីដែលងាយៗ អង្គុយតែក្នុងម៉ាស៊ីនត្រជាក់ ពុំសូវប្រើជំនាញ ឬបច្ចេកទេសខ្ពស់ឡើយ។ គុណវិបត្តិទាំងនេះ និងមិនហុចផលល្អសម្រាប់អនាគតទេ ពោលវាជារនាំងខាំងខ្ទប់យុវជនខ្លួនឯង ទាំងបច្ចុប្បន្ន និងអនាគតមិនអាចអភិវឌ្ឍន៍ជំនាញ ឬឈោងចាប់មុខតំណែងធំៗបានទេ ពោលគឺអាចកាន់ការងារតូចតាច ឬត្រឹមជាលេខា និងជាជំនួយការរបស់គេតែប៉ុណ្ណោះ។ បច្ចុប្បន្នមុខតំណែងគ្រាក់ និងមានប្រាក់ខែខ្ពស់ភាគច្រើន បានធ្លាក់លើជនបរទេសជាអ្នកក្ដោបក្ដាប់។
“ដូច្នេះប្រើការបានត្រឹមតែការងារប៉ារ៉ូ ដល់តែគេប្រើឱ្យទៅធ្វើនេះធ្វើនោះ រត់ការក្រដាសស្នាម យូរៗទៅយើងទៅតែប៉ុន្មានភាគរយហ្នឹង គេហៅថា លេខាប្រចាំក្រុមហ៊ុន យូរៗទៅជាលេខាប្រចាំប្រទេស រកអ្នកជំនាញអត់មាន។ អញ្ចឹងថ្ងៃក្រោយ អ្នកជំនាញមកពីហ្វីលីពីន មកពីវៀតណាម មកពីថៃ គេធ្វើការងារធំៗអស់។ អញ្ចឹងផលប្រយោជន៍ថ្ងៃក្រោយគេយកតែគ្នាគេមកទៀត ចំពោះជើងក្រោមអត់មានអ្នកបច្ចេកវិទ្យា ដែលធ្វើការងារទូទៅ ដែលក្នុងប្រទេសត្រូវការដូចជាជាង ជួសជុលផ្លូវ ជួសជុលរទេះភ្លើង ជួសជុលឡាន ដែលគេត្រូវការច្រើន យើងអត់មាន”។
លោកឧកញ៉ាបានបន្ថែមថា កម្ពុជាបច្ចុប្បន្ន និងទៅថ្ងៃអនាគត កំពុងខ្វះខាតក្រុមជំនាញចំនួនពីរ គឺជំនាញផ្នែកជួសជុល ផ្នែកវិស្វកម្ម ឬការងារសាងសង់ ដែលភាសាអង់គ្លេសហៅថា blue-collar ខណៈក្រុមជំនាញមួយទៀតគឺផ្ដោតលើសេវាកម្ម និងទេសចរ ភាសាអង់គ្លេសហៅថា Pink-collar។ កម្ពុជាកំពុងខ្វះខាតជំនាញនេះយ៉ាងខ្លាំង ពិសេសខេត្តសៀមរាប ដែលត្រូវបានចាត់ទុកជាខេត្តសក្ដានុពលទេសចររបស់កម្ពុជា។
“អញ្ចឹងបច្ចុប្បន្នបានត្រឹមបម្រើគេទេ បរទេសមកគេគ្រប់គ្រងសណ្ឋាគារ គេគ្រប់គ្រងផ្ទះសំណាក់ អញ្ចឹងទៅ យើងបានត្រឹមជាលេខា អ្នកបម្រើគេ។អញ្ចឹងរាល់ថ្ងៃកូនខ្មែរយើងកំពុងធ្វើការងារជាលេខាប្រចាំក្រុមហ៊ុន ហើយអ្នកជំនាញធំៗគឺជាជនបរទេស អ្នកធ្វើការងារបច្ចេកទេសខាងក្រោមគឺបរទេស។ អញ្ចឹងនៅខ្មែរយើងនឹងខ្វះធនធានដែលប្រើជំនាញ និងចំណេះដឹង រាល់ថ្ងៃការងារដែលយើងធ្វើភាគច្រើនគេហៅថា ការងារប្រើចំណេះដឹងទាប ថ្ងៃក្រោយយើងមិនងាយលូតលាស់បានទេ”។
លោកឧកញ៉ាបានចង់ឲ្យនិស្សិតចាប់យក និងជ្រើសរើសជំនាញពិតប្រាកដមួយ ដែលខ្លួនចូលចិត្តដោយខិតខំប្រឹងប្រែងរៀន និងធ្វើការលើជំនាញនោះ ហើយអាចបើកជំនួញលើជំនាញនោះនៅថ្ងៃអនាគតតែម្តង។ ការជ្រើសរើសជំនាញណាមួយគួរមានការប្រឹក្សាយោបល់ពីរៀមច្បង ដែលមានបទពិសោធន៍ និងលោកគ្រូ-អ្នកគ្រូចាំ សម្រេចជាក្រោយ៕