បញ្ហាថៃដៀលខ្មែរ អំពីវីដេអូភាគទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្រសួង២នៅឆ្លើយដាក់គ្នាទៅវិញទៅមក
- 2019-10-15 07:59:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាថៃដៀលខ្មែរ អំពីវីដេអូភាគទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្រសួង២នៅឆ្លើយដាក់គ្នាទៅវិញទៅមក
ចន្លោះមិនឃើញ
ប្រមាណ២សប្ដាហ៍មកហើយ ថៃបានដៀលខ្មែរថា បានលួចយកភាពយន្តរបស់គេយកមកផលិតដោយគ្មានការអនុញ្ញាត ដែលករណីនេះ ក្រសួងពាក់ព័ន្ធ២នៅឆ្លើយដាក់គ្នាទៅវិញទៅមកនៅឡើយ។
ករណីខាងលើ គឺមានពាក់ព័ន្ធនឹងការផលិតវីដេអូវីដេអូភាគរបស់ប៉ុស្ដិ៍លេខ៥ រឿង "ពិសស្នេហ៍" ដែលរឿងនេះគឺដូចគ្នាទៅនឹងរឿងដើមរបស់គេ "ភិសវ៉ាត់"។ ការរិះគន់នោះ គឺថៃបានដាក់រូបប្រៀបស្ដីពីការសម្ដែងក្នុងសាច់រឿងក្នុងប្លង់ខ្លះ ធៀបគ្នារវាងរឿង "ភិសវ៉ាត់" និងរឿង "ពិសស្នេហ៍" ផលិតដោយប៉ុស្តិ៍លេខ ៥។
ជាមួយគ្នា គេឃើញជនជាតិថៃជាច្រើនបានចូលមកសរសេរសារតិះដៀលថា ខ្មែរមិនចេះបង្កើតថ្មី ចេះតែយករបស់គេមកផលិតដោយគ្មានការអនុញ្ញាតិពីម្ចាស់ដើមថែមទៀត។ បន្ទាប់ពីប៉ុន្មានថ្ងៃ ក្រោយផ្ទុះការរិះគន់ពីខាងថៃ ពលរដ្ឋកម្ពុជាមួយចំនួនក៏បានរិះគន់បន្ត ចំពោះទម្លាប់មិនល្អខាងលើដែលនាំឲ្យបរទេសហ៊ានមកដៀលខ្មែរទាំងមូល។
ប៉ុន្តែខ្លះទៀត បានលើកឡើងថា ត្បិតថាទូរទស្សន៍ប៉ុស្តិ៍លេខ ៥ មានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ថ្នាក់ដឹកនាំស្ថានីយប៉ុស្តិ៍លេខ៥ គឺជាជនជាតិថៃ។ ឯអ្នកដឹកនាំរឿងភាគនៃទូរទស្សន៍នេះទៀតសោត ក៏ជាជនជាតិថៃដែរ ដែលកន្លងមកបានយករឿងថៃមកផលិតឡើងវិញ ដោយឲ្យតារាខ្មែរសម្ដែងមួយចំនួនរួចមកហើយ ដោយអះអាងថា បានទិញសិទ្ធិផលិតពីស្រុកថៃមកថតឡើងវិញ។
ដូច្នេះការដែលជនជាតិថៃ មកដៀលខ្មែរទៅវិញនោះ គឺជារឿងមិនត្រឹមត្រូវ។ ចំពោះករណីនេះ លោក គួច ខេវិន បានធ្វើការរិះគន់ក្រុមផលិតរឿងដែលបង្កឲ្យបញ្ហា និងស្នើក្រសួងពាក់ព័ន្ធគួរកុំបន្តដេកលក់តទៅទៀត។ យ៉ាងណា មកដល់នឹងថ្ងៃនេះ ក្រសួង២ គឺក្រសួងវប្បធម៌ និងក្រសួង ព័ត៌មាននៅឆ្លើយដាក់គ្នានៅឡើយ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៅលើហ្វេសប៊ុករបស់លោក បានអះអាងថា ការថតភាពយន្តភាគទូរទស្សន៍ គឺពុំដែលសុំការអនុញ្ញាតថតពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នោះទេ ហើយបើទោះបីច្បាប់បានតម្រូវថា រាល់ការផ្សព្វផ្សាយភាពយន្តត្រូវមានទិដ្ឋាការពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក៏ក្រសួងព័ត៌មាន ដែលជាអ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍ មិនខ្វល់អនុវត្តតាមដែរ។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម ខៀវ កាញ៉ារីទ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឆ្លើយតបនៅលើហ្វេសប៊ុករបស់ឯកឧត្តមថា ក្រសួងព័ត៌មានមើលការខុសត្រូវតែលើប្រភេទភាពយន្តឯកសារទេ។ ដោយឡែកកុនរឿង(feature) គឺជាសមត្ថកិច្ចរបស់ក្រសួងវប្បធម៌។
អំពីបញ្ហាកើតមានក្នុងដែនសមត្ថកិច្ចគ្រប់គ្រងភាពយន្តនេះ ឯកឧត្តម ស៊ិន ច័ន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា អ្វីៗនឹងអាចប្រសើរឡើង ប្រសិនបើក្រសួងទាំងពីរ អាចអង្គុយទល់មុខគ្នា ហើយលើកយកបញ្ហាភាពយន្ត មកជជែកដោះស្រាយ។ ប៉ុន្តែទិដ្ឋភាពបែបនេះ មិនដែលកើតមានទេ រាប់ទសវត្សរ៍មកហើយ។
យ៉ាងណា ឯកឧត្តម មិនបានបង្ហើបឲ្យដឹងទេថា មូលហេតុអ្វីដែលរាំងស្ទះដល់ជំនួបការងាររវាងសាមីក្រសួងទាំងពីរលើករណីការគ្រប់គ្រងភាពយន្តនោះទេ។ ក្រោយពីមិនទាន់ដឹងថា ស្ថាប័នមួយណា រវាងក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន ដែលមានសមត្ថកិច្ចលើរឿងដែលកើតឡើង លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្ម "កថា ជ័យ" នៅថ្ងៃនេះ បានកើតទុក្ខមិនសុខចិត្ត។
លោក យ៉ាឡេង បានស្នើឲ្យមហាជនចូលរួមក្នុងការរកឲ្យឃើញអ្នកទទួលខុសត្រូវលើករណីបរទេស ចម្លងស្នាដៃបរទេសគ្នាឯង ហើយមកដៀលខ្មែរ។ ចាងហ្វាង និងជាអ្នកដឹកនាំរឿងរូបនេះ បានលើកឡើងក្នុងន័យថា ប្រសិនបើក្រសួងទាំងពីរខាងលើ សុទ្ធតែមិនមានសមត្ថកិច្ចនេះ តើរឿងភាគអ្នកណាជាអ្នកទទួលខុសត្រូវ?
“សូមជួយសៀរ(share)រកខុសត្រូវដើម្បីបកស្បែកបញ្ហានេះអោយចេញផងបងប្អូន ដើម្បីអោយវិស័យភាពយន្ត និងវប្បធម៌យើងរីកចម្រើនកុំអោយបរទេសគេមើលងាយ!”។ លោក ហ៊ុយ យ៉ាឡេង ធ្វើការអំពាវនាវ៕